គណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពត្រីភាគី មកពីរដ្ឋាភិបាល
ថៅកែរោងចក្រ និងសហជីពកម្មករ បានឯកភាពគ្នាប្រាំចំណុច
ដើម្បីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ
នៅប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
ចេញផ្សាយនៅថ្ងៃចន្ទនេះ
ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ
បានសម្រេចឯកភាពគ្នាលើប្រាំចំណុច រួមមាន ទី១.សម្រេចទទួលយកលទ្ធផល
សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា
ឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO ។
ទី២.សម្រេចជាឯកច្ឆន្ទ ទទួលយកវិធីសាស្ត្រ
នៃការអនុម័តសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ
ដោយយន្តការកុងសង់ស៊ីស។
ក្នុងករណីមិនមានកុងសង់ស៊ីសលើចំណុចណាមួយចំនួន ២ ដង
ក្នុងកិច្ចប្រជុំ ២ ផ្សេងគ្នានោះ
ត្រូវអនុវត្តយកយន្តការសំឡេងភាគច្រើន តាមរយៈការបោះឆ្នោត
ដោយសម្ងាត់នាកិច្ចប្រជុំលើកទី២នោះ។
ទី៣. កំណត់យកដើម ត្រីមាសទី៣ នៃឆ្នាំនីមួយៗ
ជាការចាប់ផ្តើមពិភាក្សា
និងសិក្សាស្រាវជ្រាវលើស្ថានភាពប្រាក់ឈ្នួលអប្បបរមា
ដើម្បីលើកជាយោបល់ជូនកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការប្រឹក្សា
ការងារ ពិនិត្យសម្រេចអនុម័តយ៉ាងយូរនៅចុងត្រីមាសទី៣ នៃឆ្នាំនោះ។
គណៈកម្មការប្រឹក្សាការងារ នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែមិថុនា
ឆ្នាំ២០១៤ ខាងមុខបន្តទៀត ដើម្បីពិភាក្សាបញ្ហាប្រាក់ឈ្នួលអប្បបរមា។
ទី៤. កំណត់យកដើម ត្រីមាសទី៤ នៃឆ្នាំនីមួយៗ
ដើម្បីចេញប្រកាសស្តីពីប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំបន្ទាប់
ដោយចាប់អនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា នៃឆ្នាំបន្ទាប់
ដើម្បីទុករយៈពេល ៣ ខែ ជូនភាគីពាក់ព័ន្ធត្រៀមអនុវត្ត។ និងទី៥.
សម្រេចជាឯកច្ឆន្ទ ប្រកាន់យកនូវទស្សនៈសាមគ្គីរួបរួម
ការពារផលប្រយោជន៍រួម និងការជជែកពិភាក្សាដោយន័យស្ថាបនា
និងគោលការណ៍ឈ្នះ-ឈ្នះ។
សេចក្តីថ្លែងការណ៍នោះ បានចុះហត្ថលេខាដោយ លោក អ៊ិត សំហេង
ប្រធានគណៈកម្មការប្រឹក្សាការងារ និងជារដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ណាង សុធី
អនុប្រធានគណៈកម្មការប្រឹក្សាការងារ
និងជាប្រឹក្សាការងារភាគីតំណាងនិយោជក និងលោក ជួន មុំថុល
អនុប្រធានគណៈកម្មការប្រឹក្សាការងារ
និងជាប្រឹក្សាភាគីតំណាងកម្មករនិយោជិត៕
No comments:
Post a Comment
yes