សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 16, 2013

ថៃ​បាញ់​សម្លាប់​ខ្មែរ​តាម​ព្រំដែន​កើន​ជាង​១០០%​ក្នុង​ឆ្នាំ​២០១២

Thai
ទាហ៊ានថៃឈរយាមការពារនៅតាមព្រំដែនកម្ពុជា-ថៃ

ឧត្តរមានជ័យៈ ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​និង​រង​របួស ​ដោយ​សារ​ទាហាន​ថៃ​បាញ់​​ប្រហារ​នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​កាប់​ឈើ​គ្រញូង​បាន​កើន​ឡើង​ជាង​១០០ ភាគ​រយ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ក្នុង​ឆ្នាំ​២០១២ បើ​ទោះ​បី​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ព្រំ​ដែន ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ចាប់​តាំង​ពី​លោក​ស្រី​យីងឡាក់ បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជំនួស​លោក​អាភីស៊ីត ចាប់​តាំងពី​ឆ្នាំ​២០១១ មក​ក្តី​។
លោក​ ស៊ុន ​គង​ ប្រធាន​ការិយាល័យ​បូក​សរុប​ការ​ងារ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​១៩នាក់​ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ដោយ​សារ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ។ ចំនួន​អ្នក​ស្លាប់​នេះ​ បាន​កើន​ឡើង​ចំនួន​១៣៧​ភាគរយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​អ្នក​ស្លាប់​តែ​៨​នាក់​ប៉ុណ្ណោះ។​

