សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 18, 2013

ពលរដ្ឋ​៖រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ស្រ្តី​លក់​បាយ

អេង សុខុម ៦១០
សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​
សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​
វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣

ក្រុម​គ្រួសារ​សព​លោកស្រី​ អេង​ សុខុម​ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​របស់សមត្ថកិច្ច ទៅលើកម្មករ​រោងចក្រ​ អែស អិល​ (SL)​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ​ទេ​។

រហូត​មក​ដល់​ពេល​នេះ​គណៈកម្មការ​ស៊ើប​អង្កេត​ ស្វែង​រក​ឃាតក​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នោះ​ មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្តន្ទា​ទោស​នៅ​ឡើយ​។
ចំណែក​ពល​រដ្ឋ​ ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ហេតុការណ៍​នោះ​ បាន​រិះគន់​ចំពោះ​អំពើ​សាហាវ​របស់​សមត្ថកិច្ច​ ដែល​បាន​ប្រើ​ហិង្សា​បង្ក្រាប​លើ​កម្មករ​ រហូត​ឈាន​ទៅ​បាញ់​កាំភ្លើង​គ្រាប់​ពិត​ ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​របួស​។
ក្រោយ​ការ​ស្លាប់​ស្រ្តី​លក់​បាយ​ នៅ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​ ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ​រហូត​ដល់​ថ្ងៃ​នេះ​។ រី​ឯ​សមត្ថកិច្ច​ហាក់​ដោះ​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ភ្លាម​ៗ​ ដោយ​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​ជន​ទី​៣​ ដោយ​ចោទ​ថា​មាន​ជន​បង្កប់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​មនុស្ស​។ ប៉ុន្តែ​មាន​សាក្សី​ពលរដ្ឋ​ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ បញ្ជាក់​ថា​ ពេល​នោះ​គ្មាន​ជន​ទី​៣​ឯ​ណា​មាន​ប្រើ​កាំភ្លើង​ទេ​ លើក​លែង​តែ​ក្រុម​សមត្ថកិច្ច​។

ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាញ់រះ​ របស់​សមត្ថកិច្ច​បង្ក្រាប​លើ​ក្រុម​បាតុករ​រោងចក្រ ​អែស​ អិល​ ទទូច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​មក​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​បាញ់​ស្លាប់​ស្រ្តី​លក់​បាយ​ម្នាក់​ ដោយ​ពុំ​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​។
សព​ស្ត្រី​ស្លាប់​នៅ​ស្ទឹងមានជ័យ ៦១០
១៤-វិច្ឆិកា-២០១៣៖ ក្រុម​គ្រួសារ​សព​ស្ត្រី​អ្នក​លក់​បាយ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ពិធី​បូជា​សព នា​វត្ត​សំបួរមាស។ RFA/Khe Sonorng














