ព្រះសង្ឃខ្មែរកម្ពុជាក្រោមតវ៉ាលើករូបថតព្រះសង្ឃដែលត្រូវអាជ្ញាធរវៀតណាម
បានចាប់ព្រះកាយ នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣
ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងយកញត្តិដាក់ជូនរដ្ឋាភិបាល ដើម្បីសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ប្រទេសជាមិត្តរបស់កម្ពុជា ដើម្បីឲ្យដោះលែងព្រះសង្ឃខ្មែរក្រោមចំនួន ២អង្គ ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែឧសភា កន្លងមក។
តំណាងអង្គការសមាគមខ្មែរក្រោមនៅកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរវៀតណាម បញ្ឈប់នូវការរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម និងដោះលែងព្រះសង្ឃខ្មែរក្រោមឲ្យមានសេរីភាពវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
ការអំពាវនាវបែបនេះ ខណៈតំណាងអង្គការសមាគមខ្មែរក្រោមបាននាំគ្នាធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៥ មិថុនា ដើម្បីសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយបញ្ហាអាជ្ញាធរវៀតណាម ចាប់ព្រះសង្ឃខ្មែរក្រោមនៅប្រទេសវៀតណាម។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ថា មូលហេតុសំខាន់ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនព្រះសង្ឃខ្មែរដាក់ពន្ធនាគារនេះ ដោយសារតែព្រះសង្ឃទាំងនោះធ្លាប់បានស្នើសុំទៅអាជ្ញាធរវៀតណាម បើកសាលារៀនខ្មែរ។ តែបញ្ហានេះ បែរជាអាជ្ញាធរវៀតណាម ចោទប្រកាន់ថា ព្រះសង្ឃទាំងនោះមានជាប់ពាក់ព័ន្ធនឹងអង្គការសមាគមនៅក្រៅប្រទេសទៅវិញ។
ញត្តិដែលមានជាភាសាខ្មែរ និងអង់គ្លេសរបស់អង្គការសមាគមខ្មែរក្រោមនោះ ត្រូវបានប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ចេញមកទទួលយកពីតំណាងអង្គការសមាគមខ្មែរក្រោមភ្លាមៗ នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ មិថុនា។
លោក កើត ឆែ បាននិយាយដោយខ្លីថា លោកនឹងយកញត្តិនេះដាក់ទៅក្រសួងការបរទេសខ្មែរ ដើម្បីឲ្យចាត់នីតិវិធីបន្តទៅទៀត។ លោកមិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមចំពោះសំណួរអ្នកសារព័ត៌មានទេ។
នៅក្នុងញត្តិដាក់ជូនទៅរដ្ឋាភិបាលខ្មែរផ្ញើជូនរដ្ឋាភិបាលវៀតណាមនោះ អង្គការសមាគមខ្មែរក្រោមបានទាមទារចំនួន ៥លក្ខខណ្ឌសំខាន់ គឺសុំឲ្យដោះលែងព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ ត្រូវបំបួសព្រះតេជព្រះគុណ លី ចិន្ដា ឡើងវិញ ហើយបញ្ជូនព្រះអង្គឲ្យធ្វើជាព្រះចៅអធិការវត្តដូចដើមវិញ។ បញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាតាមវត្តអារាមនានា។ បញ្ឈប់ជាបន្ទាន់នូវការដាក់ព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោមស្ថិតនៅក្រោមការត្រួតត្រារបស់សមាគមព្រះពុទ្ធសាសនាឯកភាពវៀតណាម និងត្រូវបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងតាមគ្រប់រូបភាព និងការបិទសិទ្ធិសេរីភាពមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។
ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា មានថេរដីកាថា ព្រះសង្ឃមកចូលរួមធ្វើបាតុកម្មនេះ គឺទាមទារឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើសកម្មភាពរំខានយាយីមកលើព្រះសង្ឃខ្មែរក្រោម ពីព្រោះព្រះសង្ឃខ្មែរក្រោមមិនដែលធ្វើសកម្មភាពអ្វីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមនោះឡើយ។
នៅក្នុងញត្តិដដែលនោះបានសរសេររៀបរាប់លម្អិតអំពីសកម្មភាពអាជ្ញាធរវៀតណាម បានចាប់គណៈកម្មការវត្តពីរអង្គ គង់នៅវត្តព្រៃជាប់ ខែត្រឃ្លាំង នៅថ្ងៃទី២១ ឧសភា។ ដោយឡែកព្រះតេជព្រះគុណ លី ចិន្ដា អាជ្ញាធរវៀតណាម ចាប់ព្រះអង្គច្រកបាវដាក់លើរថយន្តយកទៅទីរួមស្រុកដើម្បីផ្សឹក។ ប្រមាណ ៣ម៉ោងក្រោយមក អាជ្ញាធរវៀតណាម ដោះលែងវិញ តែព្រះអង្គមានអាការៈខុសប្លែកពីធម្មតា បាត់បង់ស្មារតី ភ្លេចការចងចាំ និងបែកពពុះមាត់ជាប្រចាំ។ ក្រៅពីចាប់ព្រះសង្ឃនោះ អាជ្ញាធរវៀតណាម ចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ ដែលពួកគាត់បានព្យាយាមមិនឲ្យចាប់ព្រះសង្ឃនោះ។
ដោយឡែកចំពោះព្រះចៅអធិការវត្តសិរីតាសេក និងព្រះតេជព្រះគុណ ថាច់ ធឿន មកទល់ពេលនេះ អាជ្ញាធរវៀតណាម យកព្រះតេជព្រះគុណទាំងពីរដាក់ពន្ធនាគាររហូតដល់បច្ចុប្បន្ននេះ។
តំណាងអង្គការសមាគមខ្មែរក្រោម បានសម្រេចចិត្តនាំគ្នាធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យនេះ ពីព្រោះថា ពួកគាត់បានព្យាយាមយកញត្តិដដែលនេះទៅដាក់ស្ថានទូតវៀតណាម ជាច្រើនលើក តែត្រូវបានស្ថានទូតបដិសេធមិនទទួលយក។ ញត្តិនេះក្រៅពីដាក់ទៅរដ្ឋាភិបាលនោះ គឺតំណាងអង្គការសមាគមខ្មែរក្រោមយកទៅដាក់នៅស្ថានទូតមួយចំនួនទៀតនៅក្រុងភ្នំពេញ៕
No comments:
Post a Comment
yes