លោកព្រុំ សុខា (កណ្តាល) តំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចពិភាក្សាព្រឹកថ្ងៃព្រហស្បតិ៍នេះ
(រូបភាព៖ ឡាយ សាមាន)
គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ស្នើសុំឲ្យមានការជ្រើសរើសសមាជិកគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត (គជប)ដោយសំឡេង២ភាគ៣ក្នុងសភា តែសំណើរនេះគណបក្សប្រជាជនកម្ពុជា មិនឯកភាពនោះទេ។
បន្ទាប់ពីកិច្ចប្រជុំជាងមួយម៉ោងរវាងគណបក្សជាប់ឆ្នោតទាំងពីរ នៅព្រឹកថ្ងៃទី១២ ខែ មិថុនា នៅវិមានព្រឹទ្ធសភា អ្នកដឹកនាំក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ថា ទោះបីជាគណបក្សប្រជាជនកម្ពុជាយល់ព្រម ដាក់ គជប ក្នុងជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែគណបក្សលោកមិនឯកភាពចំពោះសំណើរគណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យបោះឆ្នោតជ្រើសរើសមាជិក គជប ដោយសំឡេង ២ភាគ៣ ឡើយ។ លោក បន្តថា គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរ យករូបមន្ត ៥០ បូក ១ ដើម្បីជៀសវាងការជាប់គាំងនៅក្នុងសភា «សូមឯកឧត្តមពិចារណាឡើងវិញ ប្រសិនជាលើកថាបោះឆ្នោតទុកចិត្ត គាំទ្រ ឬរើសសមាជិកគ.ជ.ប ពីរភាគបី មិនមែនជាការសម្តែងថាដើម្បីបង្កការជឿទុកចិត្តទេ នេះប្រហែលជាធ្វើឲ្យគាំងច្រើនជាងការដោះស្រាយ»។
នៅក្នុងសន្និសីទដាច់ដោយឡែកពីគ្នា លោក គួយ ប៊ុនរឿន សមាជិកក្រុមការងារបច្ចេកទេសនៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពគ្នា លើកំណែទម្រង់ស្ថាប័នបោះឆ្នោត និងបានដាក់ គជប ក្នុងជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញ។
តែទោះជាយ៉ាងណា លោក យ៉ែម ប៉ុញ្ញឬទ្ធិ សមាជិកម្នាក់ទៀត នៃក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ជាមួយVODថា ចាំបាច់បំផុតក្នុងការអនុម័តជ្រើសរើសសមាជិក គជប ដោយសំឡេង២ភាគ៣ នៃសមាជិកសភាទាំងមូល ដើម្បីបញ្ចៀសរាល់ការលម្អៀង និងដើម្បីធានាលិទ្ធិប្រជាធិបតេយ្យសម្រាប់អាណត្តិៗក្រោយទៀត «មានការអនុម័ត២ភាគ៣សមាជិកនៃសមាជិកសភាទាំងមូល ពីព្រោះដើម្បីឲ្យទទួលបាននូវការយល់ព្រមពីគ្រប់គណបក្សនយោបាយដែលមានអាសនៈនៅសភា នេះចំនុចសំខាន់។ បន្ទាប់មកទៀតរាជរដ្ឋាភិបាល ដែលកើតឡើងចេញពីការបោះឆ្នោត អាចអនុម័តត្រឹម៥០+១ នៃចំនួនសមាជិកសភាទាំងមូលបាន ពីព្រោះជាគណបក្សដែលឈ្នះឆ្នោត ចេញពី គ.ជ.ប ឯករាជ្យអព្យាក្រឹតដែលអនុម័តដោយ២ភាគ៣ របស់សភាហើយ»។
អ្នកវិភាគព្រឹត្តការណ៍សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកគាំទ្រចំពោះរូបមន្ត ២ភាគ៣ ដោយសាររូបមន្តនេះបញ្ជាក់ពីលិទ្ធិប្រជាធិបតេយ្យ និងមិនលម្អៀងទៅខាងគណបក្សណាមួយ។ លោកបន្តថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់ឲ្យ គជប ឯករាជ្យ គួរតែទទួលយកសំណើរ ២ភាគ៣ «បើអត់២ភាគ៣ បានន័យគណបក្ស កាន់អំណាចកាត់អ្នកជ្រើសរើស គជប នោះ គជប លម្អៀងទៅគាត់ហើយ នេះជាទូទៅគេបង្ខំឲ្យមានកិច្ចព្រមព្រៀង ពីគណបក្សធំៗទៅ ដើម្បីធ្វើម៉េច ឲ្យ គជប អាចទទួល មិនឯករាជ្យទាំងស្រុង យ៉ាងហោចណាស់ធានាគ្រាន់បើជាងផ្កាប់មុខទៅគណបក្សតែមួយ»។
ជំនួបជាថ្មីទៀតនៅព្រឹកមិញនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកយល់ព្រមឲ្យដាក់គជប ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងឯកភាពឲ្យគណបក្សសង្គ្រោះជាតិ បង្កើតទូរទស្សន៍តាមរយៈក្រុមហ៊ុនឯកជន។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បដិសេធបោះឆ្នោតឡើងវិញមុនអាណត្តិ៕
No comments:
Post a Comment
yes