ពលរដ្ឋ ២នាក់ដែលត្រូវកម្លាំងប្រដាប់អាវុធចាប់បានក្នុងយុទ្ធនាការការបង្ក្រាបពលរដ្ឋ
ដែលមានជម្លោះដីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២
អ្នកភូមិ ៣នាក់ ដែលជាប់គុកព្រៃសជាមួយលោក ម៉ម សូណង់ដូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ ត្រូវបានដោះលែងហើយនៅថ្ងៃទី១៩ មីនា នេះ។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែមីនា បានសម្រេចកាត់បន្ថយទោសពលរដ្ឋទាំង ៣នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១០ខែ ក្នុងបទចោទផ្សេងៗគ្នា បានសេចក្តីថា អ្នកភូមិទាំងនោះនឹងត្រូវដោះលែងកាលពីថ្ងៃទី១៦ ខែមីនា។
អ្នកភូមិប្រម៉ា លោក ទូច រៀម លោក កាន់ សុវណ្ណ និងលោក ភន ស្រឿន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ត្រូវបានដោះលែងឲ្យចេញពីគុកព្រៃស ហើយ។ បើតាមសាលដីកាសាលាឧទ្ធរណ៍ ពួកគាត់ទាំងបីនាក់ត្រូវរួចខ្លួនតាំងពីថ្ងៃទី១៦ មីនា ប៉ុន្តែដោយសារតែភាពយឺតយ៉ាវផ្នែកសុំឯកសារ ទើបត្រូវពន្យារពេលដោះលែងរហូតដល់ថ្ងៃទី១៩ ខែមីនា វិញ។
អតីតអ្នកទោសក្នុងគុកព្រៃស ក្រោមបណ្ដឹងរបស់រាជរដ្ឋាភិបាល លោក ទូច រៀម មានប្រសាសន៍ថា លោកមានការសប្បាយចិត្តជាខ្លាំង ពេលដែលបានរួចខ្លួនចេញពីគុកព្រៃស ប៉ុន្តែលោកគិតថា ១០ខែក្នុងគុក ពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់កសិករក្រីក្រ។ លោកបន្តថា រស់នៅក្នុងគុកពិតជាពិបាកផ្នែកហូបចុក ព្រោះគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញម្ហូបពីខាងក្រៅទេ ការហូបម្ហូបអ្នកទោសមិនសូវមានអនាម័យ នាំឲ្យគាត់ឈឺក្រពះថែមទៀត។ ឯគ្រួសារវិញ ត្រូវរងការលំបាកជាខ្លាំងផ្នែកជីវភាព។ ប្រពន្ធត្រូវខ្ចីលុយចងការគេ ដើម្បីទៅមើលប្ដីគុក។
លោករំលឹកថា ពេលគេចាប់ដាក់គុក កូនស្រីពៅរបស់លោក មានអាយុ ២ខែ លុះពេលចេញពីគុកវិញ កូនលោកមិនស្គាល់ឪទេ៖ «កូនអត់ស្គាល់ផង មានអារម្មណ៍ថាឈឺចិត្តខូចចិត្តខ្លួនឯង មិនសមណាជាប់ពន្ធនាគារដោយអត់មានរឿងអីសោះ មានតែបញ្ហាដីធ្លីប៉ុណ្ណឹង»។
លោក ទូច រៀម បន្តថា ចំពោះដីធ្លីរបស់ពលរដ្ឋនៅភូមិប្រម៉ា វិញ ត្រូវបានវាស់វែងរួចហើយ ដោយគ្រួសារលោកបានទទួលដីជាង ៤ហិកតារ ដើម្បីប្រកបរបរកសិកម្មផ្គត់ផ្គង់ជីវភាព។
អ្នកភូមិប្រម៉ា ទាំងបីគ្រួសារ ធ្វើដំណើររួមគ្នាក្នុងរថយន្តឈ្នួលតែមួយ ដើម្បីទៅកាន់គេហដ្ឋានវិញ ប៉ុន្តែពួកគាត់នៅតែមានបញ្ហាខ្វះខាតផ្នែកជីវភាព ដោយសារតែមេគ្រួសារជាប់គុក។
ប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ថ្លែងសាទរការដោះលែងប្រជាពលរដ្ឋភូមិប្រម៉ា ចេញពីគុក។ លោកបន្តថា សង្គមស៊ីវិលជាតិ អន្តរជាតិ សុទ្ធតែចាត់ទុកថា ពលរដ្ឋទាំង៣នាក់ក្លាយជាឧបករណ៍របស់អ្នកនយោបាយយកទៅប្រើប្រាស់ដោយអយុត្តិធម៌ជាទីបំផុត និងបណ្ដាលឲ្យពួកគាត់រងនូវផលប៉ះពាល់យ៉ាងខ្លាំងផ្នែកជីវភាព។
លោក អំ សំអាត៖ «មតិជាតិអន្តរជាតិលើកឡើងថា ករណីនេះជាចរិតនយោបាយបង្កើតឡើងជាផលប្រយោជន៍នយោបាយ អ្នកដែលរងគ្រោះជាប្រជាពលរដ្ឋដែលស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានផងនោះបាទ»។
ការដាក់ទោសអ្នកភូមិប្រម៉ា និងលោក ម៉ម សូណង់ដូ ត្រូវបានសង្គមស៊ីវិលជាតិ អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំងថា តុលាការស្ថិតក្រោមឥទ្ធិពលនយោបាយ។
ប្រធានាធិបតីរបស់អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយករដ្ឋមន្ត្រីបារាំង សភាសហគមន៍អឺរ៉ុប អង្គការលើកលែងទោសអន្តរជាតិ និងសង្គមស៊ីវិលជាតិ អន្តរជាតិ ជាច្រើន សុទ្ធតែជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងពួកគេ។ តែមន្ត្រីរាជរដ្ឋាភិបាលបដិសេធដោយសំអាងថា ជាអំណាចតុលាការ។ ទោះជាយ៉ាងណាក្តី សាលក្រមកាត់តម្រឹមទោសរបស់តុលាការ ក៏ត្រូវបានសង្គមស៊ីវិលចាត់ទុកថា មានចរិតនយោបាយដដែល៕
No comments:
Post a Comment
yes