សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​សុំ​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​ដី​ទំនាស់​ចែក​ដល់​ពួក​គាត់

ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​សហគមន៍​ភូមិ​តាពេន ភូមិ​ចំបក់បីដើម ភូមិ​ស្គន់ 
ក្នុង​ឃុំ​ត្បែង និង​ភូមិ​តានី នៃ​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប
 លើក​គ្នា​ទៅ​ជួប​ក្រុម​និស្សិត ដើម្បី​ស្នើសុំ​ឱ្យ​ចុះ​វាស់វែង​ដី​របស់​ពួក​គាត់​ដែល​
កំពុង​មាន​រឿង​ក្ដីក្ដាំ​នៅ​ឡើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៣

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​សៀមរាប ដែល​កំពុង​តាម​ឃ្លាំ​មើល​បញ្ហា​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ស្គន់ ស្រុក​បន្ទាយស្រី បាន​រំពឹង​ទៅ​លើ​និស្សិត​ស្ម័គ្រចិត្ត​វាស់​វែង​ដី​ថា គឺ​ជា​អ្នក​ដែល​អាច​បញ្ជូន​ដំណឹង​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ និង​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​បាន។
កា​រំពឹង​ទុក​នេះ នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្គន់ ឃុំ​ត្បែង ជាង ១០០​គ្រួសារ កំពុង​មាន​ទំនាស់​ដីធ្លី​ជាង ១៧០​ហិកតារ ដែល​មិន​ទាន់​មាន​ការ​ចុះ​វាស់វែង និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍​ដីធ្លី​នៅ​ក្នុង​ឃុំ​ត្បែង និង​ឃុំ​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​លើក​គ្នា​ទៅ​កន្លែង​និស្សិត​ស្ម័គ្រចិត្ត​វាស់​វែង​ដីធ្លី​ស្នាក់​នៅ​ជិត​ជើង​ភ្នំ​គូលែន កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី១៨ ខែ​មករា ដើម្បី​ស្នើសុំ​ឱ្យ​ចុះ​វាស់​វែង​ដី​របស់​ពួក​គេ ដែល​កំពុង​មាន​រឿង​ក្ដីក្ដាំ​នៅ​ឡើយ​នោះ។