លោក ស៊ុន គង បាន​បញ្ជាក់​ថា​៖​«កាល​ពី​ឆ្នាំ​២០១១​ មាន​ករណី​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​ចំនួន​ ១២​ដង និង​ឆ្នាំ​២០១២​ មាន​ចំនួន​២១​ដង។ ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លង​ដែន​លួច​ទៅ​កាប់​ឈើ នៅ​ក្នុង​ដី​ថៃ​»។ រីឯ​ចំនួន​អ្នក​របួស​វិញ​ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ​ គឺ​មាន​រហូត​ដល់​ទៅ​១០០​ភាគរយ។ លោក​ស៊ុន គង ​បន្ត​ថា​ នៅ​ឆ្នាំ​ ២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន​តែ​៨​នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​របួស ប៉ុន្តែ​ឆ្នាំ​២០១២​មាន​ចំនួន​១៦​នាក់​។
ចំណែក​ឯ​ចំនួន​ប្រជាពលរដ្ឋ​ ខ្មែរ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ទៅ​រក​ការ​ងារ​ធ្វើ​ នៅ​ក្នុង​ប្រទេស​ថៃ។ លោក​ ស៊ុន គង​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ ខ្មែរ​ចំនួន​២៦៥​ នាក់​(ស្រី​ ៩៣ នាក់) ត្រូវ​បាន​​បញ្ជូន​មក​វិញ​កាល​ពី​ឆ្នាំ ២០១១ ​នៅ​ក្នុង​ឆ្នាំ​២០១២​ មាន​៣៧៦​នាក់​(ស្រី​ ១៧៣​នាក់) គឺ​មាន​ការ​កើន​ឡើង​៤១​ភាគរយ។
ទាក់ទង​ទៅ​នឹង​ករណី​ឃាត់​ខ្លួន​ ពេល​បម្រុង​លួច​ឆ្លង​ដែន​ ទៅ​រក​កាប់​ឈើ ​និង​រក​ការ​ងារ​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​ថៃ​វិញ លោក​ឈិត​ ឈន​ អនុប្រធាន​ការិយាល័យ​សេនាធិការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​ពី​ឆ្នាំ​២០១២ ​នគរបាល​​បាន​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤ លើក​ ដែល​ស្មើ​នឹង ៣៩៣​នាក់​ក្នុង​នោះ​ស្រី​៨ ​នាក់។
លោក ឈិត​ ឈន​ បាន​គូស​បញ្ជាក់​ថា៖ «ពលរដ្ឋ​ទាំង​នោះ ​ភាគ​ច្រើន​ចង់​ឆ្លង​ដែន ទៅ​រក​កាប់​ឈើ​គ្រប់​ច្រក​ល្ហក​ ដែល​គេ​អាច​ចូល​បាន។ ក្រៅ​ពី​នោះ ​ទៅ​រក​ការងារ​ធ្វើ​ តែ​កម្លាំង​យើង​បាន​ទប់ស្កាត់ និង​ឃាត់​ខ្លួន​យក​មក​អប់រំ​ហើយ​ដោះ​លែង​វិញ»។
លោក​ស្រី​ ណា រ៉េន​ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ បាន​ធ្វើ​ការ​រិះ​គន់​នូវ​ចំណាត់​ការណ៍​របស់​សមត្ថកិច្ច​ នៅ​ក្នុង​ការ​បង្រ្កាប​ការ​ឆ្លង​ដែន​កាប់​ឈើ​ខុស​ច្បាប់ នា​ពេល​កន្លង​មក និង​ថា​ ចំនួន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​ទាហាន​ថៃ​បាញ់​ក្នុង​ឆ្នាំ ២០១២ គឺ​មាន​រហូត​ដល់​ជាង ៣០​នាក់។ លោក​បាន​បញ្ជាក់​ថា៖«រឿង​ថៃ​បាញ់ ​អ្នក​កាប់​ឈើ​ស្លាប់​នេះ ​យើង​ឃើញ​ថា​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ​ដោយ​សារ​តែ​តម្លៃ​ឈើ​គ្រញូង​ ចេះ​តែ​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ កាន់​តែ​អូស​ទាញ​ពលរដ្ឋ​ ទៅ​កាប់​ឈើ​កាន់​តែ​ច្រើន។ យើង​ឃើញ​ថា​ វា​មាន​ការ​រឹត​បន្តឹង​មែន​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​សមត្ថកិច្ច​ចាប់​បាន​តែ​ពលរដ្ឋ​ធម្មតា​។ កម្រ​ចាប់​បាន​ឈ្មួញ​ធំៗ​ណាស់»។
ក្រុម​មន្ត្រី​ខេត្ត​ឧត្តរ​មានជ័យ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​​ទេ ដោយ​ពួក​គាត់​សុំ​ឲ្យ​ទាក់​ទង​ទៅ​លោក​ស្រី​ ឯក សុវណ្ណធារៈ​ ដែល​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​វិញ​។ ប៉ុន្តែ​លោក​ស្រី​ សុវណ្ណធារៈ ​បាន​ថ្លែង​ថា លោក​ស្រី​មាន​បេសកកម្ម​នៅ​ខេត្ត​សៀមរាប មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ​បាន​ទេ។ ចំណែក​នគរបាល​ខេត្ត​ ​តាម​ច្រក​ព្រំ​ដែន ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ​ដែល​នៅ​ជាប់​ព្រំ​ដែន​ថៃ​មិន​ទាន់​មាន​របាយការណ៍​សរុប ពី​ទាហាន​ថៃ​ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​២០១២ នោះ​ទេ។
