អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងមហាបាតុកម្ម នាទី
លានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣
មេដឹកនាំគណបក្សនយោបាយចំនួន២ មានជំនឿថា ពួកគេឈ្នះនៅក្នុងការបោះឆ្នោតខែកក្កដា។ ក្នុងនោះមានលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោតអាណត្តិទី៥ ខែកក្កដា ខាងមុខបើសិនជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានជំហរអព្យាក្រឹត្យ និងមានឯករាជ្យពិតប្រាកដនោះ។
ការអះអាងរបស់មេបក្សប្រឆាំងដូច្នេះ ដោយសារតែសង្កេតឃើញសកម្មភាពចុះមូលដ្ឋានរបស់បក្សប្រឆាំងនៅទូទាំង ២៤រាជធានីខេត្ត មានប្រជាពលរដ្ឋម្ចាស់ឆ្នោតចូលរួមគាំទ្ររាប់ពាន់ម៉ឺននាក់ ក្នុងវេទិកាតាមរាជធានីខេត្តនិមួយៗ។ លោកអះអាងថា ប្រទេសជាតិនឹងចាកផុតពីភាពក្រីក្រ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការរំលោភដីធ្លី មានលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដនៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស។
លោក កឹម សុខា បានស្នើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋខ្មែរទូទៅ រង់ចាំសាទរជ័យជំនះគណបក្សប្រឆាំងនាថ្ងៃទី២៨ ខែកក្កដា ខាងមុខ ដើម្បីដឹកនាំសង្គ្រោះប្រទេសជាតិមិនឲ្យបរទេសឈ្លានពាន ព្រមទាំងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីភាពក្រីក្រ និងគ្រោះភ័យផ្សេងៗ។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្មីៗនេះមានជំនឿលើម្ចាស់ឆ្នោតនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន បានដឹកនាំ និងអភិវឌ្ឍប្រទេសក្នុងអាណត្តិទី៥ បន្តទៀត។
ប្រមុខដឹកនាំបានចំអកឲ្យមេដឹកនាំបក្សប្រឆាំងថា ក្តីស្រមៃឈ្នះការបោះឆ្នោតពួកគេមានតែក្នុងសុបិន្ដទេ។ ហើយថា ក្តីសុបិន្ដ ឬអំនួតនេះ តែងកើតមានជារៀងរាល់អាណត្តិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចូលមកម្តងៗ។
លោក ហ៊ុន សែន បានថ្លែងនៅទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា នាខេត្តព្រះសីហនុ ថាលោកមិនជឿថាគណបក្សលោកដែលមានកៅអី ឬអាសនៈលើសពី ២ភាគ៣ នៅរដ្ឋសភា នឹងធ្លាក់អាសនៈមកក្រោម ៥០% នោះទេ។
ទាក់ទិនលទ្ធផលបោះឆ្នោតនេះ សម្រាប់អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ឬអ្នកវិភាគឯករាជ្យ បានផ្តល់វិភាគថា គណបក្សកាន់អំណាចមិនអាចរក្សាចំនួនអាសនៈដែលមានក្នុងរដ្ឋសភាចំនួន ៩០កៅអីនាអាណត្តិកន្លងមកបានទេ។ ហើយថា គណបក្សប្រឆាំងនឹងកើនចំនួនអាសនៈ ឬឈានដល់ឈ្នះការបោះឆ្នោតនីតិកាលទី៥ ថែមទៀត។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានវិភាគថា គណបក្សកាន់អំណាចអាចនឹងបាត់បង់ចំនួនអាសនៈពី ៩០កៅអី នៅក្នុងរដ្ឋសភា នាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥។ ហើយថា គណបក្សប្រឆាំងនឹងកើនចំនួនអាសនៈ ប៉ុន្តែមិនឈ្នះការបោះឆ្នោតដឹកនាំប្រទេសនោះទេ។
ចំណែកលោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្នើចូលខ្លួនវិភាគពីលទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ នេះដែរ លោកមើលឃើញថា គណបក្សសង្គ្រោះជាតិ ដែលរួមគ្នារវាងគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស មិនត្រឹមបានកើនចំនួនអាសនៈសភាទេ ប៉ុន្តែបក្សនេះថែមទាំងអាចឈ្នះលទ្ធផលបោះឆ្នោតផ្លូវការថែមទៀត បើសិនការបោះឆ្នោតនេះអាជ្ញាកណ្ដាល គ.ជ.ប មានជំហរឯករាជ្យ អព្យាក្រឹត និងមានយុត្តិធម៌នោះ។ លោកថា សព្វថ្ងៃនេះឃើញសន្ទុះរបស់ម្ចាស់ឆ្នោតតាមមូលដ្ឋាន បានងាកមកគាំទ្របក្សប្រឆាំងច្រើនសន្ធឹកសន្ធាប់ ហើយអស់ជំនឿទៅលើការដឹកនាំរបស់បក្សកាន់អំណាច ដែលបង្កើតឲ្យមានអំពើហិង្សា គំរាមកំហែង រំលោភដីធ្លី បក្ខពួកនិយម ពុករលួយ ពិសេសមិនបានទប់ស្កាត់ជនអន្តោប្រវេសន៍វៀតណាម។
ចំណុចដែលគណបក្សប្រជាជន បាត់បង់ការគាំទ្រពីម្ចាស់ឆ្នោត ត្រូវបានមេដឹកនាំបក្សប្រឆាំងអះអាងថា ដោយសារតែបក្សមួយនេះគ្មានគោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ឬកម្មករឲ្យបានសមរម្យ ហើយមិនបានជួយដល់គ្រួសារក្រីក្រពេលមានជំងឺ ឲ្យទទួលបានសេវាព្យាបាលមិនគិតថ្លៃ ឬក៏កូនកសិករអាចទទួលបានការអប់រំស្មើភាពដូចកូនអ្នកធូរធារនោះទេ។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ហើយពេលវេលាសម្រាប់គណបក្សនយោបាយ បើកយុទ្ធនាការឃោសនាចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes