១០-មិថុនា-២០១៣៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន (ឆ្វេង) បណ្ដេញលោក
សុន ឆ័យ ចេញពីបរិវេណរដ្ឋសភា មិនឲ្យឆ្លើយសំណួរអ្នកកាសែត
បញ្ហាចម្រូងចម្រាសនៃការដកសមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្ររបស់គណបក្សប្រឆាំង គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅមិនទាន់បញ្ចប់នៅឡើយទេរហូតមកដល់ពេលនេះ។ បន្ទាប់ពីការដកសមាជិកភាពនេះ តំណាងរាស្ត្រគណបក្សប្រឆាំង ចាត់ទុកថា សភា និងរាជរដ្ឋាភិបាលបច្ចុប្បន្ន លែងស្របច្បាប់ និងអំពាវនាវអន្តរជាតិកុំឱ្យធ្វើកិច្ចសន្យាជាមួយ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញលិខិតអំពាវនាវមួយច្បាប់ នៅថ្ងៃទី២០ ខែមិថុនា ដោយហៅរាជរដ្ឋាភិបាលកម្ពុជា ថាជារដ្ឋាភិបាលបាត់ភាពស្របច្បាប់ហើយ។
លិខិតដដែលបានអំពាវនាវដល់គ្រប់ស្ថានទូត បេសកកម្មការទូត និងម្ចាស់ជំនួយទាំងអស់នៅប្រទេសកម្ពុជា កុំឱ្យចុះកិច្ចព្រមព្រៀងណាមួយជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្ន ហើយរង់ចាំរហូតដល់មានរដ្ឋសភាថ្មី ដែលតំណាងរាស្ត្រជាសមាជិកសភាថ្មីត្រូវបានជ្រើសរើសតាមការបោះឆ្នោតនៅខែកក្កដា ខាងមុខ ហើយបង្កើតរដ្ឋាភិបាលថ្មី។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺលោក សុន ឆ័យ បញ្ជាក់បន្ថែមថា ការបាត់ភាពស្របច្បាប់នេះ គឺយោងតាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា រដ្ឋសភាកម្ពុជា ស្របច្បាប់ លុះត្រាតែបង្កើតឡើងដោយតំណាងរាស្ត្រយ៉ាងតិច ១២០រូប៖ «តាំងតែពីថ្ងៃដែលគេដកតំណាងរាស្ត្រគណបក្សប្រឆាំងចេញមក មិនឱ្យធ្វើតំណាងរាស្ត្រតទៅទៀត រដ្ឋសភាត្រូវរលាយហើយ ដោយសារតែអត់មានអ្នកតំណាងរាស្ត្រគ្រប់ ១២០រូប។ ចំណុចទី៣ គឺរាជរដ្ឋាភិបាលនេះកើតចេញពីរដ្ឋសភា ហើយអាណត្តិរបស់រាជរដ្ឋាភិបាលនេះ គឺមានរយៈកាលស្មើនឹងអាណត្តិរបស់រដ្ឋសភា។ បើរដ្ឋសភាក្ស័យជីវិតទៅហើយ ដោយសារតែការដកតំណាងរាស្ត្រខុសច្បាប់នេះ បានន័យថា រាជរដ្ឋាភិបាលនេះក៏អត់ស្របច្បាប់ដែរ គឺបានន័យថា ចប់អាណត្តិជាមួយនឹងការរលាយខ្លួនតាំងពីថ្ងៃទី៥ ខែមិថុនា នោះទៅបាត់ហើយ»។
លោកបញ្ជាក់ថា លោកបានផ្ញើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញហើយ ដើម្បីឱ្យបកស្រាយថា តើការបញ្ឈប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្ររបស់គណបក្សទាំងពីរ ស្របតាមរដ្ឋធម្មនុញ្ញឬទេ?
ទាក់ទងនឹងមាត្រានេះដែរ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា គឺលោក ឈាង វុន បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១០ មិថុនា សប្ដាហ៍មុន ដោយពន្យល់អ្នកកាសែតថា ក្រុមប្រឹក្សាធម្មនុញ្ញធ្លាប់បកស្រាយរួចហើយ ហើយការអនុវត្តក៏ធ្លាប់កើតមានចំពោះករណីលោក សម រង្ស៊ី ដែលគណបក្សដកសមាជិកភាពបក្ស និងលោក ខឹម វាសនា ហើយបាត់បង់កៅអីសភាដូចកាលពីអាណត្តិមុនដែរ។
លោក ឈាង វុន បន្តថា ការបាត់បង់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្ររបស់គណបក្សប្រឆាំង ដែលសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីដើមខែមិថុនា គឺផ្អែកលើច្បាប់ និងលិខិតបទដ្ឋានមួយចំនួន ដូចជា មាត្រា១៥ និង ១៦ នៃច្បាប់ស្ដីពីបក្សនយោបាយ មាត្រា១២០ នៃច្បាប់បោះឆ្នោត មាត្រា៦ នៃលក្ខន្តិកៈតំណាងរាស្ត្រ និងការបកស្រាយខ្លឹមសារមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លោក សុន ឆ័យ ថ្លែងថា សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្ររបស់គណបក្សប្រឆាំង មិនមែនបាត់បង់ទេ គឺជាការដកដោយគណបក្សប្រជាជនកម្ពុជា៖ «អ្វីដែលកើតមាន គឺការដក មិនមែនជាការបាត់បង់ទេ ហើយបើមានការបាត់បង់នេះ ច្បាប់មិនអនុញ្ញាតឱ្យគណបក្សណាមកដកទេ គឺគណបក្សសាមីហ្នឹង គេនឹងផ្ញើបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជីមកជំនួស។ អាហ្នឹងបានគេធ្វើបាន ហើយធ្វើបាននោះក្នុងពេលដែលអ្នកតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពបក្សមុនរយៈពេល ៦ខែ ច្រើនជាង ៦ខែមុនចប់អាណត្តិរបស់ខ្លួន។ នេះជាគោលការណ៍ច្បាប់»។
បញ្ហានេះ ត្រូវបានបកស្រាយផ្សេងគ្នា ហើយលោក ឈាង វុន លើកយកមាត្រា៩៥ មកឆ្លើយតប៖ «បើសិនជាការប្រាសចាកសមាជិកភាពរបស់អ្នកតំណាងរាស្ត្រហ្នឹង កើតឡើងច្រើនជាង ៦ខែមុនការបោះឆ្នោត ត្រូវមកជំនួសភ្លាម។ បើកើតឡើងក្រោយហ្នឹង គឺអត់តែម្ដង។ ន័យរបស់វា គឺនិយាយអ៊ីចឹង។ ច្បាប់មានសរសេរ ៩៥ គឺសរសេរអ៊ីចឹង»។
លោក សុន ឆ័យ បញ្ជាក់បន្ថែមថា រដ្ឋសភាកម្ពុជា បានបាត់បង់ភាពស្របច្បាប់តាំងពីថ្ងៃទី៥ ខែមិថុនា ដោយហេតុថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចដេញសមាជិកសភាចំនួន ២៩រូបពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ដែលបង្កើតឡើងដោយអាណត្តិរដ្ឋសភានោះ ក៏ត្រូវបាត់ភាពស្របច្បាប់ដែរ។ លោកថ្លែងបន្តថា ដើម្បីឱ្យសភា និងរដ្ឋាភិបាលនៅចុងអាណត្តិនេះស្របច្បាប់ លុះត្រាតែគណៈកម្មាធិការអចិន្ត្រៃយ៍សភាកែប្រែសេចក្ដីសម្រេចរបស់ខ្លួនឡើងវិញ ទើបអាចចុះកិច្ចព្រមព្រៀងជាមួយអន្តរជាតិបាន៕
No comments:
Post a Comment
yes