លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ី នៃអង្គការឃ្លាំ
មើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)
សេចក្តីព្រាងច្បាប់បីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ រួមមាន សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងសេចក្តីព្រាងស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា កំពុងស្ថិតក្រោមការពិនិត្យរបស់គណៈកម្មការនីតិកម្មនៃរដ្ឋសភា។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការអាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ប៊្រែដ អាដាម (Brad Adams) រិះគន់សេចក្តីព្រាងច្បាប់ទាំងបីថា បានរំលោភដល់ការបែងចែកអំណាចនៃស្ថាប័នតុលាការដែលជាការផ្ទុយពីរដ្ឋធម្មនុញ្ញ។
ជាអតីតមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងបច្ចុប្បន្នជានាយកប្រតិបត្តិនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅអាស៊ី លោក ប៊្រែដ អាដាម មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដែលរដ្ឋាភិបាលបានបញ្ជូនទៅរដ្ឋសភាកាលពីពេលថ្មីៗនេះ មានចំណុចអាក្រក់ជាច្រើនដែលជាការមាក់ងាយដល់រដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូលនៃប្រទេស។
លោកថា ជាង ២០ឆ្នាំមកហើយដែលពលរដ្ឋកម្ពុជា រង់ចាំអោយមានច្បាប់សំខាន់ទាំងនេះក្នុងក្តីសង្ឃឹមថា នឹងអាចធ្វើអោយតុលាការកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលនយោបាយនាពេលបច្ចុប្បន្ន ក្លាយជាតុលាការឯករាជ្យ បម្រើវិស័យយុត្តិធម៌ដ៏ពេញលេញ។ ប៉ុន្តែផ្ទុយទៅវិញ លោកថា បើមិនកែលំអទេនោះ សេចក្តីព្រាងច្បាប់ទាំងបីនេះនឹងធ្វើអោយការអនុវត្តច្បាប់នៅកម្ពុជា បច្ចុប្បន្ន កាន់តែមានសភាពអាក្រក់ឡើង។
លោក ប៊្រែដ អាដាម៖ «ចំពោះខ្ញុំ សេចក្តីព្រាងច្បាប់ទាំងបី គឺនាំមកនូវការខកចិត្ត និងជាការប្រមាថខ្លាំងណាស់ដល់ពលរដ្ឋកម្ពុជា ដែលបានប្រឹងប្រែងតស៊ូមតិរាប់សិបឆ្នាំមកហើយ ដើម្បីទាមទារអោយតុលាការឯករាជ្យ ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា។ បញ្ហាត្រង់ថា មាត្រាជាច្រើននៅក្នុងច្បាប់ទាំងនេះ បានផ្តល់អំណាចអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទៅលើកិច្ចការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ អំណាចទាំងនោះរួមមាន ការតែងតាំង ការកោះប្រជុំ របៀបវារៈនៃអង្គប្រជុំ និងការចាត់ចែងថវិកា ជាដើម។ និយាយរួម គឺច្បាប់នេះ នឹងធ្វើអោយតុលាការស្ថិតនៅក្រោមក្រសួងយុត្តិធម៌ ជាផ្លូវការ។ ប្រាកដណាស់ រដ្ឋាភិបាលនឹងប្រកែកថាទេ មិនដូច្នេះទេ។ ប៉ុន្តែ ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ បង្ហាញច្បាស់ថា រដ្ឋាភិបាលកម្ពុជា កំពុងតែព្យាយាមអោយតុលាការស្ថិតក្រោមក្រសួងយុត្តិធម៌ ដែលជាស្ថាប័នចំណុះរដ្ឋាភិបាលយ៉ាងពិតប្រាកដ។ ការពិតទៅ អ្វីដែលខ្ញុំនិយាយនេះ គឺកំពុងកើតមានរួចស្រេចទៅហើយ។ ចៅក្រមបានប្រាប់យើងអំពីរឿងនេះ»។
តើអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល អាចធ្វើអ្វីបានខ្លះក្នុងដំណាក់ការនេះ នៅពេលគណៈកម្មការនីតិកម្មនៃរដ្ឋសភា កំពុងពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ហើយដែលអាចនឹងត្រូវអនុម័តក្នុងពេលដ៏ខ្លីខាងមុខនោះ។ លោក ប៊្រែដ អាដាម បានលើកទឹកចិត្តអោយសង្គមស៊ីវិល បង្កើនការតស៊ូមតិអោយកាន់តែផុសផុល។
លោក ប៊្រែដ អាដាម៖ «ពួកគេអាចធ្វើយុទ្ធនាការអោយកាន់តែខ្លាំងឡើងថែមទៀត ដើម្បីទាមទារការកែលំអច្បាប់ទាំងនេះ។ បញ្ហានេះ វាទាក់ទងយ៉ាងសំខាន់ទៅលើ ថាតើសង្គមកម្ពុជា នឹងក្លាយទៅជាសង្គមដែលមានការគោរពសិទ្ធិសេរីភាពផ្អែកលើគោលការណ៍នីតិរដ្ឋ ឬអត់? ឥឡូវនេះ កម្ពុជា មិនមែនជាប្រទេសដែលប្រកាន់យកច្បាប់ជាធំរួចទៅហើយ។ ហើយច្បាប់ទាំងនេះ អាចនឹងផ្លាស់ប្ដូរកម្ពុជា អោយក្លាយទៅជាប្រទេសយកច្បាប់ជាធំ។ យើងនឹងចូលរួមធ្វើយុទ្ធនាការតស៊ូមតិជាមួយពួកគេ ដើម្បីកែប្រែសេចក្តីព្រាងច្បាប់ទាំងនេះ។ ខ្ញុំនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រប់គ្នាចូលរួមសហការគ្នា យើងអាចបញ្ឈប់បាននូវការប៉ុនប៉ងធ្វើច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលដ៏អាក្រក់មួយ។ ដូច្នេះ ខ្ញុំគិតថា អង្គការសង្គមស៊ីវិល មិនគួរបោះបង់ការតស៊ូរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេគួរតែប្រឹងប្រែងទ្វេដងថែមទៀត។ សំខាន់នោះ គឺត្រូវធ្វើយ៉ាងណាអោយសហគមន៍ប្រទេសម្ចាស់ជំនួយ អ្នកសារព័ត៌មាន ជាពិសេសនោះ គឺសាធារណជនកម្ពុជា បានដឹងអំពីសារសំខាន់នៃច្បាប់នេះ និងយល់អំពីចំណុចអាក្រក់ណាខ្លះដែលមាននៅក្នុងសេចក្តីព្រាងច្បាប់ទាំងនេះ»។
រដ្ឋាភិបាលកម្ពុជា បានអះអាងថា សេចក្តីព្រាងច្បាប់ទាំងបីមានសេចក្តីព្រាងស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលត្រូវរដ្ឋសភាកំពុងពិចារណានោះ សុទ្ធសឹងតែត្រូវបានអ្នកច្បាប់ពីប្រទេសបារាំង ជួយតាក់តែងឡើង។ ប៉ុន្តែ លោក ប៊្រែដ អាដាម មានប្រសាសន៍ថា លោកមិនជឿថា ទីប្រឹក្សាច្បាប់បារាំង ចង់បង្កើតប្រព័ន្ធយុត្តិធម៌មិនឯករាជ្យមួយអោយកម្ពុជា នោះទេ។ លោកថា បារាំង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាច្រើន ស្នើអោយកម្ពុជា ធ្វើកំណែទម្រង់បង្កើតប្រព័ន្ធតុលាការឯករាជ្យមួយ។ លោក ប៊្រែត អាដាម អះអាងថា យោងតាមបទពិសោធន៍ រដ្ឋាភិបាលកម្ពុជា តែងកែប្រែសេចក្តីព្រាងច្បាប់តាមតម្រូវការរបស់ខ្លួន៕
No comments:
Post a Comment
yes