សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

ស្ថានភាព​រស់​នៅ​លំបាក​របស់​ពលរដ្ឋ​ខេត្ត​កំពង់ធំ​ដែល​រង់ចាំ​ទទួល​​ដី​កសិកម្ម

១០-មករា-២០១៣៖ ផ្ទះ​នៅ​ក្នុង​ភូមិ​សិរីមង្គល ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ 
ដែល​ម្ចាស់​ចាក​ចោល​ទៅ​ប្រកប​ការងារ​នៅ​ឆ្ងាយ

ប្រជាពលរដ្ឋ​អ្នក​ភូមិ​រស់​នៅ​ក្នុង​ភូមិ​សែនសិរី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាង ៣០០​គ្រួសារ ត្អូញត្អែរ​ពី​ភាព​ក្រ​លំបាក​ក្នុង​ពេល​ពួក​គាត់​កំពុង​រង់ចាំ​ទទួល​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម ដែល​អាជ្ញាធរ​ខេត្ត​កំពង់ធំ សន្យា​ផ្ដល់​ឱ្យ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ សុខ ចាន់ឌី ឱ្យ​ដឹង​ថា គាត់​មក​រស់​នៅ​ក្នុង​ភូមិ​សែនសិរី ដែល​ជា​ភូមិ​ថ្មី​នេះ​ចូល ៤​ឆ្នាំ​ហើយ ដោយ​អាជ្ញាធរ​ខេត្ត​ចែក​ដី​ភូមិ​ឱ្យ​សង់​លំនៅឋាន មាន​ទំហំ​ក្បាល​ដី ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ។ គាត់​ថា ទោះ​ជា​បាន​ដី​ទំហំ​ប៉ុណ្ណឹង​ក្ដី គាត់​មិន​អាច​ដាំ​អ្វី​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត​ក្នុង​គ្រួសារ​ដែល​មាន​កូន ៤​នាក់ និង​ប្ដី​ពិការ​ឡើយ។
លោកស្រី សុខ ចាន់ឌី៖ «ពិបាក​ខ្លាំង​ណាស់ ខ្ញុំ​មិន​មាន​ដី​ធ្វើ​ចម្ការ​អី​នឹង​គេ។ ទីពីរ ប្ដី​ខ្ញុំ​គាត់​ពិការ​ពាក់​កណ្ដាល​ខ្លួន។ ឥឡូវ គឺ​ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ គឺ​ខ្ញុំ​សុំ​អំពាវនាវ​ឱ្យ​ជួយ​ពួក​ខ្ញុំ​ផង។ អាជ្ញាធរ​ខេត្ត សូម​ជួយ​ផ្ដល់​ដី​ឱ្យ​ពួក​ខ្ញុំ​ផង ព្រោះ​អី​ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​រាល់​ថ្ងៃ​នេះ ដែល​ខ្ញុំ​អត់​មាន​ដី​មាន​អី​នឹង​គេ»

ប្រធាន​ភូមិ​សែនសិរី លោក ហ៊ុន ឌីម៉ូ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ភូមិ​សែនសិរី និង​ភូមិ​សិរីមង្គល ជា​ភូមិ​ថ្មី​ពីរ ដែល​បង្កើត​ឡើង​ថ្មី​នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ការ​ដោះដូរ​ដី​ជា​មួយ​ពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ភូមិ​ដើម​មួយ​ហៅ​ថា បន្ទាយ​រងៀង ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ដូច​គ្នា។
លោក​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខេត្ត​បាន​យក​ដី​នៅ​បន្ទាយ​រងៀង នោះ ផ្ដល់​ទៅ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម មួយ ឈ្មោះ តាន់បៀន ហើយ​រៀបចំ​ភូមិ​ថ្មី​ជំនួស​វិញ៖ «ដំបូង​គាត់​នៅ​បន្ទាយ​រងៀង។ វា​នៅ​ខាង​កើង​ភូមិ​យើង ដែល​នៅ​សព្វ​ថ្ងៃ​នេះ។ កាល​ពី​ឆ្នាំ​២០០៩ មាន​ក្រុមហ៊ុន តាន់បៀន ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​គាត់។ ក៏​ប៉ុន្តែ​ក្រោយ​មក រដ្ឋ​ហ្នឹង​ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឱ្យ​យើង​មក​នៅ​ទីតាំង​ថ្មី នៅ​សែនសិរី នេះ»
ទាំង​លោក​មេ​ភូមិ និង​អ្នក​ភូមិ​បន្ត​ថា ក្រៅ​ពី​ដី​លំនៅឋាន​ទំហំ ២០​គុណ​នឹង ៤០​ម៉ែត្រ អាជ្ញាធរ​ខេត្ត​បាន​សន្យា​ផ្ដល់​ដី​ចម្ការ​ឱ្យ​អ្នក​ភូមិ​ចំនួន ១​ហិកតារ​ក្នុង​មួយ​គ្រួសារ។
អ្នក​ភូមិ​ខ្លះ​ទៀត​ត្អូញត្អែរ​ថា ដោយ​សារ​តែ​មិន​ទាន់​បាន​ដី ១​ហិកតារ​ក្នុង ១​គ្រួសារ ដែល​អាជ្ញាធរ​ខេត្ត​សន្យា​ផ្ដល់​ឱ្យ ៤​ឆ្នាំ​ហើយ​នោះ ធ្វើ​ឱ្យ​ពួក​គាត់​ខ្វះ​ខាត​ស្បៀង ហើយ​ត្រូវ​ទៅ​ធ្វើ​ជា​កម្មករ​គេ​ក្នុង​តំបន់​នោះ ដែល​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច និង​មិន​សូវ​មាន​ការងារ​ជាប់​លាប់។
អ្នក​ភូមិ​ឈ្មោះ រ័ត្ន សុខហេង ថ្លែង​ថា ដោយ​សារ​តែ​គាត់​មិន​មាន​ដី​ធ្វើ​ចម្ការ​បង្កបង្កើន​ផល គាត់​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ជា​កម្មករ​ចម្ការ​កៅស៊ូ​លើស​ម៉ោង រហូត​ធ្លាក់​ខ្លួន​ឈឺ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ដាច់​ស្បៀង៖ «តាម​រដ្ឋ​អំណាច អាជ្ញាធរ​ខេត្ត​គាត់​ឧបត្ថម្ភ​ឱ្យ​ពួក​ខ្ញុំ តាម​កិច្ច​សន្យា​មែន​ហ្នឹង ខ្ញុំ​អាច​ធូរធារ​ក្នុង​ជីវភាព​គ្រួសារ​ខ្លះ ព្រោះ​ខ្ញុំ​បាន​ដី​នេះ​យក​មក​ដាំដុះ​ខ្លះ ដូច​ជា ដំឡូង ពោត សណ្ដែក ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ប៉ុន្តែ​ប្រឈម​នឹង​បច្ចុប្បន្ន​នេះ រាល់​ថ្ងៃ​គឺ​ពួក​ខ្ញុំ​គ្មាន​អ្វី​ទាំង​អស់ គឺ​ដោយ​សារ​ទៅ​ស៊ី​ឈ្នួល​យួន។ ជួន​កាល មេការ​យួន​ក៏​គេ​បោក​ប្រាស់​ទៅ អត់​បាន​កម្រៃ​មក​ក្នុង​គ្រួសារ​ទេ រហូត​ដល់​ដាច់​បាយ​ក៏​មាន​ដែរ។ អ៊ីចឹង ពួក​ខ្ញុំ​រស់​នៅ​ទី​នេះ​វេទនា​ណាស់ ដែល​បាន​ដេញ​ប្ដូរ​ផ្លាស់​ពី​បន្ទាយ​រងៀង​មក​ហ្នឹង មិន​ថា​ខាង​ណា ឬ​ខាង​ណា​ទេ ឱ្យ​តែ​ប្រជាពលរដ្ឋ​នៅ​ខាង​នេះ គឺ​វេទនា​ទាំង​អស់។ ជួប​ផល​វិបាក​ទាំង​អស់​គ្នា»
អ្នក​ភូមិ​ឈ្មោះ លី ដាន ដូច​គ្នា​នឹង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ដែរ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្រៅ​ពី​ការងារ​ក្នុង​ឃុំ​ស្រុក​នេះ​មិន​គ្រប់គ្រាន់ ហើយ​មិន​មាន​ដី​ចម្ការ​ខ្លួន​ឯង មាន​អ្នក​ភូមិ​ជា​ច្រើន​ចាក​ចេញ​ពី​ភូមិ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​ឆ្ងាយ និង​នៅ​ក្រៅ​ប្រទេស​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ សម្បត្តិ ភីណា ថ្លែង​បន្ទរ​ថា មនុស្ស​ក្នុង​គ្រួសារ​របស់​គាត់​ភាគ​ច្រើន​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ពី​ព្រោះ​មិន​មាន​មុខ​របរ​អ្វី​ជាប់​លាប់​នៅ​ក្នុង​ឃុំ ដែល​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន៖ «គ្រួសារ​ខ្ញុំ ៥​នាក់​ទៅ​ថៃ។ គាត់​អត់​មាន​មុខ​របរ អត់​មាន​ដី​ចម្ការ​អី​ធ្វើ។ អ៊ីចឹង​ទាល់​តែ​ចេញ​ទៅ​ស្រុក​គេ។ ជីវភាព​វា​ទ័ល​ក្រ​ពេក។ អត់​មាន​ដី​ធ្វើ​ចម្ការ ដូច​ថា កម្លាំង​ធ្វើ​ការ​ឯ​នេះ ក៏​វា​មិន​ដល់ ចិញ្ចឹម​គ្រួសារ​មិន​គ្រប់គ្រាន់។ ជួន​កាល​ធ្វើ​បាន​មួយ​ថ្ងៃ ស្អែក​ឡើង​អត់​មាន​ការងារ​ធ្វើ។ អ៊ីចឹង វា​អត់​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម។ បើ​យើង​ទៅ​ឯ​ណោះ ធ្វើ​មួយ​ថ្ងៃ​អាច​ហូប​បាន​ពីរ​ថ្ងៃ»
មេ​ភូមិ​សែនសិរី លោក ហ៊ុន ឌីម៉ូ ថ្លែង​ថា ក្រុម​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​សែនសិរី និង​ភូមិ​មង្គលសិរី ជា​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ​ចម្ការ។ លោក​ថា នៅ​ពេល​ដែល​គាត់​មិន​ទាន់​មាន​ដី​ចម្ការ​នេះ ធ្វើ​ឱ្យ​ពួក​គាត់ ជា​ពិសេស