.jpg)
ជនជាតិយួនដែលចូលមករស់នៅស្រុកខ្មែរដោយសេរី ជាការបើកដៃពីហ៊ុនសែន
លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សបឆាំង សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានជួបសម្ភាសន៍ជាមួយវិទ្យុ VOA ស្តីពីការព្រមានរបស់លោក ហ៊ុន សែន ក្នុងការបិទព្រំដែនខ្មែរ-ថៃ នៅភាគខាងលិច ។ លោកមានប្រសាសន៍ថា ការបិទនោះវាជាទម្លាប់របស់លោក ហ៊ុន សែន បើកាលណា ជិតបោះឆ្នោតខិតចូលមកដល់ លោកតែងតែបិទនិងបើកជានិច្ច ។ ប៉ុន្តែអ្នក នយោបាយខ្លះដែលស្គាល់ក្រយ៉ៅកុម្មុយនីស្តបានលើកឡើងថា លោក ហ៊ុន សែន និយាយដូចជាខឹងបែបនេះ ព្រោះលោកចង់ឱ្យប្រជាពលរដ្ឋទូទាំង ប្រទេសចាប់អារម្មណ៍អំពីព្រំដែនខាងលិច មានសារៈសំខាន់ណាស់ជាមួយ ប្រទេសថៃ ក្នុងការរកស៊ីដោះដូរទំនិញតាមបែបទីផ្សារសេរី ។
លោកស្រែកដូចជាមែនទែនថា បើភាគីថៃចេះតែបើកឬបិទ មិនឱ្យប្រជាពលរដ្ឋខ្មែរនិងថៃចេញចូលរកស៊ីជាមួយគ្នាជាច្រើនកន្លែង យ៉ាងនេះធ្វើឱ្យទំនិញកកស្ទះ ។ លោកគំរាមថា បើភាគីថៃធ្វើយ៉ាងនេះកម្ពុជានឹងបិទជាឯកតោភាគីមិនឱ្យទំនិញចេញចូល ។ ដូច្នេះ អ្នកដែលខាតបង់គឺភាគីថៃឯណោះទេ ក្នុងការនាំទំនិញចូលប្រទេសកម្ពុជាជាងពីរពាន់លានដុល្លារ ។ រីឯប្រទេសកម្ពុជាមានទំនិញ នាំចូលទៅថៃ មានតែ ពីររយលានដុល្លារប៉ុណ្ណោះ ។
តាមពិតទំនិញខ្មែរហូរចូលទៅថៃ តាមរយៈពលករចំណាកស្រុកមានចំនួនពី ៣ ទៅ ៤ពាន់លានដុល្លារ ។ លោក ហ៊ុន សែន អត់ មើលឃើញសោះ តែខ្មែរបានចំណេញមកវិញត្រឹមតែប្រាក់ខែងាប់ប្រហែលមួយពាន់លានដុល្លារ ប៉ុណ្ណោះ ។ ឧបមាថា លោក ហ៊ុន សែន បិទខាងលិចចំហខាងកើតឱ្យជនអន្តោប្រវេសន៍យួនខុសច្បាប់ហូរចូលពាសពេញស្រុកខ្មែរ តើខ្មែរបានចំណាយអ្វីខ្លះពីយួន ក្រៅពីយួននាំទំនិញចូលភាគច្រើនគេចពន្ធនោះ ? ម៉្យាងវិញទៀត ទំនិញយួនភាគច្រើនគុណភាពអន់ រួមទាំងរោងចក្រផលិតជីគីមី កសិកម្ម និងបន្លែផ្លែឈើគ្រប់ប្រភេទប្រើសុទ្ធតែជីគីមី ផលិតនៅប្រទេសយួន ។ បញ្ហានេះបើលោក ហ៊ុន សែន ខឹងគោទៅវាយរទេះ មានខ្វែងគំនិតបន្តិចបន្តួចជាមួយថៃមិនព្រមដោះស្រាយ បែរជាគំរាមបិទព្រំដែនជាឯកតោភាគី ដូច្នេះមិនខុសពីកូនមាន់គំរាមខ្លា គ្មានអ្វីទីពឹងយកឈ្នះខ្លា ក៏គម្រាមខ្លាថា បើលោកខ្លាខ្លាំងខ្ញុំដេកឱ្យស៊ីអញ្ចឹងដែរ ។ ខ្លាឃើញកូនមាន់គំរាមមិនមើលមាឌយ៉ាងនេះ ក៏មិនតមិនតបអ្វីទាំងអស់ ប៉ុន្តែគ្រាន់តែនិយាយដោយសុភាពថា ការនិយាយបែបនេះប្រយ័ត្នចចកខាំស៊ីទាំងរស់ ។
យ៉ាងណាមិញ ការបិទព្រំដែនជាឯកតោភាគីជាមួយថៃនេះ ពុំមែនថៃទេដែលត្រូវខាតបង់ គឺពលករខ្មែរជិតកន្លះលាននាក់ ដែល កំពុងលក់ពលកម្មនៅក្នុងទឹកដីថៃត្រូវប្រឈមនឹងថៃបណ្តេញចេញទាំងទឹកភ្នែក គ្មានថ្ងៃត្រឡប់ ។ ដូច្នេះកុំក្អេងក្អាងពេកសេដ្ឋកិច្ច ខ្មែររស់ដោយសារថៃ ប្រហែលជាង ៦០ ទៅ ៧០% ។ រីឯស្រុកយួន វិញគ្មានពលករខ្មែរណាម្នាក់បានឆ្លងដែនទៅស្រុកយួន ដើម្បី លក់ពលកម្មបានលុយច្រើនជាងទៅថៃឡើយ ។ ហើយយួនក៏មិនអនុញ្ញាតឱ្យខ្មែរណាទៅរកស៊ីនៅស្រុកវាដែរ ។ ផ្ទុយទៅវិញ មាន តែយួនទេ ដែលហូរចូលស្រុកខ្មែរដោយសេរី មកដណ្តើមការងារ ដណ្តើមទឹកដណ្តើមដី ដណ្តើមកាប់ព្រៃឈើដឹកទៅស្រុកវា ដណ្តើម នេសាទត្រីតាមបឹងបួរទន្លេសាប និងសមុទ្រទឹកប្រៃ និងដណ្តើមដីព្រៃតាមរយៈសម្បទានរាប់លានហិកតា កិច្ចសន្យា ៩៩ ឆ្នាំ ដណ្តើម កោះត្រល់ផ្ទៃសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រក្រឡា និងដណ្តើមអ្វីផ្សេងៗទៀតរាប់មិនអស់ ។
