ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍
ដល់វិទ្យុអាស៊ីសេរី នៅការិយាល័យ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ឈប់ផ្ដល់បរិវេណសាលាដើម្បីប្រជុំគណបក្សនយោបាយ ឃោសនានយោបាយ ក្នុងម៉ោងរដ្ឋបាល ព្រោះប៉ះពាល់ដល់ការបង្រៀន និងការសិក្សារបស់សិស្ស។
សំណើចុះហត្ថលេខាដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ញើជូនលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ចុះថ្ងៃទី២៤ ខែមិថុនា មានខ្លឹមសារថា មានសាលាតាមខេត្ត-ក្រុងមួយចំនួន ត្រូវគណបក្សប្រជាជនកម្ពុជា បានយកទីធ្លាសាលា សិស្សានុសិស្ស និងគ្រូបង្រៀន ឲ្យចូលរួមប្រជុំគណបក្សរបស់ខ្លួនក្នុងម៉ោងរដ្ឋបាល។
លិខិតបានបញ្ជាក់ថា ខេត្តក្រុងដែលគណបក្សប្រជាជនបានយកបរិវេណសាលា សិស្សានុសិស្ស និងគ្រូបង្រៀន សម្រាប់ជួបជុំបក្សនយោបាយ មានខេត្តកណ្ដាល តាកែវ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ ជាដើម។
លើសពីនេះ លោក រ៉ុង ឈុន បានចាត់ទុកសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបានយកសិស្សានុសិស្ស គ្រូបង្រៀន និងទីធ្លាសាលាយកទៅប្រជុំការងារបក្ស គឺច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាត មិនឲ្យប្រើប្រាស់សម្ភារៈរបស់រដ្ឋ និងម៉ោងរដ្ឋបាល ដើម្បីបម្រើសកម្មភាពនយោបាយរបស់បុគ្គលណាមួយឡើយ ហើយថា បញ្ហានេះមានចែងនៅក្នុងមាត្រា ៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងមាត្រា ៣៤ មាត្រា ៥២ នៃច្បាប់ស្ដីពីការអប់រំ។ ម៉្យាងទៀត សកម្មភាពនេះគឺបានរំលោភច្បាប់ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងកម្មវិធីបង្រៀនរបស់គ្រូបង្រៀន។
ផ្ដើមពីបញ្ហានេះ សមាគមគ្រូបង្រៀនស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ពិនិត្យ និងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ កុំឲ្យកើតមានតាមគ្រឹះស្ថាន និងសាលារៀនបន្តទៀត៖ «យើងចង់ឲ្យក្រសួងអប់រំ ត្រូវតែមានចេញសេចក្ដីណែនាំទៅកាន់សាលា គ្រឹះស្ថាននីមួយៗ កុំឲ្យយកទីធ្លាសាលា ឬគ្រូបង្រៀន និងសិស្សនៅក្នុងម៉ោងរដ្ឋបាលយកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍បុគ្គល អ្នកនយោបាយ ឬគណបក្សនយោបាយណាមួយនោះឲ្យសោះ»។
ប្រធាននាយកដ្ឋានមធ្យមសិក្សានៃក្រសួងអប់រំ លោក អ៊ឹង ង៉ោហុក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញលិខិតស្នើសុំអន្តរាគមន៍របស់សមាគមគ្រូបង្រៀននៅរសៀលថ្ងៃទី២៤ ខែមិថុនា។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមុនីសាលវ័ន្ត នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា បានថ្លែងអំពាវនាវដល់សមត្ថកិច្ចបន្តរក្សាភាពស្ងៀមស្ងាត់ និងពង្រឹងសន្តិសុខឲ្យបានល្អ ដើម្បីជំរុញឲ្យការបោះឆ្នោតគ្មានអំពើហិង្សានយោបាយ។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានឲ្យដឹងថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតច្បាប់បោះឆ្នោត បានហាមមិនឲ្យមន្ត្រីរាជការយកពេលវេលាក្នុងម៉ោងធ្វើការទៅចូលរួមឃោសនាឲ្យបក្សនយោបាយណាមួយទេ។ ជាងនេះទៀត សម្ភារៈ ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗរបស់រដ្ឋ ក៏ត្រូវហាមឃាត់។
លោក ទេព នីថា៖ «សូមមេត្តាចូលរួមសហការធ្វើយ៉ាងណារក្សាបរិយាកាសអព្យាក្រឹតភាពនៅក្នុងពេលឃោសនាបោះឆ្នោត ជួយរក្សាសន្តិសុខ សុវត្ថិភាព នៅក្នុងការឃោសនាបោះឆ្នោតនៅក្នុងប្រទេសយើងឲ្យបានល្អ ព្រោះថា នៅក្នុងដំណើរការរៀបចំបានល្អ បានប្រកបដោយសន្តិសុខ សុវត្ថិភាពហ្នឹង ក៏វាជាជោគជ័យមិនមែនតែរបស់ គ.ជ.ប តែវាជារបស់ប្រទេសកម្ពុជាទាំងមូល»។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ហើយពេលវេលាសំរាប់គណបក្សនយោបាយ បើកយុទ្ធនាការឃោសនា នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes