សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

គ.ជ.ប អនុញ្ញាត​ឲ្យ​បក្ស​នយោបាយ​ផ្ដល់​អនុសាសន៍​ជា​លាយលក្ខណ៍​អក្សរ

អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) 
លោក ទេព នីថា

សមាជិក​សភា​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ជួប​មន្ត្រី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពិភាក្សា​ទល់​មុខ​គ្នា ដើម្បី​ផ្តល់​អនុសាសន៍​កែលំអ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​របស់​ស្ថាប័ន គ.ជ.ប ជំរុញ​ឲ្យ​ការងារ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ មាន​យុត្តិធម៌។
ប៉ុន្តែ​មន្ត្រី គ.ជ.ប បាន​បដិសេធ​ថា គណបក្ស​នយោបាយ ឬ​សង្គម​ស៊ីវិល អាច​ផ្តល់​អនុសាសន៍​ជា​លាយលក្ខណ៍អក្សរ​ផ្ញើ​មក គ.ជ.ប ជំនួស​ការ​ផ្តល់​អនុសាសន៍​ទល់​មុខ​គ្នា ពីព្រោះ គ.ជ.ប មិន​មាន​ពេល​គ្រប់គ្រាន់។
មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តែ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ស្ថាប័ន គ.ជ.ប ជុំវិញ​សំណើ​សុំ​ផ្តល់​អនុសាសន៍​កែលំអ​ការងារ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។
មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ទទូច​ចង់​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី គ.ជ.ប ទល់​មុខ​គ្នា ប៉ុន្តែ​មន្ត្រី គ.ជ.ប បដិសេធ។

លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​នាំ​ពាក្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១៨ ខែ​មករា ថា គណបក្ស សិទ្ធិ​មនុស្ស ចង់​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទល់​មុខ​គ្នា ជា​ជាង​ធ្វើ​ជា​លាយលក្ខណ៍អក្សរ។ លោក​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​មន្ត្រី គ.ជ.ប ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ជួប​ពិភាក្សា​ផ្ទាល់​ចំពោះ​បញ្ហា​នេះ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «គ.ជ.ប ត្រូវ​ស្តាប់​យើង ហើយ​យក​ការ​ស្នើសុំ​របស់​យើង​យក​ទៅ​ពិចារណា ហើយ​បើ​សិន​ជា​អាច​ទទួល​យក​បាន សុំ​ឲ្យ​ដាក់​ចូល​ទៅ​ក្នុង​នីតិវិធី និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ទៅ វា​អត់​មាន​ខុស​អី​ទេ ព្រោះ​យើង​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អ្នក​ឈ្នះៗ​ដោយ​យុត្តិធម៌ និង​ថ្លៃថ្នូរ ហើយ​អ្នក​ចាញ់ៗ​ដោយ​អស់​ចិត្ត។ យើង​មិន​ចង់​ឲ្យ​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា​ទេ»
កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ស្នើ​ជួប​ថ្នាក់​ដឹកនាំ គ.ជ.ប នៅ​ថ្ងៃ​ទី២១ ខែ​មករា ដើម្បី​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​មន្ត្រី គ.ជ.ប បដិសេធ តែ​បក្ស​ប្រឆាំង​អាច​ជួប​ពិភាក្សា​រួម​ជាមួយ​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល ក្រោយ​ថ្ងៃ​ទី២៤ ខែ​មករា ជំនួស​វិញ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១៨ ខែ​មករា ថា គ.ជ.ប ស្វាគមន៍​រាល់​ការ​ផ្តល់​អនុសាសន៍​ពី​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល មក​ស្ថាប័ន គ.ជ.ប។ ប៉ុន្តែ​អនុសាសន៍​ទាំង​នោះ​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ​ផ្ញើ​មក​ស្ថាប័ន គ.ជ.ប ជំនួស​ការ​ស្នើ​ជួប​ពិភាក្សា​ទល់​មុខ​គ្នា។
លោក ទេព នីថា៖ «ពេល​យើង​បូក​សរុប​អនុសាសន៍​នេះ ហើយ​យើង​ពិចារណា​លើ​អនុសាសន៍​នេះ​យ៉ាង​ម៉េច។ ក្នុង​ករណី​មិន​ច្បាស់ ហើយ​សួរ​ទៅ​សាមី​គណបក្ស​ដែល​ផ្តល់​អនុសាសន៍​នេះ។ បន្ទាប់​ពី​បូក​សរុប​ហើយ បាន​យើង​អញ្ជើញ​គណបក្ស ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មក​ជួប​ប្រជុំ​ទាំង​អស់​គ្នា។ ហើយ​យើង​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​និយាយ​ពី​អនុសាសន៍​របស់​គាត់ ហើយ​យើង​ធ្វើ​ការ​បកស្រាយ​វិញ ហើយ​ពិគ្រោះ​គ្នា​ថា តើ​ចំណុច​ណា​អាច និង​ចំណុច​ណា​មិន​អាច ដោយ​ផ្អែក​លើ​ច្បាប់​ជា​ធរមាន»
លោក​ថា រហូត​មក​ដល់​ពេល​នេះ គ.ជ.ប នៅ​បន្ត​ទទួល​យក​អនុសាសន៍ ឬ​ការ​ផ្តល់​យោបល់​ផ្សេងៗ​ផ្ញើ​មក គ.ជ.ប ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ មាន​ភាព​រលូន។ លោក​ថា សង្គម​ស៊ីវិល និង​បក្ស​នយោបាយ អាច​ផ្ញើ​អនុសាសន៍​ជា​លាយលក្ខណ៍អក្សរ​មក​ស្ថាប័ន គ.ជ.ប ឲ្យ​បាន​មុន​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៣។
ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ដឹកនាំ​ស្ថាប័ន គ.ជ.ប ត្រូវ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ស្មើ​ភាព​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។
លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច = NICFEC) លោក​មាន​ប្រសាសន៍​ថា និកហ្វិច បាន​ត្រៀម​ផ្តល់​អនុសាសន៍​កែលំអ​ចំណុច​ខ្វះ​ខាត​ច្រើន​ចំណុច​ជូន​ស្ថាប័ន គ.ជ.ប ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​អព្យាក្រឹត និង​មាន​យុត្តិធម៌។
លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «ការ​គិតគូរ​ដល់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ ពិសេស​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​ឱកាស និង​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​រក​ឃើញ​ឈ្មោះ និង​ជួយ​ឲ្យ​អ្នក​ដែល​មាន​ពិការ​ភាព ឬ​ក៏​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង ចូល​រួម​ទាំង​អស់​គ្នា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ»
ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣។ ការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។ រីឯ​ការ​ឃោសនា​បោះ​ឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។
បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ គ.ជ.ប បាន​ផ្តល់​សុពលភាព​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ បញ្ជី​ឈ្មោះ​នេះ មាន​អ្នក​បោះ​ឆ្នោត​ចំនួន ៩.៦៧៥.៤៥៣​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៥.០៨១.៨៤៣​នាក់។ ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥ មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ១៩.០០៩​ការិយាល័យ​ទូទាំង​ប្រទេស៕

No comments:

Post a Comment

yes