សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 3, 2014

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ទាមទារ​ឲ្យ​កម្ពុជា​ចាត់​វិធាន​ការ​ការពារ​អ្នក​សារព័ត៌មាន

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​
ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ថ្កោលទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ វាយ​បង្ក្រាប​ទៅ​លើ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​នាំ​យក​ជន​ដៃ​ដល់ និង​អ្នក​ទទួល​ខុស​ត្រូវ មក​ផ្ដន្ទាទោស​តាម​ច្បាប់។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្ទាន់ និង​ចាត់​វិធាន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អ្នក​កាសែត​ពី​ការ​រំលោភ​បំពាន។
ការ​ទាមទារ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ឡាយ សាមាន ត្រូវ​បាន​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ព្រួត​គ្នា​វាយ​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​លោក​ចុះ​យក​ព័ត៌មាន និង​ថត​រូប​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា។ ក្រៅ​ពី​អ្នក​កាសែត ក្រុម​សន្តិសុខ​ក៏​បាន​វាយ​បង្ក្រាប​ទៅ​លើ​ព្រះសង្ឃ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ឲ្យ​រង​របួស ក្នុង​នោះ​ក៏​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម ផង​ដែរ។

ប្រធាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ប៊ែនចាមីន អ៊ីស្មាអ៊ីល (Benjamin Ismail) បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន អំពី​បញ្ហា​អសន្តិសុខ​ដែល​កំពុង​តែ​កើន​ឡើង​ចំពោះ​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ឡើយ។ លោក​បន្ត​ថា នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​ពុំ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ការ​បង្ក​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន ចំណែក​រដ្ឋាភិបាល​វិញ រដ្ឋាភិបាល​បែរ​ជា​ពុំ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សារព័ត៌មាន​ទៅ​វិញ។ លោក​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ នឹង​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ឧសភា ថា លោក​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ប្រថុយប្រថាន មិន​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​ចូល​រួម​យក​ព័ត៌មាន​ពិត ដើម្បី​ចែក​រំលែក​ដល់​មហាជន​ទូទៅ។ លោក​ថា និន្នាការ​របស់​រដ្ឋាភិបាល​មិន​ដែល​យក​អ្នក​សារព័ត៌មាន​ជា​ទិសដៅ ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ព្យាយាម​មិន​និយាយ​ឲ្យ​ចំៗ អំពី​វិធាន​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល ចំពោះ​អ្នក​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន​ឡើយ តែ​លោក​បែរ​ជា​ណែនាំ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឯង​ទៅ​វិញ។
លោក ផៃ ស៊ីផាន ៖ «ខ្ញុំ​មិន​មែន​និយាយ​កាន់​ជើង​អ្នក​ដែល​សំពង​នោះ​ទេ ក៏ប៉ុន្តែ​ខ្ញុំ​មាន​ការ​អាណិត​អាសូរ​អ្នក​ដែល​ត្រូវ​គេ​សំពង អា​ហ្នឹង​ដែល​ជា​ការងារ​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​កាសែត​ដែល​មាន​វិជ្ជាជីវៈ មិន​ដែល​មាន​ប៉ះពាល់​សុវត្ថិភាព​ដល់​ពួក​គេ​ទេ អ្នក​ដែល​អត់​មាន​វិជ្ជាជីវៈ​ទេ តែង​តែ​ទទួល​គ្រោះ​ថ្នាក់ អា​ហ្នឹង​អ្វី​ដែល​តាម​សាលា​គេ​បង្រៀន​យើង​តើ»
អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ហៅ​ថា ហ្វ្រីដឹម ហៅស៍ (Freedom House) កាល​ពី​ថ្ងៃ​ទី​១ ឧសភា បាន​ចេញ​របាយការណ៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៤។ ហ្វី្រដឹម ហៅស៍ បាន​ចាត់​ទុក​កម្ពុជា ក្នុង​ប្រភេទ​ប្រទេស​មាន​ពណ៌​ស្វាយ និង​បាន​ចំណាត់​ថ្នាក់​កម្ពុជា លេខ​១៤៧ ដែល​នេះ​មាន​ន័យ​ថា កម្ពុជា ជា​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន​នៅ​ឡើយ។
ចំណែក​ឧត្តម​ស្នងការ​រង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា អ្នកស្រី​ក៏​សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន ពី​សំណាក់​កង​សន្តិសុខ​សាលា​ខណ្ឌ។ អ្នកស្រី​អះអាង​ថា ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​តួនាទី​របស់​ក្រុម​សន្តិសុខ​ខណ្ឌ ក្នុង​ការ​ដោះស្រាយ​រឿង​បាតុកម្ម និង​សណ្ដាប់ធ្នាប់​សាធារណៈ៕

No comments:

Post a Comment

yes