ស្ត្រី កុមារ និង​មនុស្ស​ចាស់​ជួប​ការ​លំបាក​ខ្លាំង៖ «កសិកម្ម យើង​ត្រូវ​ការ​មាន​ដី បើ​សិន​ជា​យើង​អត់​មាន​ដី​ធ្លី​ទេ វា​លំបាក​ណាស់​ក្នុង​ការ​រស់​នៅ។ ជីវភាព​ប្រាំ​ថ្ងៃ​វា​មាន​ការ​លំបាក។ លំបាក​ទាំង​គ្រួសារ លំបាក​ទាំង​កូន​ចៅ ដែល​លំបាក​ក្នុង​ការ​ទៅ​សាលា​រៀន។ ចំពោះ​ស្ត្រី និង​កុមារ​ហ្នឹង មាន​ការ​លំបាក​ខ្លាំង ចាស់​ជរា​ដែរ។ ការ​ពិត​ទៅ រដូវ​នេះ​ជា​រដូវ​ប្រាំង។ ប្រសិន​បើ​អាជ្ញាធរ​ដោះ​ស្រាយ​ឱ្យ​បាន​លឿន​ជាង​នេះ​ទៀត ខ្ញុំ​តំណាង​ដូច​ជា​ប្រជាពលរដ្ឋ​ដែរ ដូច​ខ្ញុំ​ដែរ មាន​ការ​សប្បាយ​ចិត្ត​ដែរ។ គាត់​ទន្ទឹង​រង់ចាំ​មែន​ទែន​រឿង​ដី​ហ្នឹង ពីព្រោះ​នេះ​ជា​រឿង​អាយុ​ជីវិត​របស់​គាត់។ ការ​រស់​នៅ​របស់​គាត់​សុខ​សប្បាយ គឺ​នៅ​លើ​ដី​ហ្នឹង​ហើយ។ បើ​បាន​លឿន​ជាង​នេះ ប្រជាពលរដ្ឋ​គាត់​សប្បាយ​អរ​ជាមួយ​រដ្ឋាភិបាល ជាមួយ​តំណាង​អាជ្ញាធរ ជាមួយ​យើង​ទាំង​អស់​គ្នា ហើយ​មាន​ចិត្ត​ចូល​រួម​អភិវឌ្ឍ​មូលដ្ឋាន​ទាំង​អស់​គ្នា តាម​ការ​ណែនាំ​របស់​ថ្នាក់​មូលដ្ឋាន ក៏​ដូច​ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក»
ឆ្លើយ​តប​នឹង​ការ​ផ្ដល់​ដី​ដល់​អ្នក​ភូមិ​សែនសិរី និង​ភូមិ​សិរីមង្គល មួយ​ហិកតារ​ក្នុង ១​គ្រួសារ​នេះ អភិបាល​រង​ខេត្ត​កំពង់​ធំ គឺ​លោក អ៊ុត សំអន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ពិត​ជា​កំពុង​បំពេញ​ឯកសារ​ដាក់​ទៅ​គណៈកម្មាធិការ​ខេត្ត និង​ទៅ​ថ្នាក់​ជាតិ ដើម្បី​សម្រេច៖ «ការងារ​នេះ​យើង​បាន​ច្រើន​ហើយ នៅ​តែ​បំពេញ​បង្គ្រប់​សំណុំ​បែបបទ​ទេ។ បាទ! អត់​ឆ្ងាយ​ប៉ុន្មាន​ទេ។ កាល​មុន​យើង​គ្រោង​យក​ដី​នៅ​ក្បែរៗ​គាត់ នៅ​ក្នុង​តំបន់​តែ​មួយ ដែល​បាន​ដក​ហូត​តែ​មួយ។ ប៉ុន្តែ​ដោយ​សារ​មាន​បទ​បញ្ជា ០១​មក យើង​មិន​អាច​ដក​វិញ​ចេញ​បាន​ទេ យើង​កាត់​ឱ្យ​គាត់ វាស់​ឱ្យ​គាត់។ អ៊ីចឹង យើង​ត្រូវ​មាន​ដី​ពី​ក្រៅ​ដក​ហូត​ផ្សេង​គ្នា ហើយ​ចម្ងាយ​អាច​ថា​នៅ​តំបន់​ជាមួយ​គ្នា គ្រាន់​ជាប់​ព្រំ​ដី​ដែល​គ្រោង​ឱ្យ​គាត់​កាល​មុន។ អ៊ីចឹង វា​អាច​មាន​ចម្ងាយ​ពី​កន្លែង​គាត់​រស់​នៅ​ប្រមាណ​ប្រហែល​ជា​ខ្ទង់ ៣ ឬ ៤​គីឡូ​ម៉ែត្រ​ប៉ុណ្ណឹង»
លោក​បញ្ជាក់​ថា បញ្ហា​នេះ​លោក​ធ្លាប់​ជម្រាប​ជូន​ពលរដ្ឋ​អ្នក​ភូមិ​ខ្លះ​ហើយ កាល​ពី​ចុង​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ។
ស្ត្រី​អ្នក​ភូមិ​សិរីមង្គល មួយ​រូប ដែល​មិន​ទាន់​ទទួល​បាន​ដី​ចម្ការ​ដែរ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​ភូមិ​ទាំង​ពីរ​មិន​បាន​ទទួល​ដី​ចម្ការ​នៅ​ឆ្នាំ​នេះ​ទេ អ្នក​ភូមិ​នឹង​រឹត​ក្រ​លំបាក​ថែម​ទៀត៖ «គាត់​ថា ៦​ខែ អាច​បាន​ដី ១​ហិកតារ​ក្នុង​មួយ​គ្រួសារ។ ដល់​អ៊ីចឹង​ទៅ កន្លង​មក​ចូល​ក្បាល ៤​ឆ្នាំ​ហើយ។ គាត់​បាន​មក​ប្រជុំ​ប្រាប់​ខ្ញុំ​ច្រើន​សារ​ណាស់​មក​ហើយ។ ជិត​បានៗ​រហូត។ ប៉ុន្តែ​មិន​ដឹង​ថ្មើរ​ណា​នឹង​បាន។ អត់​មាន​ដី​ចម្ការ​រស់​នៅ​ម្ដេច​បាន? ចេះ​តែ​លិច​ទៅៗ កាន់​តែ​ក្រ ពីរ​ឆ្នាំ​ទៀត​ហើយ បើ​អត់​បាន​ដី​ចម្ការ។ ឆ្នាំ​នេះ​ក្រ​ប៉ុណ្ណេះ។ ឆ្នាំ​ក្រោយ​អត់​បាន​ដី​ចម្ការ​ទៀត កាន់​តែ​ក្រ​ទៀត»
នៅ​ក្នុង​ភូមិ​សែនសិរី និង​សិរីមង្គល មាន​សាលារៀន វត្ត និង​ផ្លូវ​គ្រួស​ក្រហម​ល្អ​បង្គួរ ផ្លូវ​ខ្វាត់​ខ្វែង ដែល​កសាង​ដោយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ កាល​ពី ៤​ឆ្នាំ​មុន។ ដី​ទំហំ ២០​គុណ​នឹង ៤០​ម៉ែត្រ ត្រូវ​បាន​ពុះ​ជា​ឡូត៍ៗ​សម្រាប់​អ្នក​ភូមិ​សង់​ផ្ទះ​រស់​នៅ។ ក៏​ប៉ុន្តែ​ស្ថានភាព​នៅ​ពេល​នេះ យើង​ឃើញ​មាន​ដី​ឡូត៍​ភាគ​ច្រើន​មាន​ព្រៃ​ស្មៅ​ដុះ​លុប​ទ្រុបទ្រុល ខ្លះ​មាន​ដាំ​ដំណាំ​បន្តិចបន្តួច មាន​ផ្ទះ​ចន្លោះៗ និង​ផ្ទះ​មួយ​ចំនួន​បាក់​រលំ ឬ​ទ្រុឌទ្រោម ព្រោះ​ម្ចាស់​ចាក​ចោល​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ស្រុក​ឆ្ងាយ។
បច្ចុប្បន្ន​នេះ ទាំង​អ្នក​ភូមិ​សែនសិរី និង​អ្នក​ភូមិ​សិរីមង្គល កំពុង​អំពាវនាវ​រក​ជំនួយ​ស្បៀង និង​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ផ្ដល់​ដី​ចម្ការ​ដល់​គាត់​ឱ្យ​បាន​ឆាប់។ ពួក​គាត់​ត្អូញ​ថា បើ​មិន​បាន​ដី​មួយ​ហិកតារ​នោះ​ទេ ពួក​គាត់​នឹង​ក្រ​លំបាក​លើស​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​ខាង​មុខ៕

No comments:

Post a Comment

yes