សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 18, 2013

ពលរដ្ឋ​១៥​ម៉ឺន​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍

៨-មករា-២០១២៖ អតីត​អ្នក​រស់​នៅ​បុរី​កីឡា មក​តាំង​ទីលំនៅ​ថ្មី នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ 
ខេត្ត​កណ្ដាល បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​បណ្ដេញ​ចេញ​ពី​លំនៅ
 កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២

សមាគម​ធាង​ត្នោត បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​ថ្មី​របស់​ពលរដ្ឋ​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ចំនួន ៥៤​កន្លែង ដោយ​សារ​គោល​នយោបាយ​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល។
សមាគម​នេះ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ចំនួន ១៥​ម៉ឺន​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ឲ្យ​ទៅ​ផ្លាស់​ទីលំនៅ​ឯ​ជាយ​ក្រុង ដែល​មាន​ចម្ងាយ​រហូត​ជាង ៥០​គីឡូម៉ែត្រ ភាគ​ច្រើន ពលរដ្ឋ​ទាំង​នោះ​បាន​វិល​ត្រឡប់​ចូល​ក្រុង​ភ្នំពេញ​វិញ ដើម្បី​សេដ្ឋកិច្ច​គ្រួសារ។
របាយការណ៍​ថ្មី​របស់​សមាគម​ធាង​ត្នោត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ដែល​គូស​បញ្ជាក់​អំពី​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ក្រោម​ចំណង​ជើង​ថា "រឿង​និទាន​នៃ​ទីក្រុង​ចំនួន​ពីរ" និង "ការ​តាំង​ទីលំនៅ​សា​ជា​ថ្មី​នៃ​អ្នក​សហគមន៍​ទីក្រុង​ភ្នំពេញ" បង្ហាញ​ពី​ទិន្នន័យ​ដែល​រាជ​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​បណ្ដេញ​ពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​នៅ​ជាយ​ក្រុង​ចាប់​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១១។