សហគមន៍​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​តាពេន ភូមិ​ចំបក់បីដើម ភូមិ​ស្គន់ ក្នុង​ឃុំ​ត្បែង និង​ភូមិ​តានី នៃ​ឃុំ​រុនតាឯក ដែល​លើក​គ្នា​ទៅ​ជួប​ក្រុម​និស្សិត​នោះ គឺ​មាន​ទាំង​មេក្រូ ព្រម​ទាំង​បដា ហើយ​បាន​អំពាវនាវ​ ឱ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី ដើម្បី​ឱ្យ​ក្រុម​និស្សិត​អាច​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដ៏​ស្រប​ច្បាប់​សម្រាប់​ពួក​គេ។
អ្នកស្រី ឆិក សំបូរ គឺ​ជា​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត រស់​នៅ​ភូមិ​ស្គន់ នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី អ្នកស្រី​បាន​មាន​ប្រសាសន៍​នៅ​ពេល​ដែល​លើក​គ្នា​ទៅ​ជួប​ក្រុម​និស្សិត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី កំពុង​ត្រូវ​ការ​ជំនួយ​ពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់​វែង​ដីធ្លី ដែល​ទើប​តែ​មក​ដល់​ថ្មី ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី។
ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជាច្រើន​លើក​មក​ហើយ ចាប់​តាំង​ពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺ​អ្នក​ភូមិ​បាន​ព្យាយាម​ជួប​ជាមួយ​អាជ្ញាធរ ឃុំ ស្រុក ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ ក៏ប៉ុន្តែ​មិន​ដែល​ឃើញ​អាជ្ញាធរ​ចូល​រួម​ដោះស្រាយ​ទេ៖ «ក្នុង​ថ្ងៃ​នេះ គឺ​ខ្ញុំ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ ហើយ​ខ្ញុំ​មក​ចង់​ឱ្យ​និស្សិត​ហៅ​ចៅហ្វាយ​ស្រុក និង​មេ​ឃុំ មក​ជួប​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​ដី​ណា​ដែល​មាន​បញ្ហា​ទំនាស់​ដី​ធ្លី។ អ៊ំ​មក​នេះ គឺ​អ៊ំ​ធ្វើ​អស់​កិច្ចការ​ដាក់​លិខិត​ក៏​ដាក់ ហៅ​ចៅហ្វាយ​ស្រុក និង​មេ​ឃុំ​វិញ ទៅ​ជួយ​មើល​ដល់​ដី​ប្រជាពលរដ្ឋ​ក៏​ហៅ។ អស់​ជំនឿ​ហើយ អ៊ំ​នេះ​ពឹង​ទៅ​លើ​ប្អូនៗ​ដែល​មក​ក្រោយ​នេះ សុំ​ឱ្យ​ប្អូនៗ​ចុះ​មក និង​វាស់​ជូន​ប្រជាពលរដ្ឋ កុំ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក រងគ្រោះ​ដោយ​សារ​រឿង​ដីធ្លី»
ក្រុម​អ្នក​ភូមិ​ជាច្រើន ក៏​មាន​កង្វល់​ទៅ​លើ​បញ្ហា​ដូច​ដែល​តំណាង​របស់​ពួក​គេ​បាន​លើក​ឡើង ហើយ​គេ​ក៏​ចង់​ឱ្យ​ក្រុម​និស្សិត ជួយ​ពាំនាំ​យក​កង្វល់​ទាំង​នេះ​ទៅ​ជម្រាប​ជូន​ប្រមុខ​រដ្ឋាភិបាល។
លោក នី សារុន គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់​នៅ​ភូមិ​ស្គន់ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់​វែង​ដីធ្លី​ជាច្រើន​ខែ​មក​ហើយ នៅ​ជិត​តំបន់​ដែល​ពួក​គាត់​រស់នៅ​នោះ ក៏ប៉ុន្តែ​អ្នក​ភូមិ​របស់​គាត់​ជាច្រើន​មិន​ទាន់​បាន​វាស់​វែង​ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​ទេ។ បុរស​ដដែល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ខ្លាច​ក្រែង​មិន​អាច​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​គាត់​នៅ​ពេល​អនាគត។
លោក នី សារុន៖ «អត់​បាន​វាស់​ឱ្យ​ខ្ញុំ​ដោយ​សារ​រឿង​អី ខ្ញុំ​អត់​បាន​ដឹង​ទេ។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្ញុំ​កំពុង​តែ​មាន​កង្វល់។ តាពេន ស្គន់ ត្បែង ខ្វាវ ដី​ពាក់ព័ន្ធ វា​អត់​ទាន់​បាន​វាស់ អត់​ទាន់​បាន​ប័ណ្ណ។ អីចឹង ប្រជាជន​ទាំង​អស់​ហ្នឹង​ទុក្ខ​កង្វល់​បាន​ជា​មក ជួប​ជុំ​និស្សិត​ចុង​ក្រោយ​ហ្នឹង សុំ​សួរ​និស្សិត​ដោយ​ផ្ទាល់ តើ​ដី​ពេល​ណា ដែល​ចុះ​ដោះស្រាយ​ឱ្យ?»
តំណាង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដីធ្លី ដែល​ទើប​តែ​មក​ដល់​ថ្មី បាន​យល់​ព្រម​ជួប​ពិភាក្សា​ជាមួយ​តំណាង​អ្នក​ភូមិ​ទាំង​នោះ និង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ឯកសារ​មួយ​ចំនួន ដើម្បី​យក​មក​ឱ្យ​ពួក​គេ​ពិនិត្យ ពីព្រោះ​ពួក​គេ​ទើប​តែ​ផ្លាស់​មក​ថ្មី គឺ​មិន​ដឹង​ថា​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ទីនោះ​ទេ។
