ច្រកទ្វារព្រំដែនអន្តរជាតិខ្មែរ-ថៃ នៅចំណុចជាំសាង៉ាំ ក្នុងស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ
ចាប់តាំងពីដើមខែមករា រហូតមកដល់ពេលនេះ ទាហានឈុតខ្មៅថៃ បានចូលមកហាមឃាត់មិនឱ្យទាហានខ្មែរ ដែលប្រចាំការពារព្រំដែនច្រកជាំសាង៉ាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អាចប្រក់ខ្ទមសម្រាប់ស្នាក់នៅ មិនឱ្យអ្នកភូមិដាំបង្គោលរបងការពារដី និងមិនឱ្យប្រជាពលរដ្ឋខ្មែរ ដាក់ឥវ៉ាន់លក់ដូរនៅជាប់ច្រកចេញចូលព្រំដែន ក្នុងទឹកដីខ្មែរ ចំនួនបីលើកហើយ។
សកម្មភាពរបស់កងទាហានថៃ ទាំងនោះ អាចជាបញ្ហាដែលបង្កឱ្យកាន់តែមានភាពស្មុគស្មាញក្នុងពេលដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនៅមិនទាន់បានវាស់វែង និងបោះបង្គោលកំណត់ព្រំដែនទីនោះឱ្យបានច្បាស់លាស់នៅឡើយ។
ប្រភពពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងមន្ត្រីច្រកទ្វារព្រំដែនជាំសាង៉ាំ នៅលើខ្នងភ្នំដងរែក បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា កន្លងទៅ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនថៃ នៃស្រុកភូស៊ីង ខេត្តស៊ីសាកេត បានផ្ញើលិខិតមួយច្បាប់មកកម្ពុជា ដើម្បីឱ្យជួយហាមឃាត់អ្នកភូមិខ្មែរ កុំឱ្យដាក់ឥវ៉ាន់លក់ដូរបន្តទៀត នៅជិតច្រកទ្វារចេញចូលព្រំដែន។
មន្ត្រីកម្ពុជា ដែលធ្វើការងារពាក់ព័ន្ធនឹងព្រំដែននៅតំបន់នោះ បានឆ្លើយតបថា គេមិនអាចដោះស្រាយបញ្ហាទាំងនោះទេ មានតែរង់ចាំថ្នាក់ជាតិនៃប្រទេសទាំងពីរជជែកគ្នាប៉ុណ្ណោះ។
លោក តូច រ៉ា ជាអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែមករា ថា កាលពីព្រឹកថ្ងៃទី១៨ កន្លងទៅ លោកបានទទួលលិខិតមួយច្បាប់ពីប្រធានក្រុមការងារព្រំដែនថៃ ដែលស្នើសុំឱ្យកម្ពុជា ហាមឃាត់អ្នកភូមិខ្មែរ កុំឱ្យយកឆ័ត្រទៅបាំង និងដាក់លក់ឥវ៉ាន់នៅតាមដងផ្លូវនៃច្រកព្រំដែនតទៅទៀត។ ទីតាំងដែលទាហានថៃ ព្យាយាមហាមឃាត់មិនឱ្យលក់ដូរឥវ៉ាន់កំប៉ិកកំប៉ុក ដូចជាគមផ្ដៅ ផ្សិតក្រៀម ឬក៏ទឹកអំពៅជាដើមនោះ គឺមានចម្ងាយប្រមាណ ៣០ទៅ ៤០ម៉ែត្រ ពីព្រំដែននៅក្នុងទឹកដីខ្មែរ។