ក្នុង​ទិសដៅ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ពលរដ្ឋ​ក្រីក្រ ១៥​ម៉ឺន​នាក់ រស់​នៅ​ក្នុង​សហគមន៍ ៥៤​កន្លែង ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ ឲ្យ​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល នៅ​ឯ​ជាយ​ក្រុង។ ការ​ស្រាវជ្រាវ​របស់​សមាគម​ធាង​ត្នោត គូស​បញ្ជាក់​ថា ទីតាំង​ផ្លាស់​ទៅ​លំនៅ​ថ្មី​របស់​សហគមន៍​ទាំង​៥៤ នោះ មាន​សហគមន៍​ចំនួន​៥ ប៉ុណ្ណោះ ដែល​បាន​ផ្លាស់​ទី​លំនៅឋាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់។ ក្រៅ​ពី​នោះ មាន​សហគមន៍​ខ្លះ​ត្រូវ​ផ្លាស់​ទីលំនៅ​ចម្ងាយ​ពី ១៥​ទៅ​ជាង ៥០​គីឡូម៉ែត្រ។
ប្រធាន​សម្រប​សម្រួល​កម្មវិធី​នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម យល់​ឃើញ​ថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ មាន​ជីវភាព​ធ្លាក់​ដុនដាប​ខ្លាំង​ជាង​មុន និង​មាន​ខ្លះ​បាន​វិល​ត្រឡប់​ចូល​រាជធានី​ភ្នំពេញ​វិញ ដើម្បី​រក​ការងារ​ធ្វើ ឬ​មុខ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត។ ស្ថានភាព​របស់​ពួក​គាត់ គឺ​ផ្ទុយ​ពី​គោល​ដៅ​របស់​រាជ​រដ្ឋាភិបាល ដែល​ផ្លាស់​ទីលំនៅ​ឲ្យ​នៅ​ជាយ​ក្រុង គឺ​ដើម្បី​ជីវភាព​ពលរដ្ឋ​ប្រសើរ​ឡើង។
លោក អ៊ី សារ៉ុម៖ «ជីវភាព​គាត់​មាន​ការ​ធ្លាក់​ដុនដាប​ជំពាក់​បំណុល​គេ។ អ្នក​ខ្លះ​ក៏​វិល​ត្រឡប់​មក​រក​មុខ​របរ​នៅ​ទីក្រុង​វិញ។ នៅ​ទីក្រុង គាត់​ធ្លាប់​ប្រកប​មុខ​របរ​លក់​ដូរ ធ្វើ​សំណង់ ឬ​ក៏​ក្រុមហ៊ុន ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល ទៅ​នោះ​គាត់​ឆ្ងាយ​មែន​ទែន»
ចំពោះ​កង្វះ​ខាត​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​នៅ​ទីតាំង​ថ្មី។ គ្រួសារ​ដែល​នៅ​ទីតាំង​ថ្មី ត្រូវ​ទទួល​បាន​ប្លង់​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់ បន្ទាប់​ពី​បាន​រស់​នៅ​លើ​ទីតាំង​ថ្មី​រយៈពេល ៥​ឆ្នាំ តាម​ច្បាប់​ភូមិ​បាល។ ប៉ុន្តែ​មាន​តែ ១៣​ទីតាំង​ប៉ុណ្ណោះ ដែល​ផ្លាស់​ទី​មុន​ឆ្នាំ​២០០៧ បាន​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ឬ​ទទួល​បាន​ប្លង់​ដី។
របាយការណ៍​ទាំង​ពីរ​គូស​បញ្ជាក់​ថា "ភាព​ពិត​ជាក់ស្តែង​ដែល​ការ​អភិវឌ្ឍ​ទីក្រុង​មួយ​នេះ ផ្តល់​ប្រយោជន៍​ចំពោះ​មនុស្ស​មួយ​ក្រុម​តូច ប៉ុន្តែ​ការ​បំផ្លាញ​ដល់​ការ​រស់​នៅ​សម្រាប់​ផល​ប្រយោជន៍​រួម​គ្នា គឺ​មិន​មាន​ភាព​ត្រឹមត្រូវ ឬ​មិន​មាន​និរន្តរភាព​សម្រាប់​ទីក្រុង​ភ្នំពេញ​ទេ"។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​មករា។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ឃើញ​ថា ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ជា​ការ​ប្រសើរ​សម្រាប់​អ្នក​មាន​លុយ និង​អំណាច ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​ប៉ះពាល់​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ដែល​គ្មាន​តម្លាភាព គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «ត្រូវ​តែ​មាន​ការ​កែប្រែ ហើយ​ប្រសិន​ជា​គ្មាន​ការ​កែប្រែ​ទេ គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ហ្នឹង​ឯង អ្នក​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​សារ​តែ​ការ​អភិវឌ្ឍ​ដែល​មិន​មាន​តម្លាភាព ការ​អភិវឌ្ឍ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ដូច្នេះ​ហើយ​វា​ជា​វិប្បដិសារី​របស់​ជាតិ​យើង​ទាំង​មូល»
តាម​ទិន្នផល​ប្រមូល​ដោយ​បុគ្គលិក​សមាគម​ធាង​ត្នោត រក​ឃើញ​ថា ទីតាំង​លំនៅឋាន​ថ្មី​ដែល​បង្កើត​ឡើង​នៅ​កាន់​តែ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ស្ទើរ​តែ​មិន​មាន​សេវា​សាធារណៈ កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ មន្ទីរពេទ្យ សាលារៀន កង្វះ​បញ្ហា​អនាម័យ ការ​គ្រប់គ្រង​សំណល់ កង្វះ​ខាត​សេវាកម្ម​សង្គម និង​មិន​អាច​រក​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត។
ថ្មីៗ​នេះ ពលរដ្ឋ​រស់​នៅ​ទីតាំង​ផ្លាស់​ទីលំនៅ​ថ្មី កំពុង​ត្រូវ​ចំណាយ​ការ​បង់​ថ្លៃ​ភ្លើង​ឯកជន​ច្រើន​ជាង ៤​ដង និង​ច្រើន​ជាង​រហូត​ដល់ ១៦​ដង​សម្រាប់​ចំណាយ​លើ​ការ​បង់​ថ្លៃ​ទឹក​ឯកជន ឬ​ទឹក​ទិញ​គេ៕

No comments:

Post a Comment

yes