ជាក់ស្ដែងក្រុមហ៊ុនព្រៃសម្បទាន ណេតឆ័ររ៉ល ដែលបោះទីតាំងស្ថិតនៅតំបន់ស្រែក្រសាំងលិច ស្រែក្រសាំងកើតក្នុងភូមិសាស្ដ្រ ឃុំត្រញំងប្រាសាទ ស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចោទថា ក្រុមហ៊ុនមួយនេះ នៅតែមានចេតនាធ្វើទុក្ខបុកម្នេញមកលើពួកគាត់ដដែល ពិតមែនតែកុងត្រូល ដែលដាក់នៅក្បាលដីក្រុមហ៊ុន ត្រូវបានប្រជាពលរដ្ឋ ប្ដឹងមកថ្នាក់លើឱ្យដកចោលក៏ដោយ។
ការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គឺដោយសារតែក្រុមហ៊ុនព្រៃសម្បទាន ប្រព្រឹត្ដមិនគប្បីចាប់ប្រជាពលរដ្ឋ នូវការដឹកឈើតាមគោយន្ដ រឺក៏ដឹកអុសដែលកាប់ចេញពីតំបន់ ដែលប្រជាពលរដ្ឋរស់នៅ យកមកលក់នៅ ទីផ្សារ ហើយក្រុមហ៊ុននោះ បានចាប់ឱ្យប្រជាពលរដ្ឋ បង់លុយទើបអាចដឹកចេញបាន។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ស្រែក្រសាំង និងអាជ្ញាធរមានភូមិ មានឃុំ និងមានស្រុក រហូតដល់កងកំលាំងប្រដាប់អាវុធ ដែលសុំ មិនបញ្ចេញឈ្មោះ ដោយខ្លាចអំណាចក្រុមហ៊ុន បានប្រាប់ CEN ថា បុស្ដិ៍យាមដែលមានដាក់កុងត្រូល នៅក្បាលដីក្រុមហ៊ុន ដែលធ្វើការស្ទាក់ចាប់ដឹកអុស ដឹកឈើតិចតួចរបស់ប្រជាពលរដ្ឋ ក្រោយមកប្រជាពលរដ្ឋបាន ប្ដឹងមកថ្នាក់លើហើយក្រុមហ៊ុន ក៏បានដកកុងត្រូលនោះ ចេញពីផ្លូវរួចហើយ។
ប៉ុន្ដែទោះបីជាកុងត្រូលនោះបានដកចេញក៏ដោយ តែប្រជាពលរដ្ឋនៅតែរងគ្រោះដដែល គឺនៅពេលណាប្រជាពល រដ្ឋអារឈើស្ថិតនៅក្នុងដីកម្មសិទ្ធិស្របច្បាប់ ដែលរាជរដ្ឋាភិបាលវាស់វែង តាមរយៈយុវជនស័គ្ម្រចិត្ដ និងកាប់អុស ដែលដួលរលំ នៅតាមតំបន់ដែលប្រជាពលរដ្ឋរស់នៅ យកមកលក់នៅទីផ្សារត្រូវសន្ដិសុខក្រុមហ៊ុន ដែលឈរចាំការពារនៅក្បាលដី បានកាក់ឈើ និងអុសទាំងនោះ មិនអាចពួកគាត់ដឹកចេញឡើយ។ ក្រុមហ៊ុនគេថា ឈើ និងអុសទាំងនោះ ជាសម្បត្ដិរបស់ក្រុមហ៊ុន បើចង់ដឹកចេញ ត្រូវតែបង់លុយ ឱ្យសន្ដិសុខ ដែលឈរយាម ឱ្យក្រុមហ៊ុននោះ។
ប្រជាពលរដ្ឋ និងអាជ្ញាធរបាននិយាយទៀតថា ប្រជាពលរដ្ឋមានការឈឺចាប់ ហើយមិនដឹងធ្វើយ៉ាងម៉េច ហើយចេះតែទ្រាំ ដោយសារតែក្រុមហ៊ុនធ្វើបាប និងបានសូមសំណូមពរ មករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ តែបើមិនឮដល់នាយករដ្ឋមន្ដ្រី តែក៏សុំលឺដល់អាជ្ញាធរខេត្ដ និងក្រុមការងារ ចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ជួយអន្ដរាគមន៍ដល់ពួកគាត់ផង។
ទោះបីយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានមិនអាចសុំបំភ្លឺពីតំណាងក្រុមហ៊ុនខាងលើបានទេ ខណៈពេលដែលប្រជាពលរដ្ឋ ចោទប្រកាន់យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ បានលើកទៀតថា ដីកម្មសិទ្ធិស្របច្បាប់ ៥ហិចតា រឺ១០ហិចតា របស់ប្រជាជន គាត់មានសិទ្ធិពេញទី ក្នុងការកាប់ឈើ ច្រៀកជាក្ដារ រឺក៏ជាអុស ដឹកចេញមកលក់ ដើម្បីចិញ្ចឹមក្រពះ ដោយមិនមែនជាសមត្ថកិច្ចក្រុមហ៊ុន ជាអ្នកត្រូវចាប់ របស់ពួកគាត់ឡើយ។ ប៉ុន្ដែក្រុមហ៊ុន បែរថា ឈើទាំងនោះ ស្ថិតនៅក្នុងដីក្រុមហ៊ុននេះ ជាការបញ្ជាក់ឱ្យដឹងរបស់ពួកគាត់។
ពួកគាត់បានលើកឡើងទៀតថា ក្រុមហ៊ុនគួរណាស់តែយោគយល់ដល់ប្រជាជន ព្រោះថា ក្រុមហ៊ុន ១ថ្ងៃៗ ដឹកឈើ កាត់ផ្លូវ ដែលកំពុងកសាង និងអំណោយរបស់សម្ដេចតេជោ និងលោកជំទាវ រាប់ឡាន យកមកដាក់ក្នុងរោងម៉ាស៊ីន ដើម្បីអារលក់។ ប៉ុន្ដែប្រជាពលរដ្ឋគ្រាន់តែកាប់ឈើ ក្នុងដីរបស់ខ្លួន ហើយដឹកចេញ ត្រូវបានក្រុមហ៊ុន ធ្វើបាបពួកគាត់ទៅវិញ។
ដោយសារសកម្មភាពនេះហើយ ប្រជាជន និងអាជ្ញាធរដែនដី និយាយថា រវាងក្រុមហ៊ុនព្រៃសម្បទាន និងប្រជាជន មានគម្លាតគ្នាឆ្ងាយណាស់ ដូចមេឃ និងដី ប៉ុន្ដែបែរជាប្រជាជន នៅតែរងគ្រោះដដែល៕ - See more at: http://www.cen.com.kh/localnews/show_detail/135?token=MWNkZGVmZGNlYjMyODgwOWE4YmU2NjI1ZWU1ZjRm#sthash.hq9dHl7f.dpuf
No comments:
Post a Comment
yes