ក្រុមយុវជន ក្រោយពីបោះឆ្នោតរួច នៅឃ្លាំចាំមើលសន្លឹកឆ្នោត
នៅមណ្ឌលបោះឆ្នោតវត្តចម្ប៉ា
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ដែលមានរយៈពេលមួយខែក្នុងប្រទេស កម្ពុជាសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ កន្លងមកនេះ សំឡេង «ដូរ ឬ មិនដូរ?» បានឮសូរគ្រប់កន្លែងពេញប្រទេសកម្ពុជា ដែលនេះជាសំឡេងបន្លឺឡើងដោយអ្នកគាំទ្របក្សជំទាស់គឺគណបក្ស សង្គ្រោះជាតិ។ សម្រាប់គណបក្សសង្គ្រោះជាតិចម្លើយគឺតែងតែ «ដូរ»។
មកជិតដល់ថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត អ្នកគាំទ្រគណបក្សប្រជាជនមានអារម្មណ៍រំខានជ្រេញចំពោះសម្រែករបស់ គណបក្សជំទាស់នេះ រហូតដល់នឹកឃើញបង្កើតទិសស្លោករបស់ខ្លួនតបតវិញថា «លុះក្ស័យមិនដូរ» និង «មិនដូរ ...ម៉េចចុះ?» មុនយុទ្ធនាការបោះឆ្នោតនិងក្នុងអំឡុង ពេលយុទ្ធនាការបោះឆ្នោត គេសង្កេតឃើញមានការព្រមានថាអាចនឹងមានសង្គ្រាម ឬ ចលាចលសង្គម ឬអស្ថិរភាពសង្គម ដោយចៀសមិនរួច ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនិងបង្កើតរដ្ឋាភិបាល ហើយដែលការព្រមាននេះចេញមកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សង្គ្រាមអាចនឹងវិលត្រឡប់មកវិញប្រសិនបើគណបក្សប្រជាជន ចាញ់ការបោះឆ្នោតថា្នក់ជាតិក្នុងខែកក្កដានេះ (កាសែត ខេមបូឌា ដេលី ថ្ងៃ ២៧ មិថុនា ២០១៣)។
ក៏មានការព្រមានពីកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីថា អាចនឹងមានជម្លោះស៊ីវិល ព្រមទាំងអស្ថិរភាពនិងចលាចលសង្គម (ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃ២២ កក្កដា ២០១៣) ពីម្ចាស់វិទ្យុ អេប៊ីស៊ី ពីអ្នកអត្ថាធិប្បាយតាមទូរទស្សន៍ហើយជាចុងក្រោយ មានការបញ្ចាំងតាមទូរទស្សន៍ក្នុងស្រុក អំពីសង្គ្រាមអតីតកាលនៅប្រទេស កម្ពុជា ក្នុងនាទីចុងក្រោយនៃរយៈពេលធ្វើយុទ្ធនាការបោះឆ្នោតរហូតដល់ពាក់កណ្តាលរាត្រីនៃថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០១៣ ដែលជាពេលចុងក្រោយបំផុតនៃការធ្វើយុទ្ធនាការបោះឆ្នោត។
តើប្រជាជនខ្លាចមានសង្គ្រាមដែរឬទេ? មានអារម្មណ៍បែបនេះមួយកើតឡើងពាសផ្ទៃប្រទេស។ គេអាចមើលឃើញអំពីក្តីបារម្ភរបស់ប្រជាជន ថាតើអាចនឹងមានសង្គ្រាមដែរឬទេ? មានការសង្ស័យថា សង្គ្រាមអាចនឹងកើតឡើងដោយចៀសមិនផុត។ ឪពុកម្តាយឬញាតិសន្តាន បានទូរស័ព្ទពីតាមខេត្តរកគ្នានៅភ្នំពេញ ឬនៅខេត្តផ្សេងៗទៅវិញទៅមកដើម្បីចង់ដឹងថា តើសង្គ្រាមអាចនឹងកើតមានឬអត់? មានប្រជាជនដែលបានចាប់ផ្តើមនិយាយអំពីការប្រាថ្នាចៀសឲ្យផុតពីសង្គ្រាម ដោយសារប្រជាជនមួយចំនួននៅមានការចងចាំស្រស់ៗ នៅឡើយអំពីសង្គ្រាមក្នុងអតីតកាល ហើយមានប្រជាជនជាច្រើនទៀតដែលនៅបន្តរងការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែសង្គ្រាមស៊ីវិលក្នុងប្រទេសដែលពួកគាត់បានឆ្លងកាត់ ជាពិសេសសម្រាប់អ្នកដែលមានវ័យប្រហែលចាប់ពី ៣៥ ឆ្នាំឡើងទៅ។ សម្រាប់អ្នកដែលបង្ហាញនូវកង្វល់ទាំងអស់ដូចខាងលើនេះចំពោះសំណួរ ថាតើពួកគាត់ខ្លាចមានសង្គ្រាមដែរឬទេ? ចម្លើយប្រាកដជាត្រូវហើយពួកគាត់ពិតជាខ្លាចមានសង្គ្រាម។
