ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ដែលភាគច្រើនជាយុវជន ហែឡើងលើ
ស្ពានក្បាលថ្នល់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
ស្ថានភាពនយោបាយនៅកម្ពុជា ពេលនេះ ស្ថិតក្នុងការប្រកួតប្រជែងដែលពិបាកនឹងទស្សន៍ទាយបានថា បក្សណាមួយមានប្រៀបខ្លាំងជាងគ្នាប៉ុណ្ណានោះ។ ជាពិសេស រវាងគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង។
ការបោះឆ្នោតលើកនេះ គណបក្សសង្គ្រោះជាតិ ហាក់កំពុងមានប្រជាប្រិយភាព និងមានសន្ទុះអ្នកគាំទ្រមិនសូវជាមានគម្លាតឆ្ងាយពីបក្សកាន់អំណាចដូចលើកមុនៗនោះទេ។ មានកត្តាមួយចំនួនហាក់កំពុងបង្ហាញអំពីភាពខ្លាំងរបស់គណបក្សប្រឆាំងមួយនេះ។
តើគណបក្សសង្គ្រោះជាតិ មានចំណុចពិសេសអ្វីខ្លះ ដែលអាចធ្វើឲ្យគណបក្សកាន់អំណាចព្រួយបារម្ភនោះ?
ភាពខ្លាំងរបស់បក្សប្រឆាំងនៅពេលនេះ ហាក់កំពុងដើរផ្ទុយអំពីសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់តែសើចចំអកថា ការរួបរួមគ្នារវាងបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី នោះ គឺជាព្យុះក្នុងក្អម។
ទោះយ៉ាងណាក្តី បច្ចុប្បន្ន ព្យុះក្នុងក្អមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធនាមឲ្យនេះ ទំនងជាធ្វើឲ្យគណបក្សកាន់អំណាចពិបាកនឹងទប់ទល់ ឬអាចនិយាយមួយបែបទៀតថា គណបក្សកាន់អំណាចនឹងមិនអាចទទួលជោគជ័យភ្លូកទឹកភ្លូកដីដូចកាលពីអាណត្តិមុនៗនោះឡើយ។
ទិដ្ឋភាពក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ ត្រូវមហាជនមើលឃើញថា គណបក្សសង្គ្រោះជាតិ កំពុងតែដណ្ដើមប្រជាប្រិយភាពពីប្រជាពលរដ្ឋមិនចាញ់គណបក្សកាន់អំណាចសព្វថ្ងៃប៉ុន្មាននោះដែរ ហើយគណបក្សនេះរំពឹងថា នឹងអាចប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតគ្នា។
តាមបទពិសោធន៍កន្លងមក ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា កាលពីអាណត្តិមុនៗ មិនមែនដោយសារសំឡេងអ្នកគាំទ្ររបស់ខ្លួនទាំងអស់នោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ប្រើស្នៀតបំបែកបំបាក់គូប្រកួត ដើម្បីយកឈ្នះដៃគូប្រកួត ហើយគណបក្សនេះចាំត្រងសំឡេងឆ្នោតពីគណបក្សតូចៗ ដែលមិនមានសំឡេងគ្រប់អាសនៈក្នុងមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីបង្គ្រប់អាសនៈរបស់ខ្លួនតាមរូបមន្តមធ្យមភាគខ្ពស់បំផុត។ គណបក្សនយោបាយតូចដែលចូលរួមប្រកួតប្រជែងទាំងអស់ រងនូវភាពអយុត្តិធម៌ ដោយសារការប្រើប្រាស់រូបមន្តមធ្យមភាគខ្ពស់បំផុត ដើម្បីបូកសន្លឹកឆ្នោតដែលសេសសល់ទាំងអស់នេះ ហើយស្ទើរគ្រប់អាណត្តិ គណបក្សដែលចំណេញច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ ការបោះឆ្នោតលើកនេះ មានសភាពខុសប្លែកពីលើកមុន ដោយសារគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីបក្សប្រឆាំងពីរ បានរួបរួមគ្នា គឺគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដើម្បីទប់ទល់នឹងគណបក្សកាន់អំណាចសព្វថ្ងៃ អាចមិនខាតសន្លឹកឆ្នោតដែលសេសសល់ដូចលើកមុននោះឡើយ។ កត្តានេះ គណបក្សប្រជាជនកម្ពុជា ហាក់មិនមានឱកាសដើម្បីកេងចំណេញសន្លឹកឆ្នោតពីគណបក្សប្រឆាំង ដើម្បីយកមកបំពេញអាសនៈរបស់ខ្លួនដូចលើកមុននោះទេ។
ជាច្រើនអាណត្តិមកហើយដែលគណបក្សប្រជាជនកម្ពុជា ក្ដោបក្ដាប់អំណាចគ្រប់គ្រងប្រទេស ហើយភាពមិនប្រក្រតីក្នុងសង្គមមួយចំនួនបានកើតឡើង ដូចជា អំពើពុករលួយ និងការគាបសង្កត់ផ្សេងៗពីមន្ត្រីអ្នកមានអំណាចរបស់រដ្ឋាភិបាល។
បញ្ហាប្រឈមទាំងនេះ ធ្វើឲ្យពលរដ្ឋ និងមន្ត្រីមួយចំនួនដែលធ្លាប់តែមានភក្ដីភាពជាមួយបក្សប្រជាជន នោះ ទំនងជាល្មមដល់ពេលធ្វើឲ្យពួកគាត់ធុញទ្រាន់នឹងការដឹកនាំដែលពុំមានការវិវឌ្ឍន៍ទៅមុខ ចំណែករឿងចម្រូងចម្រាសនៅក្នុងសង្គមទាំងឡាយ មិនអាចដោះស្រាយបាន បញ្ហាបក្ខពួកនិយមក៏កំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមមួយនេះ ដែលពិបាកនឹងកែទម្រង់ទៅរួច។
ស្របពេលជាមួយគ្នានេះ ការបង្កើតគណបក្សសង្គ្រោះជាតិ ឡើង ធ្វើអោយក្រុមអ្នកគាំទ្រមួយចំនួនធំកាន់តែមានទំនុកចិត្ត ហើយជឿជាក់ថា គណបក្សសង្គ្រោះជាតិ អាចនឹងមានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បាន។
ស្ថាប័នមួយចំនួន បានប្រកាសជាចំហចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ព្រមទាំងបានអំពាវនាវឲ្យសមាជិកដែលគាំទ្រខ្លួន អោយបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។ ក្នុងនោះ មានការប្រកាសជាចំហក្នុងការចូលរួមរបស់ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលលោកមានសមាជិកជាច្រើនម៉ឺននាក់។ ការប្រកាសនេះ ជាសារនយោបាយមួយដែលលើកទឹកចិត្តឲ្យអ្នកគាំទ្រគាត់ ឲ្យធ្វើការសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រឆាំងមួយនេះដោយមិនរុញរាឡើយ។
ទន្ទឹមនឹងនោះ ក៏មានការប្រកាសចូលរួមពីព្រឹទ្ធាចារ្យបណ្ឌិត វណ្ណ មូលីវណ្ណ និងការប្រកាសចូលរួមជាបន្តបន្ទាប់ពីប្រធានសហជីពសេរីកម្មករ ដូចជាលោក រ៉ុង ឈុន និងលោក ជា មុនី ជាដើម។
ក្រៅពីនេះទៀត កាលពីបោះឆ្នោតនីតិកាលមុនៗ សមាជិកគណបក្សប្រឆាំងមួយចំនួនតែងតែរត់ចេញពីបក្សបន្តកន្ទុយគ្នាមុនពេលបោះឆ្នោត ប៉ុន្តែលើកនេះ ស្ថានភាពនយោបាយគណបក្សប្រឆាំងខុសពីលើកមុនៗ។ សមាជិកគណបក្សប្រឆាំងមិនសូវមានការច្របូកច្របល់រត់ចេញពីបក្សដូចលើកមុនទេ ដោយសារសមាជិកគណបក្សប្រឆាំងធំមួយនេះ មើលឃើញថា សន្ទុះនៃការគាំទ្រគណបក្សសង្គ្រោះជាតិ មានការកើនឡើង។
