សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 20, 2012

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​លុប​ឈ្មោះ​លោក សមរង្ស៊ី ពី​បញ្ជី​បោះឆ្នោត

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​សវនាការ​សាធារណៈ លើ​បណ្ដឹង​តវ៉ា​លុប​ឈ្មោះ​
លោក សម រង្ស៊ី ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ច្រាន​ចោល​បណ្ដឹង​តវ៉ា​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា និង​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។

ចំណែក​មេធាវី​របស់​លោក សម រង្ស៊ី អះអាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​គាំទ្រ​ការ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ខុស​មាត្រា​របស់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អស់​ចិត្ត​នឹង​ការ​កាត់​សេចក្តី​នោះ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ដល់​លោក សម រង្ស៊ី ហើយ​គាំទ្រ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២។
ការ​ប្រកាស​បិទ​ផ្លូវ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​សវនាការ​សាធារណៈ​ដេញ​ដោល​ដើម​ចោទ គឺ​មេធាវី ជូង ជូងី តំណាង​ឲ្យ​លោក សម រង្ស៊ី និង​លោក ឯម សុផាត ចុង​ចោទ​តំណាង​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ប្រធាន​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក ឯក សំអុល បាន​ថ្លែង​ថា លោក ជូង ជូងី ជា​មេធាវី​តំណាង​ឲ្យ​លោក សម រង្ស៊ី ពុំ​បាន​បង្ហាញ​ភស្តុតាង​ជា​លាយលក្ខណ៍​អក្សរ ដែល​បញ្ជាក់​ថា តុលាការ​កំពូល​បាន​ទទួល​ពាក្យ​ប្ដឹង​សើរើ និង​សម្រេច​ព្យួរ​ការ​អនុវត្ត​ទោស​ឲ្យ​ស្រប​តាម​មាត្រា​៤៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នោះ​ទេ៖ «សម្រេច​មាត្រា​១ ទទួល​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ របស់​លោក​មេធាវី ជូង ជូងី ជា​តំណាង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទុក​ជា​បាន​ការ​តាម​ទម្រង់​ច្បាប់។ ប៉ុន្តែ​បដិសេធ​ចោល ដោយ​ខុស​នឹង​គតិ​ច្បាប់។ មាត្រា​២ តម្កល់​សេចក្តី​សម្រេច​លេខ​០០៨/១២ គ.ជ.ប សសរ ចុះ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ទុក​ជា​បាន​ការ​ពេញ​ទាំង​មូល។ មាត្រា​៣ សេចក្តី​សម្រេច​នេះ ប្រកាស​នា​សវនាការ​ជា​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ជា​សេចក្តី​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រាជកិច្ច»
ឆ្លើយ​តប​នឹង​សេចក្តី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មេធាវី ជូង ជូងី ជា​តំណាង​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្រៅ​សវនាការ​ថា លោក​មិន​អស់​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​បិទ​ផ្លូវ​តវ៉ា​របស់​លោក សម រង្ស៊ី នេះ​ទេ ពីព្រោះ​សំអាង​ហេតុ​ដែល​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង យក​មក​ធ្វើ​ជា​សំអាង​ក្នុង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី គឺ​អត់​ត្រឹមត្រូវ ព្រោះ​បាន​ប្រើ​ច្បាប់​បោះ​ឆ្នោត​ខុស​មាត្រា គឺ​យក​មាត្រា​ចុះ​ឈ្មោះ​បោះ​ឆ្នោត យក​ទៅ​លុប​ឈ្មោះ​លោក សម រង្ស៊ី ទៅ​វិញ។
មេធាវី ជូង ជូងី៖ «ពីព្រោះ​តុលាការ​កំពូល អត់​ទាន់​បាន​យក​សាល​ដីកា​របស់​តុលាការ​កំពូល​ទៅ​ចាត់​ចែង​អនុវត្ត​ទេ។ តែ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ទៅ​យក​សាល​ដីកា​តុលាការ​កំពូល​មក​អនុវត្ត​ដោយ​ខ្លួន​ឯង ហើយ​ចុង​ក្រោយ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​យល់​ឃើញ​ថា ការ​សម្រេច​នោះ​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ផ្អែក​ទៅ​លើ​មាត្រា​៥០ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ យក​មក​លុប​ឈ្មោះ​លោក សម រង្ស៊ី ប៉ុន្តែ​មាត្រា​៥០ នោះ ចែង​ពី​នីតិវិធី​ចុះ​ឈ្មោះ​ក្នុង​ការ​លុប​ឈ្មោះ។ យើង​អត់​អាច​យក​ច្បាប់​ចែង​ពី​នីតិវិធី​ចុះ​ឈ្មោះ ទៅ​អនុវត្ត​លុប​ឈ្មោះ​ទេ គឺ​ត្រូវ​ប្រើ​ច្បាប់​និយាយ​អំពី​នីតិវិធី​លុប​ឈ្មោះ»
ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១២ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សំអាង​លើ​សាល​ដីកា​របស់​តុលាការ​កំពូល​លេខ​៣២ ចុះ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ដែល​សម្រេច​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ។ បន្ទាប់​មក គ.ជ.ប គាំទ្រ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ដែល​បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ហើយ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​០០៨/១២ គ.ជ.ប សសរ ចុះ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ តំណាង គ.ជ.ប លោក ឯម សុផាត បាន​បំភ្លឺ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តាម​មាត្រា​៥៣ ថ្មី ដែល គ.ជ.ប ប្រគល់​សិទ្ធិ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចុះ​ឈ្មោះ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្តែ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង បាន​ប្រើ​មាត្រា​ទី​៥០ ថ្មី នៃ​ច្បាប់​បោះ​ឆ្នោត យក​ទៅ​ប្រើ​សម្រាប់​លុប​ឈ្មោះ​លោក សម រង្ស៊ី ទើប​មេធាវី​តំណាង​លោក សម រង្ស៊ី មិន​សុខ​ចិត្ត​ប្ដឹង​តវ៉ា​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៕

No comments:

Post a Comment

yes