អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញ
ពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣
មេធាវីការពារជនរងគ្រោះ អ្នកស្រី សារី បុត្រចរិយា មានប្រសាសន៍បន្ទាប់ពីការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ថា ចៅក្រមសាលាដំបូងខេត្តស្វាយរៀង លោក លាង សួស្តិ៍ បានសម្រេចអោយលោក ឈូក បណ្ឌិត មានទោស និងបានចេញដីកាអោយតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិត រូបនេះ អោយមកទទួលទោស។
រីឯជនជាប់ចោទ សរ ចន្ថា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងបាវិត ត្រូវរួចខ្លួនពីបទបង្ករបួសស្នាមដោយអចេតនា ប៉ុន្តែត្រូវផ្ដន្ទាទោសអោយជាប់ពន្ធនាគារ ៦ខែ ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ និងពិន័យជាប្រាក់ ១លានរៀល។
ស្របគ្នានេះក៏បានបង្គាប់អោយលោក ឈូក បណ្ឌិត បង់ប្រាក់សំណងទៅជនរងគ្រោះដែលជាកម្មការិនីទាំង ៣នាក់។ ក្នុងនោះ ត្រូវបង់ទៅអោយ ប៊ុន ចិន្តា ដែលរបួសធ្ងន់ជាងគេនូវទឹកប្រាក់ចំនួន ២០លានរៀល នុត សាខន ចំនួន ១០លានរៀល និងកែវ នា ចំនួន ៨លានរៀល។
ចៅក្រមបានប្រកាសសាលក្រមនេះនៅចំពោះមុខជនរងគ្រោះ ជនជាប់ចោទលោក សរ ចន្ថា ដោយអវត្តមាន លោក ឈូក បណ្ឌិត និងមេធាវី។ យ៉ាងណាចៅក្រមបានចាត់ទុកសាលក្រមនេះថាបានប្រកាសចំពោះមុខ គឺមិនមែនជាសាលក្រមកំបាំងមុខឡើយ។
នៅក្នុងសវនាការរយៈពេល ៣ថ្ងៃពេញដោយចាប់ផ្ដើមកាលពីថ្ងៃទី១២ ខែមិថុនា កម្មការិនីទាំង ៣នាក់នៃរោងចក្រកៅវ៉េ ឈ្មោះ កែវ នា ប៊ុន ចិន្ដា និង នុត សាខន បានទាមទារអោយតុលាការផ្ដន្ទាទោសអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទាមទារសំណង។ ក្នុងនោះ កែវ នា និង នុត សាខន ទាមទារសំណងជាប្រាក់ចំនួន ៤,៥ម៉ឺនដុល្លារ ចំណែក ប៊ុន ចិន្ដា ដែលរបួសធ្ងន់ជាងគេបានទាមទារសំណងចំនួន ៥ម៉ឺនដុល្លារ។
No comments:
Post a Comment
yes