សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

វិភាគ ៖ អូបាម៉ា កំពុង​ក្លាយ​ជា​តួអង្គ​​ដ៏​សំខាន់​សម្រាប់​​វិបត្តិកម្ពុជា

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក

តាម​ការ​គ្រោង​ទុក​​លោក​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក ​​បារ៉ាក់ អូបាម៉ា នឹង​មក​​ដល់​​កម្ពុជា​​ថ្ងៃ​ទី ​១៩ ​ខែ ​ វិច្ឆិកា ដើម្បី​​ចូលរួម​​កិច្ច​​ប្រជុំ​​អាស៊ាន-អាមេរិក និង អាស៊ី-បូព៌ា ​បន្ទាប់​ពី​​ដំណើរ​ទស្សនកិច្ច​​ទៅ​​កាន់​ប្រទេស​​ក្នុង​ប្លុក​អាស៊ាន​​ចំនួន​ពីរ​គឺ ​ថៃ និង ភូមា ដែល​ប្រកប​​ដោយ​វិបត្តិ។​​

បើ​ទោះ​​បី​​នៅ​ចំពោះ​មុខនា​​ពេល​នេះ​​​ប្រទេស​ភូមា​​​កំពុង​តែ​ប្រឈម​​នឹង​បញ្ហា​សាសនា​​យ៉ាង​ក្ដៅ​គគុក​នៅ​រដ្ឋ រ៉ាឃីន ដែល​បណ្ដាល​​ឲ្យ​​មាន​អ្នក​​ស្លាប់​​​​និងរងគ្រោះ​រាប់ពាន់​​នាក់​ក្ដី ប៉ុន្តែ​​បំណង​សំខាន់​​ដែល​ជម្រុញឲ្យ​​មេដឹកនាំ​អាមេរិក​​ហោះ​ទៅ​ចាប់​​ដៃ​​មេដឹកនាំ​រដ្ឋាភិបាល​ភូមាលោក ថេន សេន និង ប្រមុខ​​បក្ស​ប្រឆាំងលោកស្រី អ៊ុងសាន ត្រូវ​បាន​គេ​មើលឃើញ​​ថា ​គឺ​ជា​ផ្នែក​​ដើម្បី​​ត្រួតពិនិត្យ​​​ស្ថានភាព​​សិទ្ធិ​មនុស្ស​ និង​ ប្រជាធិបតេយ្យ​ ខណៈដែល​ប្រទេសនេះ​​ទើប​តែ​ធ្វើ​កំណែទម្រង់​​នយោបាយ​​ ងាក​​មុខ​​ទៅ​រក​​​ពិភព​លោក​ ។ គឺជាការ​ធ្វើ​កំណែទម្រង់​​ដែល​ទាក់ទាញ​​ឲ្យ​​មាន​ការ​ឃ្លាំមើល​​​ដោយ​​ប្រយ័ត្ន​ប្រយ៉ែង​បំផុត។​​