តើ ប្រជាជនចង់ឲ្យមានការផ្លាស់ប្តូរដែរឬទេ? ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត មានមនុស្សកាន់តែច្រើនឡើងៗ បានចូលរួមនៅតាមផ្លូវដែលបង្កើតបានជាការប្រមូលផ្តុំដ៏ធំ ជាប្រវត្តិសាស្ត្រនៃយុទ្ធនាការបោះឆ្នោត គឺថា ចំនួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានចំនួនច្រើនខ្លាំង រហូតដល់ពិបាកក្នុងការពន្យល់ អំពីការចូលរួមនេះ។ ប្រជាជនធ្លាប់តែធ្វើពុតជាមិនមែនអ្នកគាំទ្ររបស់បក្សជំទាស់ ទោះបីជាពួកគាត់ជាអ្នកគាំទ្រមែនក៏ដោយ។ ប្រជាជនដែលមិនធ្លាប់ហ៊ានបង្ហាញការគាំទ្រគណបក្សជំទាស់ដោយចំហបែបនេះ ដោយសារតែការភ័យខ្លាចអាជ្ញាធររបស់បក្សកាន់អំណាចធ្វើការគាបសង្កត់ឬព្រងើយកន្តើយមិនយកចិត្តទុកដាក់ជាមួយខ្លួននោះបានចាប់ផ្តើមបង្ហាញការគាំទ្រនៅតាមផ្ទះ ពេលចាប់ផ្តើមចេញពីផ្ទះ និងតាមបណ្តាញអ៊ីនធឺណិត។ ក្រៅពីជឿថាការបង្ហាញការគាំទ្រនេះ ជាការធ្វើឡើងចេញពីទឹកចិត្តពិតៗនោះក៏មានការលើកឡើងនូវរឿងរ៉ាវ ជាច្រើន អំពីការបង្ហាញការគាំទ្រ ចំពោះគណបក្សជំទាស់មួយនេះ ដោយអ្នកខ្លះថា ការចូលរួមនេះ គ្រាន់តែជាការកម្សាន្តសប្បាយ ជាការចែចង់គ្នាបែបយុវវ័យ ជាការប្រើពេលវេលាដែលមិនមានការងារអ្វីធ្វើជាដើម។ សំណួរសួរថា តើប្រជាជនចង់ផ្លាស់ប្តូរដែរឬទេ?
ចម្លើយគឺ ប្រហែលជាចង់! ថ្ងៃអាទិត្យ ២៨ កក្កដា ២០១៣ គឺជាថ្ងៃដ៏វែងខុសពីសព្វមួយដង។ ប្រជាជនទៅបោះឆ្នោត ទៅជួយអ្នកដទៃរកឈ្មោះបោះឆ្នោត ទៅទប់ស្កាត់មិនឲ្យជនចម្លែក(ជនដែលប្រជាជនដឹងថា មិនមែនជាមនុស្សរស់នៅតំបន់នោះ) អាចបោះឆ្នោតបាន ទៅទាមទារបោះឆ្នោតនៅពេលដែលឈ្មោះរបស់ពួកគាត់បាត់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយអាថ៌កំបាំង ទៅឃ្លាំមើលការរាប់សន្លឹកឆ្នោត និងបញ្ហាផ្សេងៗទៀត ឬអាចនិយាយបានថា ប្រជាជនមានការប្រុងប្រយ័ត្នមែនទែនទៅលើគ្រប់រឿងរ៉ាវដែលកំពុងកើតឡើងក្នុងការិយាល័យនិងមណ្ឌលបោះឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ នេះមានភាពខុសប្លែកពីការបោះឆ្នោតមុនៗ ការយកចិត្តទុកដាក់អំពីសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោតដ៏វែងនេះ ក៏មានការខុសប្លែកពីការបោះឆ្នោតមុនៗដែរ ហើយប្រតិកម្មតបតនៅពេលរាប់សន្លឹកឆ្នោតនៅពេលរសៀលក៏មានភាពខុសប្លែកដែរ គឺប្រជាជនបានឃ្លាំមើលការរាប់សន្លឹកឆ្នោតដោយហ្មត់ចត់ជាទីបំផុត។
ជាលទ្ធផលមានការកើនឡើងចំនួនអាសនៈដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើគណបក្ស សង្គ្រោះជាតិ និងមានការថយចុះនៃចំនួនអាសនៈដ៏គួរឲ្យរន្ធត់ ទៅលើគណបក្សប្រជាជន សម្រាប់អាណត្តិរដ្ឋសភានីតិកាល ទី៥ខាងមុខនេះ ទោះបីជាមិនទាន់ដឹងលទ្ធផលចុងក្រោយជាផ្លូវការក៏ដោយ។
ការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកបោះឆ្នោត គឺជាភ័ស្តុតាងបញ្ជាក់ថា ប្រជាជនចង់មានការផ្លាស់ប្តូរ ហើយអ្វីដែលជាក់ច្បាស់មែនទែននោះ គឺចំនួនសន្លឹកឆ្នោតដែលប្រជាជនបានបោះនេះបញ្ជាក់អំពីសេចក្តី ត្រូវការក្នុងការផ្លាស់ប្តូរ ដោយសារថា បើតាមចំនួនសន្លឹកឆ្នោតបណ្តោះអាសន្នចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) ចំនួនសន្លឹកឆ្នោតមិនគ្រាន់តែកើនឡើងសម្រាប់គណបក្សសង្គ្រោះជាតិទេ តែចំនួនសន្លឹកឆ្នោតនេះ ក៏មានការថយចុះសម្រាប់គណបក្សប្រជាជនដែរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីឆ្នាំមុន។ នេះគឺជាសញ្ញានៃសេចក្តីប្រាថ្នាចង់ផ្លាស់ប្តូរ ។
ដូច្នេះ ចម្លើយដែលថា ប្រជាជនប្រហែលជាចង់ផ្លាស់ប្តូរ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត បានក្លាយទៅជាត្រូវ ហើយប្រជាជនចង់ផ្លាស់ប្តូរវិញ នៅពេលល្ងាចនៃថ្ងៃបោះឆ្នោត។ មុនពេលស្បៃរាត្រីចូលមកដល់នាថ្ងៃបោះឆ្នោត បន្ទាប់ពីបានបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិ បោះឆ្នោតដែលជាសិទ្ធិមួយក្នុងចំណោមសិទ្ធិនយោបាយផ្សេងៗទៀតរួចហើយនោះ ភាពភ័យខ្លាច បានចាប់ផ្តើមលេចចេញជារូបរាងប្រាកដឡើងជាថ្មីម្តងទៀត។ ការបិទផ្លូវនៅជុំវិញផ្ទះរបស់នាយករដ្ឋមន្ត្រីនៅក្នុងទីក្រុង ការចល័តយោធា ដែលគេបានឃើញកើតមានឡើងក្នុងក្រុង ភ្នំពេញ កុបកម្មនៅវត្ត ស្ទឹងមានជ័យ និងការបាញ់ទៅលើមេឃប៉ុន្មានគ្រាប់នោះ គ្មានអ្វីក្រៅពីបានធ្វើឲ្យអារម្មណ៍ខ្លាចមានសង្គ្រាមកើតឡើងនោះកាន់តែមានច្បាស់លាស់ឡើង ដែលកាលពីមុនពេលបោះឆ្នោត អារម្មណ៍ទាំងនោះគ្រាន់តែស្ថិតនៅជាការសង្ស័យតែប៉ុណ្ណោះ។ ប្រជាជនបានចាប់ផ្តើមទូរស័ព្ទពីតាមខេត្តមកសួរសាច់ញាតិរបស់ខ្លួនថា តើសង្គ្រាមនឹងចាប់ផ្តើមមែនឬ?
ពួកគាត់បានសុំឲ្យសាច់ញាតិប្រញាប់វិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីគេចចៀសពីសង្គ្រាម ដែលអាចនឹងកើតមានឡើង។ ប្រជាជននៅភ្នំពេញបានទូរស័ព្ទទៅសាច់ញាតិ ឬមិត្តភក្តិ ដើម្បីស្វែងរកការលួងចិត្តថានឹងមិនមានសង្គ្រាមកើតឡើងទេ។ មនុស្សរាប់រយនាក់តម្រង់ជួរដើម្បីដកលុយចេញ ពីម៉ាស៊ីន (ATM) ដកលុយពីធនាគារ។ អ្នកខ្លះបានទិញអង្ករ ម្ហូបអាហារ គ្រឿងទេស និងរបស់ដទៃទៀតក្នុងសភាពមួយយ៉ាងតក់ក្រហល់។ ហាងមួយចំនួនបានបិទទ្វារ ក្នុងខណៈពេលដែលអតិថិជនកំពុងរង់ចាំ។ យានជំនិះត្រូវបានយកទៅចាក់សាំងឲ្យពេញ។ ចរាចរក្នុងទីក្រុងក្លាយទៅជាមានសភាពស្ងាត់ជ្រងំខុសប្លែកពីធម្មតា ក្នុងខណៈពេលនោះក៏មានប្រជាជនមួយចំនួន បានរូតរះ ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញដើម្បីបានជួបជុំសាច់ញាតិដែលរស់នៅតាមបណ្តាខេត្តនានានៅល្ងាចឬយប់ថ្ងៃបោះឆ្នោតនោះដែរ។ សូមសួរម្តងទៀតថា តើប្រជាជនខ្លាចសង្គ្រាមឬទេ?