លោក ឆែ សាលីដេត ជា​ប្រធាន​ក្រុម​ទី​៣០៦​ស៊ី (306C) បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​បច្ចុប្បន្ន​ក្រុម​និស្សិត​មិន​អាច​ដោះ​ស្រាយ​ជូន​ទៅ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ចង់​បាន​នោះ​ទេ៖«ព្រោះ​អា​ហ្នឹង​គឺ​រឿង​របស់​អាជ្ញាធរ​ដែន​ដី។ គោលការណ៍​ពួក​ខ្ញុំ បើ​ខ្ញុំ​ចុះ​មក​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ គឺ​រឿង​ដី​ដែល​អត់​មាន​ទំនាស់ ឯ​ដី​របស់​ពួក​គាត់​កំពុង​តែ​នៅ​ក្នុង​តុលាការ»
លោក ចៅ ល័ក្ខវណ្ណា ជា​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា គេ​បាន​រក​ឃើញ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាម​ទារ​ឱ្យ​ក្រុម​និស្សិត​វាស់​វែង​ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នោះ មាន​ទំហំ​ប្រមាណ​ជាង ១៧០​ហិកតារ ដែល​ជា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្គន់ ផង និង​នៅ​ឃុំ​ត្បែង មួយ​ចំនួន​ទៀត​ផង។
ក្រុម​អ្នក​ភូមិ​ស្គន់ ចំនួន ១១៧​គ្រួសារ បាន​កើត​មាន​ជម្លោះ​ដីធ្លី​ទំហំ ១២០​ហិកតារ ជាមួយ​អ្នក​មាន​អំណាច​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៥ មក​ម្ល៉េះ។ កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ តុលាការ​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​អ្នកស្រី ឆិក សំបូរ និង​ប្ដី​របស់​គាត់​ឈ្មោះ វិច វី ដែល​ជា​តំណាង​អ្នក​ភូមិ​ទី​នោះ ពី​បទ​រំលោភ​លើ​ទ្រព្យ​សម្បត្តិ​ឯកជន តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា និង​បាន​ចាប់​ឃុំ​ខ្លួន​ជាច្រើន​ខែ ដោយ​សារ​តែ​តំណាង​ប្រជាពលរដ្ឋ​នោះ​បាន​ដឹកនាំ​ការ​តវ៉ា​ជម្លោះ​ដីធ្លី។
ទោះ​យ៉ាង​ណា អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​គិតគូរ​ទៅ​លើ​បញ្ហា​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​ការ​ដែល​មិន​ទាន់​អាច​ឈាន​ទៅ​ដល់​ការ​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន ដោយ​សារ​តែ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​លោក លន់ ភន់ កំពុង​ស្ថិត​ក្នុង​រឿង​ក្ដីក្ដាំ​នៅ​ឯ​តុលាការ​នៅ​ឡើយ។
អភិបាល​ស្រុក​ដដែល​បាន​បញ្ជាក់​ទៀត​ថា លោក​ធ្លាប់​បាន​ទៅ​ពិនិត្យ​មើល​ដី​ទាំង​នោះ ដោយ​ឃើញ​ថា កន្លែង​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាម​ទារ​នោះ គឺ​ផ្នែក​ខ្លះ​គាត់​មិន​ទាន់​បាន​កាន់​កាប់​នៅ​ឡើយ និង​កន្លែង​ខ្លះ​ទៀត គឺ​បាន​ជាន់​គ្នា​ជាមួយ​នឹង​ដី​លក់​ដូរ ដែល​កំពុង​មាន​ក្ដីក្ដាំ​នៅ​ឯ​តុលាការ៖ «ស្រុក​ចាំ​តែ​ដោះស្រាយ​ទេ ក៏ប៉ុន្តែ​រង់ចាំ​តុលាការ​សម្រេច​ថា​យ៉ាង​ម៉េច​សិន។ ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី គឺ​ដី​ដែល​អត់​មាន​ទំនាស់។ អីចឹង គាត់​មិន​អាច គាត់​មក​ទាម​ទារ​ខុស​លាក់ការណ៍ គាត់​ធ្វើ​ស្រែក​បញ្ជា​គេ​បញ្ជា​ឯង ទៅ​មិន​កើត​ទេ។ គាត់​មក​ធ្វើ​អីចឹង​ដូច​ជា​បង្ខំ​ឱ្យ​យើង​ទៅ​ធ្វើ​តាម​គាត់​ហើយ។ មិន​ទាន់​មាន​គោលការណ៍​ណា​ដែល​យើង​ត្រូវ​រៀបចំ គឺ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ដល់​អង្គ​សេចក្តី​សិន តើ​តុលាការ​សម្រេច​ឱ្យ​ភាគី​ខាង​ណា? ដី​ហ្នឹង បើ​អត់​មាន​ទំនាស់ ទើប​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​អាច​ទៅ​វាស់​វែង​បាន ហើយ​គណៈកម្មការ​ក៏​អត់​មាន​សិទ្ធិ ព្រោះ​រឿង​នៅ​តុលាការ»
អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​ឱ្យ​ដឹង​ថា គេ​កំពុង​ព្យាយាម​ពន្យល់​ទៅ​ដល់​ប្រជាពលរដ្ឋ អំពី​រឿង​នេះ ដើម្បី​ឱ្យ​យល់​ដឹង​កាន់​តែ​ច្រើន។ ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ស្រុក​បាន​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ឱ្យ​ជួយ​សហការ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ចំពោះ​បញ្ហា​នេះ​ផង​ដែរ៕

No comments:

Post a Comment

yes