មួយវិញទៀតនោះ គណបក្សសង្គ្រោះជាតិ បានបង្ហាញគោលនយោបាយមួយចំនួនដែលអាចទាក់ទាញប្រជាពលរដ្ឋបានច្រើនជាងគណបក្សប្រឆាំងលើកមុនៗ ជាពិសេសអាចទាញការចាប់អារម្មណ៍ពីយុវជនយ៉ាងច្រើនកុះករ ខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗ ដែលមិនសូវជាមានយុវជនចូលរួមក្នុងសកម្មភាពនយោបាយដូចលើកនេះនោះឡើយ។ គោលនយោបាយច្បាស់លាស់ទាំង ៧ចំណុចរបស់គណបក្សសង្គ្រោះជាតិ នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានក្ដីសង្ឃឹមចំពោះគណបក្សនេះ ក្នុងការដឹកនាំប្រទេសឲ្យមានការផ្លាស់ប្ដូរជីវភាពរបស់ពួកគាត់បាន។
ពាក់ព័ន្ធនឹងបញ្ហានេះ មុនពេលព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសដល់ លោក សម រង្ស៊ី នោះ គេសង្កេតឃើញ លោក សម រង្ស៊ី ធ្លាប់បានអះអាងយ៉ាងមោះមុតថា លោកនឹងវិលត្រឡប់មកកម្ពុជា វិញ បើទោះបីជាលោកដឹងថានឹងមានការចាប់ខ្លួនលោកក៏ដោយចុះ។
បញ្ហានេះ អាចបញ្ជាក់បានថា ទំនងជាលោក សម រង្ស៊ី ដឹងថា គណបក្សរបស់លោកកំពុងតែមានប្រជាប្រិយភាព និងទទួលការគាំទ្រពីប្រជាជនស្ទើរពាក់កណ្ដាល ពិសេសក្រុមយុវវ័យក្មេង។
លោក សម រង្ស៊ី ប្រហែលជាដឹងទៀតថា នៅពេលលោកវិលត្រឡប់មកកម្ពុជា វិញ បើសិនជាលោក ហ៊ុន សែន នៅតែប្រកាន់គោលជំហរមិនសម្របសម្រួល ហើយសម្រេចចិត្តចាប់លោកដាក់ពន្ធនាគារតាមការអះអាងរបស់ក្រសួងមហាផ្ទៃ នោះ អាចនឹងមានការផ្ទុះកំហឹងបង្កជាអំពើហិង្សាកើតឡើង ពីសំណាក់យុវជនដែលកំពុងពុះកញ្ជ្រោលគាំទ្រគណបក្សប្រឆាំងមួយនេះជាក់ជាមិនខាន។
សន្ទុះយុវជនបានចេញមុខជាចំហកាន់តែច្រើនឡើងៗ ពិសេសគេបានឃើញនៅពេលក្បួនដង្ហែរបស់គណបក្សនេះនៅតាមរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ ការចូលរួមរបស់យុវជន ទី១ អាចថា យុវជនមានជំនឿចិត្តលើគណបក្សនេះ ថានឹងអាចផ្ដល់ការងារធ្វើកាន់តែច្រើននៅពេលឈ្នះឆ្នោត។ ទី២ អាចថា យុវជនចង់ឃើញប្រទេសកម្ពុជា មានការផ្លាស់ប្ដូរមេដឹកនាំ ដោយចង់សាកល្បងមេដឹកនាំថ្មី ជាជាងមានមេដឹកនាំដដែលៗជិត ៣០ឆ្នាំមកហើយនោះ ដោយហេតុថា នៅរាល់ក្បួនដង្ហែឃោសនារបស់គណបក្សសង្គ្រោះជាតិ ក្រុមយុវជនទាំងនោះបានស្រែកពាក្យថា ប្ដូរព្រមគ្នា ដែលមានសំឡេងឮកងរំពងទៅកាន់ប្រជាពលរដ្ឋជាដើម។
យ៉ាងណាក៏ដោយ គណបក្សកាន់អំណាចនឹងមិនបណ្ដោយឲ្យគណបក្សប្រឆាំងមួយនេះធ្វើអ្វីតាមតែអំពើចិត្តនោះទេ។
ថ្ងៃណាមួយ គណបក្សប្រឆាំងមួយនេះអាចនឹងត្រូវបានគណបក្សកាន់អំណាចប្រើវិធីសាស្ត្រចាស់ ដើម្បីបំបែកសំឡេងគាំទ្រ។ ប៉ុន្តែ បើសិនជាគណបក្សប្រឆាំងមួយនេះនៅតែបន្តរួបរួមគ្នា ហើយមិនមានការបែកបាក់គ្នាទេនោះ ប្រហែលជាអាចដណ្ដើមអាសនៈពីគណបក្សប្រជាជនកម្ពុជា ហើយនឹងអាចឈានដល់ការឈ្នះឆ្នោតក្នុងការបោះឆ្នោតនាអាណត្តិក្រោយក៏អាចថាបាន៕
No comments:
Post a Comment
yes