លោក តូច រ៉ា៖ «ខាងថៃ ហ្នឹង សុំឱ្យយើងកុំលក់នៅក្បែរមាត់ច្រកយើង គឺថាវាល្មើសនឹងអ៊ឹម.អូ.យូ (MOU) វាមានបញ្ហាថាវាមិនច្បាស់លាស់ ហើយក្នុងនោះវាមិនមានអីដាក់ជារោងជាបេតុងអីក៏មិនមានដែរ។ មានជារទេះ គ្នាដាក់ព្រឹកឡើងមកលក់ ល្ងាចឡើងគ្នាត្រឡប់ទៅផ្ទះវិញអស់។ បញ្ហាហ្នឹង ខ្ញុំបានជម្រាបជូនទៅវិញថា នៅទីនេះប្រជាពលរដ្ឋគាត់លក់ ដូចជាមិនមានអីធំដុំទេ។ លក់ផ្ដៅ លក់ផ្សិត លក់ទឹកផឹក លក់ទឹកអំពៅ ២-៣-៤ តូបអីហ្នឹង»។
មន្ត្រីព្រំដែនកម្ពុជា បានបញ្ជាក់ថា ទោះយ៉ាងណាគេមិនបានយកចិត្តទុកដាក់ទៅលើការស្នើរបស់ភាគីថៃ នោះទេ ដោយសារតែតំបន់ដែលថៃ ហាមឃាត់នោះ គឺនៅក្នុងការគ្រប់គ្រងរបស់ខ្មែរ មិនមែននៅក្នុងការគ្រប់គ្រងរបស់ថៃ ឡើយ។
លោក នេត ដារ៉ា ជាប្រធានច្រកទ្វារព្រំដែនជាំសាង៉ាំ បានមានប្រសាសន៍ថា ទាហានថៃ ដែលនៅទល់មុខគ្នានោះ មិនត្រឹមតែហាមឃាត់អ្នកភូមិខ្មែរ មិនឱ្យលក់ដូរជិតច្រកទ្វារព្រំដែនទេ សូម្បីតែក្រុមរបស់លោកដែលធ្វើកន្លែងសម្រាប់ការងារ ក៏ពួកគេតែងចូលមកហាមឃាត់ដែរ៖ «ម្សិលម្ង៉ៃមួយ គេមកប្រាប់ថា កុំឱ្យលក់ដូរកន្លែងផ្លូវ កុំឱ្យដាក់ឆ័ត្រដាក់អី។ ឱ្យតែយើងធ្វើអីបន្តិច គឺគេមកប្រាប់មកឃាត់ ត្រង់ខាងវាធ្វើអី យើងទៅប្រាប់ទៅឃាត់ដែរ អត់ស្ដាប់ទេ។ ដីយើងនៅរាល់តែថ្ងៃ យើងខ្វល់អី គ្រាន់តែយើងមិនធ្វើអីបានធំដុំ យើងអត់អាចប្រក់រោងលក់ដូរអីបានទេ»។
កាលពីថ្ងៃទី១៦ ខែមករា កន្លងទៅ ទាហានថៃ ឈុតខ្មៅមួយក្រុម បានចូលមកហាមឃាត់ទាហានខ្មែរ មិនឱ្យប្រក់ដំបូលខ្ទមស្នាក់នៅដែលមានចម្ងាយប្រមាណ ៥០ម៉ែត្រពីព្រំដែន ក្នុងទឹកដីខ្មែរបានទេ។
មន្ត្រីយោធាខ្មែរ បានឱ្យដឹងថា រយៈពេលជិត ២ឆ្នាំមកនេះ ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែនបានស្ងប់ស្ងាត់ ក៏ប៉ុន្តែទោះយ៉ាងណា ក្រសួងការពារជាតិកម្ពុជា នៅតែដាក់បញ្ជាឱ្យកងទ័ពត្រៀមលក្ខណៈការពារដែនទឹក និងដែនគោកនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ និងវៀតណាម បន្តទៀត។
កាលពីថ្ងៃទី១៨ ខែមករា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឲ្យកងទ័ពជើងគោក ដែលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជិតតំបន់ប្រាសាទព្រះវិហារ បន្តការត្រៀមលក្ខណៈដើម្បីទប់ទល់ក្នុងការដោះស្រាយបញ្ហាកើតឡើងនៅតាមព្រំដែន និងបន្តរក្សាមិត្តភាពល្អជាមួយភាគីថៃ ដើម្បីបញ្ចៀសការប្រឈមមុខផ្នែកយោធាណាមួយ៕
No comments:
Post a Comment
yes