
កម្លាំងចម្រុះរាជធានីចាប់សែងស្ត្រីសកម្មជនដីធ្លីបឹងកក់
សមាគមការពារសិទ្ធិមនុស្សអាដហុកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការនៅតែបន្តកើតមាន ការគំរាមកំហែងទៅលើសកម្មជនការពារបរិស្ថាននិងអ្នកការពារសិទ្ធិមនុស្ស ដែលមានចំនួន ២៣៨ នាក់ នៅក្នុងឆ្នាំ ២០១២ និងនៅក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១៣ នេះមានចំនួន ៤៨ នាក់បានទទួលរងនូវការគំរាមកំហែងនិងប្តឹងចោទប្រកាន់។
សមាគមអាដហុក បានឲ្យដឹងថា បណ្តឹងដែលបានប្តឹងសកម្មជនការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ធ្វើឡើងដោយមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ក្រុមហ៊ុនមានអំណាចដែលរំលោភទៅលើច្បាប់ជាតិនិងអន្តរជាតិ។ អង្គការអាដហុក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ចេញកាលពីម្សិលមិញថា ៖ «ភាពគ្រោះថា្នក់របស់អ្នកការពារសិទ្ធិមនុស្សគឺដោយសារការចូលរួមចំណែក ក្នុងការការពារសិទ្ធិសេរីភាពរបស់មនុស្សដែលទទួលរងនូវការបំពានពីអ្នកមានអំណាចនិងក្រុមហ៊ុនទៅលើអ្នកទន់ខ្សោយដោយមិនបានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីច្បាប់»។
លោក ធន សារាយ ប្រធានសមាគមអាដហុក បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថានៅដើមឆ្នាំ២០១៣នេះ មានការកើនឡើងនូវការគំរាមកំហែង សម្លុតប្តឹងប្តល់ទៅលើតំណាងសហគមន៍ជនរងគ្រោះដែលមានជម្លោះដីធ្លីនិងធនធានធម្មជាតិ និងមន្ត្រីសិទ្ធិមនុស្សនៅពេលចុះជួយផ្តល់ប្រឹក្សាដល់ពលរដ្ឋ។ អាជ្ញាធរតែងតែចោទសកម្មជនសិទ្ធិមនុស្សថា បាន «ញុះញង់» ដល់ពលរដ្ឋឲ្យធ្វើការតវ៉ា។
លោកនិយាយថា៖«អាជ្ញាធរចង់ឲ្យពលរដ្ឋទទួលយកអ្វីដែលគេដោះស្រាយ។ ចំពោះអ្នកណាដែលមិនយល់ស្របទៅនឹងអ្វីដែលអាជ្ញាធរបានសម្រេចគេថាជាអ្នកញុះញង់»។ លោកធន សារាយ បានពន្យល់ថា៖ «ការពិតច្បាប់ព្រហ្មទណ្ឌរបស់យើងចែងថា បើញុះញង់ លុះណាតែអ្នកនោះជំរុញឲ្យពលរដ្ឋប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសមូហភាពឬឯកជន ប៉ះពាល់ដល់សន្តិសុខបុគ្គលឬសហគមន៍ ទើបជាការញុះញង់។ តែពេលយើងពន្យល់ផ្នែកច្បាប់ឲ្យគាត់ចេះតវ៉ាធ្វើបាតុកម្មដោយអហិង្សាបែរជាថាញុះញង់ទៅវិញ»។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអធិប្បាយបានទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកមិនធ្វើការវិនិច្ឆ័យខុស ឬត្រូវទៅលើអ្វីដែលអង្គការអាដហុក បានលើកឡើងនោះឡើយ។ លោកស៊ីផានបន្តថា៖«ខ្ញុំលើកទឹកចិត្តឲ្យពលរដ្ឋនិងខាងអង្គការសង្គមស៊ីវិលត្រូវប្រើប្រាស់បណ្តាញផ្លូវច្បាប់ស្វែងរកយុត្តិធម៌។ ខ្ញុំយល់ថា អាដហុក ឬសង្គមស៊ីវិល រាប់ទាំងមន្ត្រីរាជការនិងពលរដ្ឋស្ថិតក្រោមច្បាប់»។ លោកគូសបញ្ជាក់ទៀតថា មិនមែនបានសេចក្តីថា អង្គការក្រៅរដ្ឋាភិបាល ឬបុគ្គលក្នុងរដ្ឋាភិបាលមិនអាចប៉ះពាល់បាននោះទេ។ លោកផៃ ស៊ីផានថ្លែងទៀតថា៖ «ការដោះស្រាយវិវាទ គឺនៅក្រោមច្បាប់។ ការដោះស្រាយតាមផ្លូវច្បាប់មិនមែនជាការគំរាមកំហែងទេ»។
