រូបថតកម្មករ ៤នាក់ក្នុងចំណោម ៥នាក់ ដែលស្លាប់ក្នុងពេលអាជ្ញាធរបង្ក្រាប
ការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
ក្រុមមេធាវីតំណាងឲ្យជនរងគ្រោះដែលត្រូវបានកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបាញ់សម្លាប់ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គ្រោងនឹងដាក់ពាក្យបណ្ដឹងថ្មីមួយទៀតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅសប្តាហ៍ក្រោយ។
ពាក្យបណ្ដឹងថ្មីនេះ នឹងផ្ដោតលើការប្រើប្រាស់អំពើហិង្សាជាប្រព័ន្ធទៅលើពលរដ្ឋស្លូតត្រង់ និងសកម្មជនសិទ្ធិមនុស្ស ដែលចូលរួមការតវ៉ានយោបាយ និងបាតុកម្មប្រឆាំងនឹងការបង្ខំបណ្តេញចេញពីផ្ទះសម្បែង និងទាមទារដំឡើងប្រាក់ខែកម្មករជាដើម។ នេះជាបណ្ដឹងទី៤ ប្រឆាំងនឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង តំណាងពលរដ្ឋខ្មែរជាជនរងគ្រោះនៃការប្រើប្រាស់អំពើហិង្សាពីសំណាក់កងកម្លាំងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ទន្ទឹមពេលនឹងមានបណ្តឹងថ្មីប្រឆាំងលោក ហ៊ុន សែន នៅតុលាការអន្តរជាតិនោះ ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ គ្រោងនឹងកោះប្រជុំជាមួយដើមបណ្តឹងមួយចំនួន ដើម្បីពិភាក្សា និងទទួលភស្តុតាងបន្ថែមជុំវិញបណ្តឹងមួយ កាលពីខែមីនា ឆ្នាំ២០១៤ ដើម្បីធ្វើការជំនុំជម្រះ។
លោកបន្តថា នៅសប្តាហ៍ក្រោយ លោកមេធាវី រីឆាដ រ៉ចជើរ (Richard Rogers) មកពីក្រុមមេធាវី Global Diligence នៅប្រទេសអង់គ្លេស នឹងដាក់ពាក្យបណ្តឹងថ្មីមួយទៀត ដែលមានព័ត៌មានលំអិតផ្ដោតលើការប្រើប្រាស់អំពើហិង្សាជាប្រព័ន្ធទៅលើពលរដ្ឋស្លូតត្រង់ និងសកម្មជនសិទ្ធិមនុស្ស ដែលចូលរួមការតវ៉ានយោបាយ និងបាតុកម្មប្រឆាំងនឹងការបង្ខំបណ្តេញចេញពីផ្ទះសម្បែង និងទាមទារដំឡើងប្រាក់ខែកម្មករជាដើម។
ពាក្យបណ្ដឹងថ្មីនេះ មានគោលដៅពន្យល់តុលាការបន្ថែមថា បទឧក្រិដ្ឋទាំងឡាយដែលបានដាក់បញ្ចូលក្នុងបណ្តឹងនេះ គឺឋិតនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ដែលអាចឲ្យតុលាការយកករណីនេះមកជំនុំជម្រះបាន។
លោក មូរតុន ក្លា បន្តទៀតថា ក្នុងបណ្តឹងថ្មីនេះ នឹងដាក់បញ្ចូលករណីថ្មីបន្ថែមទៀត លើករណីដែលក្រុមសន្តិសុខសាលារាជភ្នំពេញ ប្រើហិង្សាវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន ជាពលរដ្ឋខ្មែរ-អាមេរិកាំង កាលពីថ្ងៃទី៥ ខែឧសភា នេះ បណ្តាលឲ្យរងរបួសជាទម្ងន់។ លោកថា អំពើហិង្សានេះមិនមែនជាករណីដាច់ដោយឡែកឡើយ ប៉ុន្តែជាការប្រើប្រាស់ហិង្សាលក្ខណៈប្រព័ន្ធ៖ «នេះជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដូចដែលយើងបានលើកឡើងក្នុងបណ្ដឹងរបស់យើងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ នេះជាបទល្មើសជាលក្ខណៈប្រព័ន្ធ។ ការវាយប្រហារនៅលើបុគ្គលម្នាក់មិនមែនជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឡើយ ប៉ុន្តែនៅពេលបទល្មើសនៃការវាយប្រហារលើជនស៊ីវិលមានលក្ខណៈជាប្រព័ន្ធ និងកើតឡើងជាបន្តបន្ទាប់ បទល្មើសនេះជាបទល្មើសប្រឆាំងនឹងមនុស្សជាតិ។ បទល្មើសនេះឋិតក្នុងយុត្ថាធិការតុលាការ»។
កាលពីខែមីនា លោក មូរតុន ក្លា តំណាងឲ្យក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ចំនួន៦ និងជនរងគ្រោះ ២១នាក់ បានចោទប្រកាន់លោក ហ៊ុន សែន ពីរចំណុចផ្សេងៗគ្នា។ ទី១ គឺព្យាយាមផ្អាកដំណើរកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ទី២ ផ្ដោតលើការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ ការសម្លាប់មនុស្ស ការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងការរំលោភបំពានផ្លូវភេទលើអ្នកទោសស្ត្រី។ បច្ចុប្បន្ន តុលាការកំពុងពិនិត្យលើបណ្តឹងនេះ និងបណ្តឹងផ្សេងៗទៀត ដែលបានដាក់នៅតុលាការប្រឆាំងនឹងលោក ហ៊ុន សែន។
លិខិតការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ផ្ញើជូនលោក មូរតុន ក្លា កាលពីថ្ងៃទី២៩ មេសា បញ្ជាក់ថា ការិយាល័យព្រះរាជអាជ្ញាកំពុងពិនិត្យផ្ទៀងផ្ទាត់ ឯកសារភស្តុតាងមួយចំនួនទៀត ដើម្បីធានាថា ពាក្យបណ្ដឹងនេះស្របតាមមាត្រាទី៥៣ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីអាចឲ្យតុលាការធ្វើការជំនុំជម្រះពាក្យបណ្ដឹងនេះបាន។ លិខិតបន្តថា ការិយាល័យព្រះរាជអាជ្ញានឹងធ្វើការពិនិត្យ និងវិនិច្ឆ័យលើបណ្តឹងជាបន្ទាន់ ប៉ុន្តែដំណើរការនេះទាមទារប្រើប្រាស់ពេលវេលា។
លោក មូរតុន ក្លា បន្តថា ការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានផ្តល់ឱកាសដល់តំណាងក្រុមមេធាវីដើម្បីជួបប្រជុំគ្នានៅក្រុងឡាអេ ប្រទេសហុល្លង់ (Netherlands) ដើម្បីពិភាក្សាលើបណ្តឹងនោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន ដែលទទួលការវាយប្រហារពីសំណាក់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ កាលពីដើមខែឧសភានេះ គ្រោងនឹងធ្វើជាសាក្សីផ្ដល់ព័ត៌មានទៅមន្ត្រីតុលាការពីការប្រើប្រាស់ហិង្សាជាលក្ខណៈប្រព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា។
លោក មូរតុន ក្លា គូសបញ្ជាក់ថា តុលាការកំពុងចាប់អារម្មណ៍នឹងបណ្ដឹងរបស់ជនរងគ្រោះ៖ «ពិតណាស់ ក្នុងលិខិតការិយាល័យព្រះរាជអាជ្ញាចេញកាលពីថ្ងៃទី២៩ មេសា បានបញ្ជាក់ដោយលំអិតថា តុលាការនឹងដាក់បញ្ចូលព័ត៌មានបន្ថែម ពាក្យបណ្ដឹងផ្សេងៗទៀត និងព័ត៌មានពីសារព័ត៌មានផ្សេង អំពើការប្រើប្រាស់ហិង្សាជាបន្តបន្ទាប់ទៅលើបាតុករ សកម្មជនដីធ្លី អ្នកនយោបាយប្រឆាំង។ ព័ត៌មានទាំងឡាយដែលតុលាការប្រមូលបាន នឹងផ្តល់ភស្តុតាងគាំទ្រលើបណ្តឹងរបស់យើង នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ»។
ចំណែកលោក ញ៉យ ចំរើន ក៏នឹងដាក់ពាក្យបណ្តឹងមួយផ្សេងទៀតនៅតុលាការសហរដ្ឋអាមេរិក ប្រឆាំងនឹងកងសន្តិសុខក្រុងភ្នំពេញ ដែលបានប្រើប្រាស់អំពើហិង្សាលើរូបលោក។
មន្ត្រីអង្គការសង្គមស៊ីវិលធ្លាប់អះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងមានយុត្តាធិការពិនិត្យលើបណ្ដឹងឧក្រិដ្ឋប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលកម្ពុជា ក្រោយពីមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា ដែលមានលក្ខណៈជាប្រព័ន្ធកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នេះ។
មន្ត្រីសិទ្ធមនុស្សចាត់ទុកថា ការបង្ក្រាបដោយប្រើគ្រាប់កាំភ្លើងពិតបាញ់សម្លាប់មនុស្សចំនួន ៧នាក់ និងបណ្ដាលឲ្យរងរបួសមួយចំនួនទៀត ជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ ស្វាគមន៍ពាក្យបណ្ដឹងជុំវិញការចោទប្រកាន់សន្តិសុខសាលារាជធានីភ្នំពេញ ដែលបានប្រើហិង្សាទៅលើក្រុមបាតុករ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍មួយដែលត្រូវបានបង្កើតឡើងពីលក្ខន្តិកៈ ទីក្រុងរ៉ូម ដើម្បីផ្ដន្ទាទោសបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវចំពោះបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។ តុលាការនេះមិនអាចជំនួសតុលាការនៃប្រទេសជាសមាជិកទេ ប៉ុន្តែអាចស៊ើបអង្កេត និងផ្ដន្ទាទោសបុគ្គលណាដែលជាប់សង្ស័យពីបទឧក្រិដ្ឋកម្ម ប្រសិនបើតុលាការនៅប្រទេសសាមីនោះ មិនអាចធ្វើបាន ឬគ្មានឆន្ទៈក្នុងការស៊ើបអង្កេត៕
No comments:
Post a Comment
yes