ប៉ុន្តែ លោក មួន ងា​ មន្រ្តី​យោធា​ និង​ជា​ជំនួយ​ការ​ការិយាល័យ​ទី ៣​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចន្លោះ​ពី ​៤០​ទៅ​៥០​នាក់​ ត្រូវ​បាន​ទាហានថៃ​បាញ់​របួស​ និង​ស្លាប់​នៅ​ក្នុង​ឆ្នាំ ២០១២​ បន្ទាប់​ពី​ពួក​គេ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ​។
លោក​ ពេជ្រ វណ្ណា​ ប្រធាន​ ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ មិន​បាន​បង្ហាញ​ពី​របាយការណ៍​សរុប ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា​ ករណី​ធ្វើ​ចំណាក​ស្រុក ​និង​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ ដោយ​សារ​ទាហាន​ថៃ​បាញ់​ មាន​ការ​ថយ​ចុះ​ជា​ទូទៅ។ លោក​បញ្ជាក់​ថា​៖«ពលរដ្ឋ​មិន​សូវ​បាន​យល់​ដឹង​ច្រើន​ថា​ ប្រទេស​យើង​មាន​ការងារ​ច្រើន​ទេ អ៊ីចឹង​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ថៃ។ តែ​ដោយ​សារ​មាន​ការ​ទប់ស្កាត់​ច្រើន ទើប​ការ​ឆ្លង​ដែន​ខុស​ច្បាប់​មិន​មាន​ទេ ឥឡូវ​នេះ»។
យោង​តាម​របាយការណ៍ ៦ ខែ​ ដើម​ឆ្នាំ​២០១២ ​របស់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ ចំនួន​៣៨ នាក់ របួស​១០ នាក់​បាត់​ខ្លួន​ ០១ នាក់ និង​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​១៩៤​នាក់។ លើស​ពី​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​៦៨ ៦៥៩​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​។
លោក អ៊ុំ ករុណា ប្រធាន​ទំនាក់​ទំនង​ការងារ​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ព្រំដែន​ប៉ៃលិន​ នៅ​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា​ មិន​ដែល​មាន​ករណី​ទាហាន​ថៃ​ បាញ់​ពលរដ្ឋ​ខ្មែរ​របួស ឬ​ស្លាប់ កើត​ឡើង​នៅ​ក្នុង​តំបន់​ព្រំដែន​នោះ​ទេ។ លោក​បញ្ជាក់​ថា​៖​ «យើង​ខំ​ទប់​ស្កាត់​សម្បើម​ណាស់​សព្វ​ថ្ងៃ​នេះ​។ មួយ​វិញ​ទៀត​ ច្រក​ខ្ញុំ​ ក៏​មិន​សូវ​មាន​ប្រជាពលរដ្ឋ ឆ្លង​កាត់​ច្រើន​នោះ​ដែរ។ ដូច​នេះ វា​មិន​សូវ​មាន​បទ​ល្មើស​កើត​ឡើង​ទេ»។
នា​ពេល​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​កំណត់​ទូត​ជា​ច្រើន​លើក ទៅ​រដ្ឋាភិបាល​ថៃ ស្នើ​ឲ្យ​បញ្ឈប់​ការ​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ ខុស​ច្បាប់​ ដោយ​ជំរុញ​ឲ្យ​នាំ​យក​ពួក​គេ ទៅ​ធ្វើ​ការ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​វិញ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ធ្វើ​ការ​ផ្តន្ទាទោស ​ទៅ​លើ​ទាហាន ឬ​ក៏​សមត្ថកិច្ច​ថៃ ដែល​បាន​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ផង​ដែរ​។ ប៉ុន្តែ​សំណើ​នេះ មិន​ឃើញ​មាន​ប្រសិទ្ធភាព​ទេ បើ​ទោះ​បី​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ នៅ​តាម​ព្រំ​ដែន​ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ចាប់​តាំង​ពី​លោក​ស្រី​យីងឡាក់ ដែល​ជា​ប្អូន​ស្រី​របស់​លោក​ ថាក់ ស៊ីន មិត្តភក្តិ លោក ហ៊ុន សែន បាន​ឡើង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជំនួស​លោក អាភីស៊ីត ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ក្តី​។ មន្រ្តី​ស្ថានទូត​ថៃ​នៅ​កម្ពុ​ជា​ធ្លាប់​អះ​អាង​ថា ទាហាន​ថៃ​បាញ់​ គឺ​ដើម្បី​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​លួច​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខ្លះ​មាន​អាវុធ។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​រក​វិធានការ​ដើម្បី​ទប់​ស្កាត់​បញ្ហា​ដែល​ទាហាន​ថៃ​នៅ​តែ​បន្ត​បាញ់​ ពលរដ្ឋ​ខ្មែរ​នេះ​ហើយ។​ លោក​បាន​បញ្ជាក់​ថា​៖«យើង​បាន​ និង​កំពុង​ខិតខំ​រក​វិធាន​ការ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​នេះ»៕

No comments:

Post a Comment

yes