
លោក សុរិយា ប្រាសាទស៊ូប៊ែឌី នៅព្រឹកថ្ងៃចន្ទនេះ ទទួលញត្តិ
របស់សហជីពពហុវិស័យ នៅខាងមុខទីស្នាក់ការអង្គការ
សហប្រជាជាតិប្រចាំកម្ពុជា (រូបភាពដោយ តាំង វីដា)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ប្រាសាទស៊ូប៊ែឌី នៅព្រឹកថ្ងៃចន្ទនេះ សន្យាថានឹងយកបញ្ហាសុំឲ្យដោះលែងជនជាប់ចោទទាំង២៣រូប ទៅជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃខាងមុខ។
សហជីពពហុវិស័យ ដែលមានសង្គមស៊ីវិលចំនួន៧ រួមទាំងអ្នកបឹងកក់ និងបុរីកីឡាផងនោះនៅព្រឹកថ្ងៃចន្ទនេះ បានដាក់ញត្តិទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះលែង សកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ព្រមទាំងបញ្ឈប់ការប្រើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ច ទៅលើបាតុករអហិង្សា។
លោក សុរិយា ស៊ូប៊ែឌី បានចេញមកទទួលញត្តិ ដោយសន្យាថា នឹងយកបញ្ហាដែលបានសរសេរក្នុងញត្តិនោះ ទៅជជែកជាមួយមន្ត្រីរដ្ឋាភិបាល។
លោក សុរិយា ស៊ូប៊ែឌី កំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ទី ១៨ ខែមករា ឆ្នាំ ២០១៤។ ក្នុងដំណើរទស្សនកិច្ចនេះ លោក នឹងគ្រោងជួបជាមួយថ្នាក់ដឹកនារាជរដ្ឋាភិបាល-រដ្ឋសភា ថ្នាក់ដឹកនាំបក្សប្រឆាំង និងអង្គការ សង្គមស៊ីវិលមួយចំនួនផងដែរ។
លេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន ឲ្យដឹងថា ញត្តិដែលដាក់ជូនលោក ស៊ូប៊ែឌី មានគោលដៅទាមទាររដ្ឋាភិបាល ដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា ក្រោមហេតុផលថា ជនទាំងនោះ គ្រាន់តែជាអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងជាអ្នកសម្របសម្រួលការទាមទារតែប៉ុណ្ណោះ មិនមែនជាអ្នកញុះញង់ឲ្យកើតមានហិង្សា ដូចការចោទប្រកាន់នោះទេ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ២៣នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងទ័ពឆ័ត្រយោង៩១១ នៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យ និងនៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ខណៈកម្មករទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ ក្នុងនោះមាន លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន សកម្មជនសហជីព លោក ចាន់ ពុទ្ធិស័ក្កិ ជាសកម្មជនដីធ្លី រួមនឹងកម្មករ២០នាក់ផ្សេងទៀត៕
No comments:
Post a Comment
yes