
ពលរដ្ឋដែលមានបញ្ហាដីធ្លី ធ្វើសន្និសីទកាសែត
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បឹងកក់ និងសង្គមស៊ីវិលមួយ រកឃើញថា នៅសល់ដីទំនេរប្រហែល៤០០ប្លង់ទៀត ក្នុងទំហំដីជាង១២ហិកតា មិនទាន់បានចែកជូនពលរដ្ឋរងគ្រោះ តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ដែលកាត់ចេញពីគម្រោងអភិវឌ្ឍន៍នោះឡើយ។
តំណាងពលរដ្ឋសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងក្នុងសន្និសីទនាថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់ សំណូមពរឲ្យមន្ត្រីសាលារាជធានី ក៏ដូចជារាជរដ្ឋាភិបាលកាត់ដីដែលទំនេរប្រហែល៤០០ប្លង់ទៀត ជូនពលរដ្ឋបឹងកក់ ដែលធ្វើការតវ៉ារាល់ថ្ងៃ ដោយសារក្រុមហ៊ុនឈូសឆាយផ្ទះនោះ ៖ "ដីនៅក្នុងចំណុច ១២.៤៤ហិកតា ដែលនៅទំនេរនេះ គឺជាដីរបស់សហគមន៍ហ្នឹងតែម្តង តែគ្រាន់តែយើងថា ចង់ឲ្យខាងអាជ្ញាធរគាត់គិតគូរដោះស្រាយ បញ្ជូនពួកគាត់៤៨គ្រួសារហ្នឹង ឲ្យស្របទៅតាមអនុក្រឹត្យ និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ឲ្យដូចគ្រួសារទាំង៦០០ជាងគ្រួសារហ្នឹងដែរ ស្នើសុំឲ្យរដ្ឋាភិបាលអន្តរាគមន៍ទៅមន្ត្រីមួយចំនួន ដែលគាត់មិនអនុវត្តទៅតាមអនុក្រឹត្យហ្នឹង ដោយសារតែយើងឃើញថា កន្លងមក គឺគាត់ធ្វើផ្ទុយនឹងអនុក្រឹត្យ គាត់បំពានទៅនឹងអនុក្រឹត្យ គាត់បានធ្វើឲ្យដំណោះស្រាយនៅតំបន់បឹងកក់មិនបានចប់ទេ ហើយជម្លោះហ្នឹងកាន់តែខ្លាំងទៅៗ"។
ជាមួយគ្នានេះដែរ អ្នកសម្របសម្រួលកម្មវិធីនៃសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា រាជរដ្ឋាភិបាលគួរតែទទួលយកសំណូមពររបស់ពលរដ្ឋរងគ្រោះ ដោយកាត់ដីដែលនៅទំនេរនោះឲ្យពួកគាត់ ជៀសវាងការតវ៉ាដដែលៗ ៖ "យើងរកឃើញថាជាង ៤០០ប្លង់ទំនេរ នៅក្នុង ១២.៤៤ហ្នឹង ជាដីទំនេរ ហើយជាដីរបស់សហគមន៍សុទ្ធសាធ តាមអនុក្រឹត្យរបស់សម្តេចលេខ១៨៣ ដែលចេញនៅឆ្នាំ២០១១ហ្នឹង អញ្ចឹងរឿងហ្នឹងរដ្ឋាភិបាលហ្នឹង គាត់ទុកធ្វើអីទៀត ហើយដីហ្នឹង បើយើងគិតមើលឲ្យច្បាស់ ហើយតាមច្បាប់ តាមអនុក្រឹត្យដែលចេញហ្នឹង គឺថាវាជារបស់អ្នកបឹងកក់ អញ្ចឹងដោះស្រាយឲ្យអ្នកបឹងកក់ ឲ្យអ្នកដែលកាត់ចោលហ្នឹង ចូលទៅក្នុងនៅទីនោះ វាចប់រឿងហ្នឹងហើយ ហើយបញ្ហាត្រូវបានដោះស្រាយ គឺថាទទួលនូវការឈ្នះៗទាំងអស់គ្នា ទាំងរដ្ឋាភិបាល ទាំងក្រុមហ៊ុន ទាំងសហគមន៍"។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់ដឹងច្បាស់ពីករណីដីដែលរកឃើញថា នៅទំនេរនេះទេ ហើយថាលោកសុំមិនធ្វើការបកស្រាយឡើយ។
តាមលិខិតពលរដ្ឋបឹងកក់ឲ្យដឹងថា លោកនាយករដ្ឋមន្រី្តបានផ្តល់ដីសម្បទានសង្គមកិច្ច ១២.៤៤ហិកតា នៃផ្ទៃដីតំបន់បឹងកក់ ឲ្យពលរដ្ឋជិតមួយពាន់គ្រួសារ ដែលមិនព្រមទទួលសំណងតិចតួចពីក្រុមហ៊ុនស៊ូកាគូអ៊ីន របស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន តាំងពីឆ្នាំ ២០០៧។ តាំងពីពេលនោះ មកមានគ្រួសារចំនួន ៦៣១គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីរបស់ពួកគេនៅកន្លែងដើមវិញ ប៉ុន្តែនៅមានពលរដ្ឋ៧០គ្រួសារទៀត ដែលមានផ្ទះពិតប្រាកដ តែមិនទទួលបានចំណែកដីជាង១២ហិកតានោះទេ ទើបបណ្តាលឲ្យមានការតវ៉ាដល់សព្វថ្ងៃនេះ៕
No comments:
Post a Comment
yes