ចម្លើយនៅក្រោយការបោះឆ្នោតក៏នៅតែពិតណាស់ ប្រជាជនពិតជាខ្លាចមានសង្គ្រាម។ បើដូច្នេះ រវាងការភ័យខ្លាចមានសង្គ្រាម និងក្តីប្រាថ្នា ចង់បានការផ្លាស់ប្តូរ តើមួយណាខ្លាំងជាង? ការភ័យខ្លាច និងសេចក្តីប្រាថ្នា គឺជាអារម្មណ៍។ សង្គ្រាម គឺជាអ្វីដែលប្រជាជនមិនចង់ឲ្យកើតមានឡើងទេ ចំណែកឯការផ្លាស់ប្តូរគឺជាអ្វីដែលប្រជាជនចង់ឲ្យកើតមានឡើង។ សេចក្តីជ្រួលច្រាល់ក្នុងចិត្តនិងប្រតិកម្មតបត មុននិងក្រោយពេលបោះឆ្នោត បង្ហាញច្បាស់ណាស់ អំពីការភ័យខ្លាចមានសង្គ្រាមកើតឡើង។ ក៏ប៉ុន្តែ ការធ្វើលំហាត់លើសន្លឹកឆ្នោត និងអាកប្បកិរិយាបង្ហាញឡើងក្នុងថ្ងៃបោះឆ្នោតបង្ហាញច្បាស់ណាស់អំពី សេចក្តីប្រាថ្នាចង់បានការផ្លាស់ប្តូរ។ វាអាចជាអាកប្បកិរិយាជំទាស់ទៅនឹងទំនៀមនយោបាយសង្គម។ ក៏ប៉ុន្តែសេចក្តីប្រាថ្នាក្នុងការផ្លាស់ប្តូរពិតជាមានទំហំខ្លាំង ជាងទំហំនៃការភ័យខ្លាច!
ទោះជាយ៉ាងណាក្តីរដ្ឋាភិបាល ដែលត្រូវបង្កើតឡើង ក្នុងពេលខាងមុខ ត្រូវស្តាប់ដោយហ្មត់ចត់បំផុត នូវសំឡេងម្ចាស់ឆ្នោតដែលបានបោះជូនគណបក្សទាំងពីរទាំងគណបក្ស ប្រជាជនទាំងគណបក្សសង្គ្រោះជាតិ។ ស្ថិរភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែបន្តរក្សាឲ្យបាន និងត្រូវបោះជំហានឆ្ពោះទៅមុខជានិច្ច ហើយក្នុងខណៈពេលទន្ទឹមគ្នានេះដែរ ត្រូវមានការគោរព ការពារ និងបំពេញសិទ្ធិមនុស្សត្រូវដោះស្រាយបញ្ហាអំពើពុករលួយ ត្រូវពង្រឹងសេវាសុខភាពសេវាសង្គមត្រូវធ្វើឲ្យប្រព័ន្ធយុត្តិធម៌មានឯករាជ្យត្រូវលើកកម្ពស់គុណភាពក្នុងវិស័យអប់រំត្រូវផ្តល់ប្រាក់ខែសមរម្យសម្រាប់គ្រប់វិស័យ និងត្រូវធ្វើនេះធ្វើនោះជាច្រើនទៀតឲ្យបានប្រសើរ។
អ្នកណាក៏ដោយដែលត្រូវដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិនេះ ត្រូវដឹងថា ពលរដ្ឋបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដើម្បីបម្រើប្រជាពលរដ្ឋនិងការពារផលប្រយោជន៍ប្រជាពលរដ្ឋ មិនមែនដើម្បីតែបម្រើផលប្រយោជន៍របស់បក្សខ្លួនឯងតែមួយមុខនោះទេ៕
No comments:
Post a Comment
yes