ក្នុងសន្និសីទកាសែតនៅសមាគមអាដហុកកាលពីម្សិលមិញ មានការចូលរួមពីតំណាងសហគមន៍ពលរដ្ឋដែលមានជម្លោះដីធ្លី សហគមន៍ការពារព្រៃឈើ និងបរិស្ថានមកពីខេត្តក្រចេះ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងរតនគិរី ប្រមាណ ២០ នាក់។
អ្នកស្រី មុំ សុខគីន មកពីខេត្តក្រចេះ បានលើកឡើងនូវករណីដែលអ្នកស្រី និងសកម្មជនម្នាក់ទៀត បានរត់គេចខ្លួនមករាជធានីភ្នំពេញប្រមាណជិត២សប្តាហ៍ ដោយសាររងការគំរាមកំហែងក្រោយពីក្រុមសហគមន៍ការពារព្រៃឈើបានដុតបំផ្លាញឈើខុសច្បាប់ជាង៧ ម៉ែត្រគុប ដែលជារបស់អ្នកមានអំណាចនៅខេត្តក្រចេះខណៈដើរល្បាតព្រៃ កាលពីថ្ងៃទី៤ ខែមេសា។ ស្ត្រីរូបនេះ បានថ្លែងថា មន្ត្រីរដ្ឋបាលព្រៃឈើនៅឃុំឃ្សឹមម្នាក់ បានសម្លុតអ្នកស្រី និងគំរាមថានឹងប្តឹងអ្នកដឹកនាំពលរដ្ឋដើរល្បាតព្រៃ បើមិនព្រមប្រាប់អ្នកដុតឈើដែលគេបានកាប់ទេនោះ។ អ្នកស្រីនិយាយថា៖ «គេសួរថា អ្នកណាឲ្យដុត យើងឆ្លើយថា យើងស្រុះស្រួលគ្នាដុតចោល ព្រោះអស់លោកជាសមត្ថកិច្ចមិនព្រមមករឹបអូសឈើទាំងនេះយើងក៏អស់ជម្រើសមានតែដុតចោល»។
លោក សន ស៊ីយ៉ាន សកម្មជនព្រៃឈើមកពីខេត្តក្រចេះម្នាក់ទៀត និយាយថាលោកត្រូវបាននគរបាលជាអធិការស្រុកចិត្របុរី លោក យ៉ាន់ ហៀង គំរាមក្រោយពីការដុតបំផ្លាញឈើដែលគេកាប់គរទុកនៅក្នុងព្រៃ ព្រោះមន្ត្រីរូបនោះ រកស៊ីដឹកឈើខាងលើ។ លោកស៊ីយ៉ានថ្លែងថា៖«ខ្ញុំខ្លាចគេបាញ់ក៏រត់មកភ្នំពេញសិនមករកប្រឹក្សាផ្លូវច្បាប់និងរាយការណ៍ដល់អង្គការសិទ្ធិមនុស្សក្រែងយើងមានបញ្ហាគេនឹងដឹងហើយជួយការពារយើងតាមផ្លូវច្បាប់»។
មិនអាចទាក់ទងសុំការអធិប្បាយពីលោក សន ស៊ីយ៉ានបានទេ។ ប៉ុន្តែអភិបាលស្រុកស្នួល លោក គង់ គឹមនី បានបដិសេធការចោទប្រកាន់ទាំងនេះ។ លោកចោទថា ប្រជាពលរដ្ឋទាំងពីរនាក់នេះ មិនមែនមានចិត្តការពារព្រៃឈើពិតប្រាកដឡើយ និងថា គ្មានមន្ត្រីណាម្នាក់គំរាមកំហែងឬសម្លុតពួកគាត់ឡើយ។ លោកនិយាយថា៖ «គាត់ដើរធ្វើការអនាធិបតេយ្យដើរទារលុយគេពេលបង្ក្រាបឈើ បើទារលុយអត់បានគាត់ក៏ចោទគេ»។
លោក គឹមនី ព្រមានថា៖ «ករណីដុតឈើ គាត់មិនមែនជំនាញមិនមែននគរបាលយុត្តិធម៌ទេ។ គាត់ធ្វើខុសច្បាប់ហើយ។ អង្គការក្រៅរដ្ឋាភិបាលក្តីសហគមន៍ក្តី ធ្វើអ្វីត្រូវសហការគ្នាតែសូមកុំជ្រុលពេក»។
អាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល បន្តនូវកិច្ចសហការដើម្បីការពារនិងលើកស្ទួយសិទ្ធិមនុស្សព្រមទាំងបញ្ឈប់នូវរាល់ការគំរាមកំហែងបំភិតបំភ័យលើសកម្មជនសិទ្ធិមនុស្សនិងអ្នកការពារធនធានធម្មជាតិ នៅតាមតំបន់នានានៅទូទាំងប្រទេស៕
No comments:
Post a Comment
yes