ប៉ុន្តែទោះជាយ៉ាងណា ការគំរាមបិទព្រំដែននៅទិសខាងលិចនេះ គឺគ្រាន់តែជាការបង្វែងដានប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្ស ប្រឆាំង ពិសេសមេដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងការចុះពង្រឹង និងចុះរៀបចំរចនាសម្ព័ន្ធសម្រាប់ឃោសនាបោះ ឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៣ខាងមុខនេះប៉ុណ្ណោះ ។ ម៉្យាងវិញទៀត យុទ្ធសាស្ត្ររបស់គណបក្សកុម្មុយនីស្ត គឺធ្វើយ៉ាងណាឱ្យប្រ ជាពលរដ្ឋ ចាប់អារម្មណ៍ទៅលើព្រំដែនខាងលិចឱ្យភ្លេចខាងកើត ។ ដើម្បីបើកផ្លូវឱ្យយួនហូរចូលមកបន្ថែមដើម្បីធ្វើប័ណ្ណបោះឆ្នោត ជូនគណបក្សកាន់អំណាចសព្វថ្ងៃ ។ ឧទាហរណ៍កាលពីខែកក្កដា ឆ្នាំ២០០៨ គណបក្សកាន់អំណាចបានធ្វើពាក្យស្នើសុំបញ្ចូល ប្រាសាទ ព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មុនបោះឆ្នោតជាងកន្លះខែ ។
ជាក់ស្តែងការបញ្ជូនសំណុំរឿងប្រាសាទព្រះវិហារយកទៅដាក់នៅអង្គការ (UNESCO) អង្គការបេតិកភណ្ឌពិភពលោកឱ្យបានមុន បោះឆ្នោត ដើម្បីស្រែកប្រកូកប្រកាសឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលទូទាំងប្រទេស ហើយប្រកាសធ្វើបុណ្យគ្រប់វត្ត ។ កាលនោះនៅឯទី ក្រុងភ្នំពេញ លោក សុខ អាន ក៏បានរៀបចំធ្វើបុណ្យអបអរសាទរយ៉ាងគគ្រឹកគគ្រេងស្រែកប្រកាសតាមវិទ្យុ និងទូរទស្សន៍រាប់សិប គ្រឿង ប្រមែប្រមូលមនុស្សគាំទ្រគណបក្សកាន់អំណាចទូទាំងប្រទេសប្រហែល ៥ ម៉ឺននាក់ ស្រែកជ័យឃោសពេញស្តាតអូឡាំពិក គួរឱ្យរំភើបម៉្យាងដែរ ។ ដូច្នេះអ្វីដែលលោក ហ៊ុន សែន បានស្រែកគំរាមបិទច្រកព្រំដែនជាមួយថៃ នៅជាប់ព្រំដែនខាងលិច នា ប៉ុន្មានថ្ងៃកន្លងមកនេះគឺជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែនក្នុងការទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋទូទាំងប្រទេសផង បង្វែង ដានគណបក្សប្រឆាំងផង និងធ្វើឱ្យពលករខ្មែរកន្លះលាននាក់នៅក្នុងទឹកដីថៃ ព្រមទាំងប្រជាពលរដ្ឋក្រីក្ររាប់លាននាក់នៅទល់ ដែនខ្មែរ-ថៃ ឱ្យមានការភ្ញាក់ផ្អើលខ្លាចបាត់បង់ការងាររកស៊ីជាមួយថៃ ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រទាំងនោះភ័យខ្លាចក៏នាំគ្នាទៅអង្វរឱ្យ លោក ហ៊ុន សែន សម្រួលជាមួយថៃ កុំបិទកុំបើកព្រំដែនតទៅទៀត ។ ប៉ុន្តែអ្នកខ្លះយល់ឃើញថា ទាំងភាគីថៃ និងលោក ហ៊ុន សែន គ្មានជម្លោះព្រំដែនកំប៉ិកកំប៉ុកស្អីនោះទេ សំខាន់គឺកេងចំណេញសន្លឹកឆ្នោតទាំងសង្ខាងតែប៉ុណ្ណោះ ៕
No comments:
Post a Comment
yes