សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 19, 2013

ពលរដ្ឋ​មាន​ជម្លោះ​ដី​ត្រូវ​ខ្មាន់​កាំភ្លើង​គំរាម​សម្លាប់

ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​ដារ​ប្រមាណ​១០ គ្រួសារ កំពុង​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​បន្ទាប់ពី​ជន​អនាមិក​មួយ​ក្រុម បាន​បាញ់​គំរាម​សម្លាប់​ពួក​គេ​មួយ​ពូជ បើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា ពី​បញ្ហា​ដីធ្លី​ជា​បន្ត​ទៀត។
អ្នក​ភូមិ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​គំរាម​សម្លាប់ ដែល​បាន​កើត​ឡើង កាលពី​ម៉ោង​ប្រមាណ​ជា ៨ យប់​ថ្ងៃ​សៅរ៍​នេះ គឺ​បន្ទាប់​ពី​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ចុះ​ទៅ​អង្កេត​លើ​បញ្ហា​ជម្លោះ​ដីធ្លី នៅ​ឃុំ​ថ្មដារ និង​បន្ទាប់​ពី​ពលរដ្ឋ នៅក្នុង​តំបន់​នេះ បាន​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ធ្វើ​ការ​ពិភាក្សា​ពី​បញ្ហា​ដី​ធ្លី។
អ្នក​ស្រី ឈឹម ស្រី អាយុ ៥០ ឆ្នាំ បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ហើយ​ធ្វើ​ការ​បាញ់​គំរាម​ឡើង​លើ​ចំនួន ៧​គ្រាប់ កាលពី​ម៉ោង​ប្រហែល​ជិត​៨​យប់​ថ្ងៃ​សៅរ៍​រួច​ហើយ​បាន​ស្រែក​គំរាម​ថា​៖«បើ​គ្រួសារ​ណា ហ៊ាន​ឡើង​ទៅ​តវ៉ា​នៅ​ខេត្ត​ពោធិ៍សាត់​ម្តង​ទៀត​រឿង​ដី​ធ្លី នឹង​បាញ់​សម្លាប់​មួយ​គ្រួសារ»។ «ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ នេះ​ជា​ការ​គំរាម​ដល់​អាយុ​ជិវិត»។
អ្នក​ស្រី ម៉ាប់ លីនា អាយុ ២៥ ឆ្នាំ អ្នក​ភូមិ​ម្នាក់​ទៀត និយាយ​ថា ជន​អនាមិក​ទាំង​នោះ បាន​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​របស់​អ្នក​ស្រី រួច​បាន​បាញ់​ចំនួន​១ គ្រាប់​និង​ក្រោយ​មក​បាន​បាញ់​៦​គ្រាប់ ជាមួយ​នឹង​ការ​ស្រែក​គំរាម​ខ្លាំង​។ អ្នក​ស្រី​បន្ត​ថា​៖ «ពួក​វា​បាញ់​នៅ​មុខ​ផ្ទះ​របស់​ខ្ញុំ​ក៏​ព្រោះ​តែ​ប្តី​ខ្ញុំ ជា​អ្នក​រត់​ឡាន​ហើយ​បាន​ដឹក​អ្នក​ភូមិ​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​ឯ​ខេត្ត​ពោធិ៍សាត់។ ខ្ញុំ​មាន​ការ​តក់ស្លុត»។
លោក​ភួង សុធា​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សិក្ខាសាលា​មុន​ថ្ងៃ​បាញ់​គំរាម​នេះ​ក្រុម​អ្នក​ភូមិ​បាន​លើក​ឡើង​ពី​កង្វល់​របស់​ពួក​គេ​និង​ការ​គំរាម​កំហែង​ជា​ញឹកញាប់​ពី​កង​កម្លាំង​សន្តិសុខ ក្រុមហ៊ុន MDS Group របស់​លោក​ឧកញ៉ា ទ្រី ភាព ប្រាប់​ទៅ​លោក​អភិបាលរង​ខេត្ត​ម្នាក់ ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នោះ​ដែរ។
លោក ឆេ ឈីវ អភិបាលស្រុក វាលវែង បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ជាប់រវល់​ប្រជុំ មហា​សន្និបាត​គណបក្ស​ប្រជាជន​នៅ​កោះ​ពេជ្រ ខណៈ​លោក ឈាង ឡេង អធិការ​នគរបាល​ស្រុក វាលវែង បាន​ថ្លែង​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ហើយ​លោក​នឹង​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រឿង​នេះ៕

No comments:

Post a Comment

yes