ពល​រដ្ឋ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ​ គឺ​លោក​ សាំង​ ផល្លី​ រៀប​រាប់​ថា​ មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ កើត​ចេញ​ពី​ការ​រាំង​ផ្លូវ​មិន​ឲ្យ​ហ្វូង​បាតុករ​រោងចក្រ​អែស​ អិល​ ដង្ហែ​ក្បួន​បាតុកម្ម​ទៅ​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្រ្តី​។ លោក​បញ្ជាក់​ថា​ក្រុម​បាតុករ​ ពេល​នោះ​ បាន​ប្រើ​ដុំ​ថ្ម​គប់​ទៅ​ក្រុម​សមត្ថកិច្ច​ នៅ​គ្រា​ដែល​សមត្ថកិច្ច​ព្យាយាម​បំបែក​ពួក​គេ​ ដោយ​បាញ់​ទឹក​ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។
ប្រភព​ដដែល​បន្ត​ថា​ ពេល​ដែល​ស្ថានភាព​តានតឹង​ និង​ជ្រួល​ច្របល់​ខ្លាំង​ សមត្ថកិច្ច​បាន​ប្រើ​កំាភ្លើង​គ្រាប់​ពិត​បាញ់​ស្រោច​ទៅ​លើ​បាតុករ​ ហើយ​ធ្វើ​ឲ្យ​បាតុករ​ជា​ច្រើន​នាក់​រង​របួស​ ពិសេស​ គ្រាប់​កាំភ្លើង​បាន​ហើរ​ចេញ​ពី​ទិស​ ដែល​សមត្ថកិច្ច​ឈរ​ ទៅ​ចំ​ស្រ្តី​លក់​បាយ​ម្នាក់​ស្លាប់​។  នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ ក្រៅ​ពី​មនុស្ស​ម្នាក់​ស្លាប់​ មាន​មនុស្ស​ជិត​១០​នាក់​រង​របួស​។ លើស​ពី​នេះ​បុរស​ពីរ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ថា​បាន​ប្រើ​ហិង្សា​ ដោយ​ចេតនា​។
ភ្លាម​ៗ​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាលជាតិ​ លោក​ គៀត​ ចាន់​ថា​រិទ្ធិ​ បញ្ជាក់​ថា​ ការ​ផ្ទុះ​អាវុធ​បង្ក​ឲ្យ​ស្រ្តី​អ្នក​លក់​បាយ​ស្លាប់​ គឺ​មិនមែន​សមត្ថកិច្ច​ជា​អ្នក​បង្ក​ឡើង​ទេ​ គឺ​អាច​មាន​ជន​ទី​៣​ បាញ់​ទៅ​លើ​ពលរដ្ឋ​នោះ​។ លោក​បន្ត​ដែរ​ថា​គណៈកម្មការ​ស៊ើប​អង្កេត​ កំពុង​ដំណើរការ​ស្វែង​រក​ឃាតករ​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ​។
យ៉ាង​ណា​ លោក​ សំាង​ ផល្លី​ ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​ បញ្ជាក់​ថា​ មិនមាន​ជន​ទី​៣​ឯណា​ មក​បាញ់​សម្លាប់​ពលរដ្ឋ​រងគ្រោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​ឯណោះ​ទេ​ ដែល​មាន​កំាភ្លើង​បាញ់​រះ​ ទៅ​លើ​កម្មករ​ និង​ពលរដ្ឋ​។ លោក​ជឿ​ថា​គ្រាប់​ដែល​ហើរ​ទៅ​ប៉ះ​ស្រ្តី​រងគ្រោះ គឺ​ចេញ​ពី​កាណុង​កំាភ្លើង​ របស់​សមត្ថកិច្ច​។
ប៉ូលិស អែស.អិល ៦១០
១២-វិច្ឆិកា-២០១៣៖ ក្រុម​ប៉េអឹម​រៀប​ក្បួន​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​កម្មករ​រោងចក្រ អែស.អិល ដែល​ព្យាយាម​សម្រុក​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ។ RFA/Den Ayuthyea













មិន​ខុស​គ្នា​ដែរ​ ក្មួយ​ប្រុស​ស្រ្តី​អ្នក​លក់​បាយ​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ​ គឺ​លោក​ ហៃ​ រិទ្ធ​ ប្រាប់​ថា​សមត្ថកិច្ច​មាន​ចេតនា​បាញ់​គ្រាប់​ពិត​តម្រង់​ទៅ​កម្មករ​ នៅ​ពេល​ដែល​ក្រពុល​មុខ​ខ្លាំង​ មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ លោក​បន្ត​ថា​ មាន​សាក្សី​ជា​ពលរដ្ឋ​ និង​កម្មករ​រោងចក្រ ​អែសអិល ​ជាច្រើន​ ឃើញ​ផ្ទាល់​ភ្នែក​ថា​ គ្រាប់​ដែល​បាញ់​នោះ​ គឺ​ចេញ​ពី​សមត្ថកិច្ច​។ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាស​ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ ហើយ​បែរ​ជា​ទម្លាក់​កំហុស​ទៅ​ជន​ទី​៣​។  លោក​បន្ត​ថា​ គ្មាន​ទេ​ជន​ទី​៣​ ក្នុង​ហេតុការណ៍​នោះ​។ លោក​ចាត់​ទុក​ថា សមត្ថកិច្ច​មាន​បំណង​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ដោយ​ឡែក​ពី​គណៈកម្មការ​របស់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ស្វែង​រក​ឃាតករ​ពិត​មក​ផ្តន្ទាទោស​។
ពលរដ្ឋ​មួយ​រូប​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ យល់​ឃើញ​ថា​ សមត្ថកិច្ច​កំពុង​ព្យាយាម​បន្លំ​ភ្នែក​មហាជន​ និង​បាន​បង្វែរ​សាច់​រឿង​នៃ​ការ​បាញ់​សម្លាប់​ស្រ្តី​អ្នក​លក់​បាយ​ ទៅ​ជន​ទី​៣​ ដែល​តាម​ពិត​ជន​ទី​៣ ក្នុង​សាច់​រឿង​នោះ​ គឺ​គ្មាន​រូប​រាង​ឡើយ​។ ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ បញ្ជាក់​ថា គាត់​បាន​រត់​គេច​ពី​ការ​ដេញ​បាញ់​របស់​សមត្ថកិច្ច​ ខណៈ​ដែល​បុរស​ម្នាក់​ទៀត​ រត់​ពី​ក្រោយ​គាត់​ត្រូវ​គ្រាប់​ត្រង់​ជើង​ ដែល​នេះ​ជា​តឹកតាង​មួយ​ថា​គ្មាន​នរណា​បាញ់​ ក្រៅ​ពី​សមត្ថកិច្ច​ឡើយ​។
ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ ដែល​កាលណោះ​ស្ថិត​ក្នុង​ហេតុ​ការណ៍​បង្ក្រាប​ក្រុម​បាតុកម្ម​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ យល់​ឃើញ​ការ​បង្វែរ​ទៅ​លើ​ជន​ទី​៣​ ថា​ជា​អ្នក​បាញ់​ឲ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​ គឺ​គ្រាន់​តែ​ជា​ការ​បង្វិល​ការ​ទទួល​ខុស​ត្រូវ​ពី​ទង្វើ​ប្រតិបត្តិការ​ របស់​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ប៉ុណ្ណោះ​។ ការ​ពិត​អ្នក​ស្លាប់​ និង​អ្នក​របួស​ បាន​ត្រូវ​គ្រាប់​ដែល​ចេញ​ពី​ហ្វូង​សមត្ថកិច្ច​។
17a












អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ​ ស៊ីផាន​ ចាត់​ទុក​អ្នក​ចោទ​ប្រកាន់​សមត្ថកិច្ច​ ថា​បាន​បាញ់​សម្លាប់​ស្រ្តី​អ្នក​លក់​បាយ​ ថា​ជា​មនុស្ស​ព្រៃ​ ខ្វះ​មូលដ្ឋាន​ពិត​។ ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​រក​ឃាតករ​ពិត​នោះ​ អ្នក​នាំ​ពាក្យ​រូប​នេះ​ ពន្យល់​ថា​ រាល់​ការ​វិនិច្ឆ័យ​ក្តី​នីមួយ​ៗ​ មិន​ដែល​យក​យន្តការ​ឯករាជ្យ​មក​ធ្វើការ​ទេ​។
យ៉ាងណា​ លោក​ អំ​ សំអាត​ នៃ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ​ បញ្ជាក់​ថា​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​ស្លាប់​ស្រ្តី​លក់​បាយ​ ព្រោះ​ទង្វើ​របស់​សមត្ថកិច្ច​ ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​អនុវត្តន៍​ច្បាប់​ គឺ​នីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​។
បង​ស្រី​ជីដូន​មួយ​នៃ​សព​លោកស្រី​ អេង​ សុខុម​ គឺ​លោកស្រី​ រឿង​ ណាត​ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​ ដើម្បី​រក​ឃាតករ​ពិត​ ដែល​បាញ់​សម្លាប់​ប្អូន​របស់​គាត់​។ លោកស្រី​ ជឿ​ថា​ សមត្ថកិច្ច​ជា​ជន​ដៃ​ដល់​ក្នុង​រឿង​បាញ់​សម្លាប់​នេះ​។
ករណី​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​សមត្ថកិច្ច​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​ ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ ទៅ​លើ​ជន​ទី​៣​។ ជាក់ស្តែង​ដូច​ករណី​ប៉ះ​ទង្គិច​គ្នា​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ នៅ​ថ្ងៃ​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ ដែល​កាលណោះ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ ឈ្មោះ​ ម៉ៅ​ សុខចាន់​ស្លាប់​ ក៏​សមត្ថកិច្ច​បាន​ទម្លាក់​បន្ទុក​ទៅ​លើ​ជន​ទី​៣​ដែរ​ រហូត​បង្កើត​គណៈកម្មការ​មួយ​ស៊ើប​អង្កេត​រក​ឃាតករ​ពិត​។ ផ្ទុយ​ទៅ​វិញ​ គណៈកម្មការ​ដែល​មាន​ឈ្មោះ​នោះ​ នៅ​មិន​ទាន់​រក​ជន​ទី​៣​ ឬ​ឃាតករ​ពិត​យក​មក​ផ្តន្ទាទោស​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ ដែល​ស្លាប់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes