រូបសំណាកលោក ជា វិជ្ជា ត្រូវបានលើកដាក់តាំង
រូបសំណាកលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករដែលត្រូវបាញ់សម្លាប់ត្រូវបានលើក ឡើងជាផ្លូវការនៅថ្ងៃសុក្រ ទី០៣ នេះនៅសួនច្បារខាងលិចវិមានឯករាជ្យ ជិតវត្តលង្កាជាទីដែលឃាតកបាញ់សម្លាប់លោក កាលពីឆ្នាំ២០០៤។
រូបសំណាកលោក ជា វិជ្ជា មានកម្ពស់ ១,៦៨ ម៉ែត្រ តាំងឈរនៅលើថ្មទម្រមានកម្ពស់មួយម៉ែត្របែរមុខទៅទិសខាងលិចដៃ ឆ្វេងកាន់មីក្រូហ្វូនដៃស្តាំចង្អុលឡើងបង្ហាញពីសកម្មភាពទាមទារ រកយុត្តិធម៌ជូនកម្មករនិងទាមទារការដំឡើងប្រាក់ខែសម្រាប់កម្មករ។
សហជីពសេរី កម្មករនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រូបសំណាកលោក ជា វិជ្ជា ដែលសហជីពកម្មករចាត់ទុកថាជា “វីរជនកម្មករ” ត្រូវតម្កល់ បើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣។ រូបសំណាកធ្វើពីថ្មភក់នោះ ត្រូវតម្កល់លើសួនច្បារ កែងច្រមុះជ្រូក ខាងលិចវិមានឯករាជ្យ ជិតតូបលក់កាសែត ជាប់របងវត្តលង្ការ ដែលជាកន្លែង ឃាតកបាញ់សម្លាប់លោក ជា វិជ្ជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
នៅពិធីបើកការដ្ឋានសង់រូបសំណាកលោក ជា វិជ្ជា កាលពីខែមុន លោក ម៉ាន់ សេងហាក់ ប្រធានគណៈកម្មការនៃសហជីពសេរីកម្មករប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា រូបសំណាកលោក ជា វិជ្ជា បានសង់រួចហើយហើយរូបនេះនឹងដាក់តាំងជាផ្លូវការនៅថ្ងៃទី៣ខែ ឧសភានេះ នៅសួនច្បារជិតវត្តលង្កាជាទីដែលឃាតកបាញ់សម្លាប់លោក កាលពីឆ្នាំ២០០៤។
លោក សេងហាក់ បន្តថា៖ «យើងមានអារម្មណ៍រីករាយ ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យ[យើង]ដាក់រូបលោក ជា វិជ្ជា ដែលកំពុងទាមទារយុត្តិធម៌សម្រាប់កម្មករ។ ប៉ុន្តែយើងមិនរីករាយទេ នឹងការរកឃាតកមិនឃើញ»។
លោកប៊ន សំណាងនិងលោក សុក សំអឿន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទប្រព្រឹត្តអំពើ ឃាតកម្មទៅលើលោក ជា វិជ្ជា ប៉ុន្តែក្រុមសិទ្ធិមនុស្សចាត់ទុកថាអ្នកទាំងពីរគ្មានកំហុសទេ។
ចំពោះការសាងសង់នេះ លោក ម៉ាន់ សេងហាក់ ថ្លែងថាសហជីពសេរីកម្មករមានកញ្ចប់ថវិកាចំនួន៨ពាន់ដុល្លារអាមេរិក សម្រាប់ការសាងសង់រូបសំណាកមួយនេះ។ លោកបន្តថា ៣ពាន់ដុល្លារបានបរិច្ចាគដោយសប្បុរសជន និង ៥ ពាន់ដុល្លារទៀត ឧបត្ថម្ភដោយសាលារាជធានីភ្នំពេញ។

No comments:
Post a Comment
yes