យ៉ាងណា​ក៏ដោយ​ការផ្លាស​ប្ដូរ​របត់​​នយោបាយ​​ដ៏​នឹកស្មាន​មិន​​ដល់ ​របស់​ភូមា​​ដែល​ធ្លាប់​​តែ​​គ្រប់គ្រង​​​ដោយ​របប​​យោធា ជោរជន់​ដោយ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ ងាក​មក​​បោះ​​ជំ​ហាន​​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ ​គឺពិតណាស់​ហើយថា មិនអាចកាត់ផ្ដាច់​​បាន​​ទេ ពី​​ឆន្ទះ​ចង់​​ឲ្យ​​មាន​ការ​ផ្លាស​ប្ដូរ​​របស់​មេដឹកនាំ​​ប្រទេសនេះ ក៏ ដូច​ជា​ការ​តស៊ូយ៉ាង​ស្វិតស្វាញ​​របស់​​មេដឹកនាំ​​បក្សប្រឆាំង ដែល​អាមេរិក​​​ត្រូវ​តែ​ប្រគល់​បាច់ផ្កា​​ លើក​ទឹកចិត្ត ​ដោយ​​មិន​​អាច​ខាន​​បាន ។ ពោល​​គឺ​ត្រូវ​​តែ​កៀងគរ​ពួក​អ្នក​វិនិយោគ​​​​ដើម្បី​ជម្រុញ​​ឲ្យ​មាន​​ការ​ស្ថាប​នា​សេដ្ឋកិច្ច​​ប្រទេសនេះ​​ឡើង​វិញ។
ដោយ​ឡែក​សម្រាប់​​កម្ពុជា ប្រទេស​កម្ពុជា​ដែល​ពេលនេះ​ ​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា ​កំពុង​ញាំញី​ដោយ​វិបត្តិ គឺ​ វិបត្តិ​​នៃ​​ការ​រំលោភបំពាន​​សិទ្ធិ​មនុស្ស​ និង ប្រជាធិបតេយ្យ​ ​ដែល​ទាម​ទារ​​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជាបន្ទាន់។​
គ្រាន់​តែ​ឮ​ដំណឹង​​ពី​គម្រោង​ដំណើរ​​មក​កាន់​ប្រទេស​កម្ពុជា​​របស់​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​​ពី​គណ​បក្សប្រជាធិបតេយ្យ​ ទាំង​អង្គការ​សង្គម​​ស៊ី​វិល​​ក្នុង​និង​ក្រៅ​ស្រុក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ដែល​បាន​​អះអាង​ថា ​ពួក​គេ​​ជាជនរងគ្រោះ​​ដោយ​ការ​រំលោភសិទ្ធិ បាន​​សម្ដែង​​​នូវ​​សេចក្ដី​​ត្រេកអរ ដោយ​បាន​​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ជួយ​អន្តរាគមន៏​​​ដោះ​ស្រាយ​​បញ្ហា​​របស់​ពួក​គេ។​
​ចំណែក​ឯបក្ស​ប្រឆាំង​​វិញ​​ក៏​​ដូច្នេះ​​ដែរ ពួក​គេ​​បាន​បញ្ជូន​​សារ​រួច​​ហើយ ​តាម​​រយៈស្ថាន​ទូត​អាមេរិក​ទៅ​កាន់​​លោក ​អូបាម៉ា ស្ដីពី​ស្ថានភាព​ដ៏​អាក្រក់ ​នៃ ​ការ​អនុវត្តន៏​គោល​ការណ៏​​​ប្រជាធិបតេយ្យ ​ខណៈ​មេដឹកនាំ​​របស់​គេ​ ​ត្រូវ​បាន​​តុលាការ​ដែល​គេ​ជឿ​ថា ​ជា​​​​​​ឧបករណ៏​​របស់​​បក្ស​កាន់​អំណាច​​កាត់​ឲ្យ​ជាប់​ទោស​​១២​ឆ្នាំ រួម​ទាំង​ប្រព័ន្ធ​​រៀប​ចំការបោះ​ឆ្នោត​​​ដែល​​មិន​ឯករាជ្យ ​និង សុច្ចរិត​​​ជាដើម។​
ជា​មួយ​​គ្នា​​គេ​ក៏​ជឿ​ផង​ដែរ​​ថា​​លោក អូបាម៉ា ប្រាក​ដជា​បាន​​ដឹង​រួច​មក​​ហើយ​ ពី​រឿង​រ៉ាវមិន​​ប្រក្រតី​អាក្រក់ៗ​នៅ​​កម្ពុជា តាម​​រយៈព្រឹទ្ធសមាជិក​អាមេរិក  សភា​សហគមន៏អឺរ៉ុប ព្រឹទ្ធសមាជិក​អូស្ត្រាលី  ហើយ​​ចុង​ក្រោយ​នេះ​​​គឺ​​របាយការណ៏​​របស់​អង្គការ​សិទ្ធិមនុស្ស​ យូមេនរ៉ាយវ៉ច ស្ដី​ពី​ស្ថានភាព​​សិទ្ធិ​មនុស្ស និង ការអនុវត្តន៏​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ។​ ដែល​ពួក​គេ​​សុទ្ធ​តែ​​បាន​​ផ្ញើរ​សេចក្ដី​សង្ឃឹម​យ៉ាងមុតមាំ​ចំពោះ​លោក អូបាម៉ា ឲ្យ​​ជួយ​​ដោះស្រាយ ។ ​ក្នុង​ស្ថានភាពបែបនេះ​តើវត្តមាន​របស់​​​​លោក បារ៉ាក់ អូបាម៉ា​  មាន​សារៈ​សំខាន់​អ្វី​​ដែរ​​ឬទេ សម្រាប់​រដ្ឋាភិបាល​​ខ្មែរ ?
​ខុស​ផ្ទុយ​​ពី​សេចក្ដី​ថ្លែង​បែប​ក្រអឺត​​​របស់​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិបាល​​លោក ខៀវ កាញារីទ្ធ ដែ​លថា​លោក​​បារ៉ាក់ អូបាម៉ា មិន​មែន​ជា​ចៅហ្វាយ​​របស់​កម្ពុជា ឬ ពុំ​មាន​ឥទ្ធិពលអ្វី​សម្រាប់​កម្ពុជា​​នោះ ។រដ្ឋាភិបាល​​បាន​​ប្រកាស​​ម្ដង​ហើយ​ម្ដងទៀត​​ថា ​ក្រៅ​តែ​ពីការ​ចូលរួម​​ក្នុង​កិច្ច​​ប្រជុំ​​​លោក បារ៉ាក អូបាម៉ា ​ក៏​​នឹង​ជួប​​ជាលក្ខណ​ទ្វេភាគី ជា​មួយ​​រដ្ឋាភិបាល​ផងដែរ។ ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​ការ​វិនិយោគ ។​ បែប​នេះ​បាន​សបញ្ជាក់​ឲ្យ​​ឃើញ​ថា គ្រប់​ផ្នែកទាំង​អស់​​ក្នុង​សង្គម​​ខ្មែរ​​​សុទ្ធតែ​​បាន​​ចាត់ទុក​លោក​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ជា​តួអង្គ​​ដ៏​សំខាន់ ក្នុង​ការ​​ដោះ​​ស្រាយ​បញ្ហា​​របស់​ពួក​គេ ។ ​ប៉ុន្តែ​វាប្រាក​ដ​ណាស់​​ហើយ​​ថា ប្រធានាធិបតីអាមេរិក​​​​ដែល​ទើប​​តែ​ទទួល​​បាន​ការ​គាំទ្រ​ឲ្យ​កាន់​អំណាច​ក្នុង​​អាណត្តិ​ទី​ពីរ​ទៀត​នេះ ពិត​ជា​មាន​​គោលការ​ច្បាស់​លាស់​​របស់​ខ្លួន​ នោះគឺការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​និង សិទ្ធិមនុស្ស ជាមូលដ្ឋាន​នៅកម្ពុជា ។​ដែលវាក៏ជាផ្នែកចាំបាច់​​នៃ​ការលើក​តម្លៃ​កិត្តិ​យស​​របស់ ​អាមេរិក​​ផងដែរ៕



No comments:

Post a Comment

yes