សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 18, 2011


ហ៊ុន សែន សង្ឃឹមអាស៊ានជួយក្នុងជម្លោះព្រំដែនជាមួយថៃ

ដោយ វោហារ ជាតិ
ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា បាន​ធ្លាក់​ដល់​ដៃ​អាស៊ាន (ASEAN) ហើយ​នៅ​ពេល​នេះ។
បន្ទាប់​ពី​ភាគី​កម្ពុជា​បាន​ប្ដឹង​ភាគី​ថៃ ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ហើយ​មាន​ការ​ប្រកាស​លទ្ធផល កាលពី​ថ្ងៃ​ច័ន្ទ ​ទី​១៤ កុម្ភៈ អំពី​ជម្លោះ​ព្រំដែន​គោក​នោះ​មក ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជា-ថៃ​ ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍ ហើយ​មិន​បាន​ដោះស្រាយ​ទំនាស់​នេះ​ទេ បែរ​ជា​ប្រគល់​រឿង​ទំនាស់​នេះ​ទៅ​ឲ្យ​សមាគម​អាស៊ាន​ដោះ​ស្រាយ​វិញ។ ការ​ជួប​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ថ្នាក់
អាស៊ាន​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី
នៅ​ថ្ងៃ​ទី​២២ កុម្ភៈ​នេះ​ហើយ ពោល​គឺ​នៅសល់​តែ ​៥ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ ដែល​ភាគី​ទាំងពីរ​នឹង​ដឹង​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​តាម​កម្រិត​ថ្នាក់​តំបន់ ​អា​ស៊ាន​ថា ភាគី​ខាង​ណា​ឈ្នះ​ភាគី​ខាងណា​ចាញ់។ ទន្ទឹម​ពេល​រង់ចាំ
ថ្ងៃ​ដោះស្រាយ​ទំនាស់​នេះ មាន​អ្នក​វិភាគ​នយោបាយ​ខ្មែរ​មួយចំនួន​ព្រួយបារម្ភ​ខ្លាច​ភាគី​កម្ពុជា​ មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​តវ៉ា​នោះ ​ក្នុង​ដំណោះ​ស្រាយ​អាស៊ាន ដោយ​បាន​ផ្អែក​កត្តា​អវិជ្ជមាន​នៃ​គោល​នយោបាយ​ការបរទេស​កម្ពុជា​ មួយ​ចំនួន​កន្លងមក និង​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃលើ​ឆាក​អន្តរជាតិ។ លោក សឺន ស៊ូប៊ែរ្ដិ៍ ប្រធាន​មូលនិធិ​សម្ដេច សឺន សាន និង​ជា​អតីត​អ្នក
នយោបាយ​ខ្មែរ បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ថា កន្លង​មក​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​អាក់​អន់​ចិត្ត​អំពី​ការ​គោរព​ សិទ្ធិ​មនុស្ស ហើយ​បើ​ប្រៀបធៀប​ប្រទេស​កម្ពុជា​ ទៅ​ប្រទេស​ថៃ គឺ​ថា ប្រទេស​ជាសមាជិក​អាស៊ាន​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​ផល​ប្រយោជន៍​ សេដ្ឋកិច្ច​ពី​ប្រទេសថៃ​ច្រើន​ជាង​កម្ពុជា ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​មិនសូវ​យកចិត្តទុកដាក់​ ខាង​ភាគី​កម្ពុជា ៖ «សូម​អត់ទោស​ថ្មីៗ​នេះ​យើង​មាន​រឿង​ជា​មួយ​ អង្គការសហប្រជាជាតិ ដល់​អ៊ីចឹង! យើង​ត្រូវ​ប្រើ​ផ្លូវ​ទូត​ឲ្យ​ច្រើន​បន្តិច​រឿង​ទំនាក់​ទំនងហ្នឹង​ ហើយ​ណា​មួយទៀត ​ស្រុក​ខ្លះគេ​មើល​ប្រយោជន៍​របស់​គេ ព្រោះ​គេ​មាន​ប្រយោជន៍​ជាមួយ​ថៃ​ច្រើន​ជាង ប្រហែល​គេលម្អៀង​ថៃ​ហើយ»។ ទាក់ទង​ការ​គាំទ្រ​លើ​ឆាក​អន្តរជាតិ​វិញ លោក សឺន សូប៊ែរ្ដិ៍ បាន​បញ្ជាក់
ថា ថៃ​អាច​មាន​ប្រៀប​លើ​កម្ពុជា​ផង​ដែរ ៖ «ដូច ​នៅ​សន្តិសុខ​សហប្រជាជាតិ​ហ្នឹង វា​មាន​ប្រទេស​ច្រើន​នៅហ្នឹង ជាពិសេស ពួក​មហា​អំណាចទាំង៥ហ្នឹង នៅ​ក្នុង​ហ្នឹង​​ខាង បើ​យើង​គិត​ទៅ ខាង​សហរដ្ឋអាមេរិក ខាង​អង់គ្លេស គឺ​ចង់​មិន​ចង់​លម្អៀង​ទៅ​ថៃ​បាត់​ហើយ លម្អៀង​ទៅ​ពីរ​នាក់​ហើយ រវាង​៥នាក់ហ្នឹង លម្អៀង​ទៅ​ថៃ​បាត់​ហើយ ព្រោះ​មិត្តភ័ក្ដិ​គេ​ចាស់»។
ចំណែក​លោក​បណ្ឌិត អុក វណ្ណា សាស្ត្រាចារ្យ​រាជបណ្ឌិត​សភា​កម្ពុជា​ មានប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ដោយ​លោក​ជឿ​ជាក់​ថា ថៃ​មាន​អាមេរិក​គាំទ្រ មិន​ខុស​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​ដោយ​អាមេរិកដែរ​នោះ​ទេ ដូច​ជា​ប្រទេស ហ្វីលីពីន ជា​ដើម ហើយ​ប្រទេស​ទាំងនោះ​នឹង​អាច​គាំទ្រ​ថៃ ព្រោះ​មាន​និន្នាការនយោបាយ​ប្រហាក់​ប្រហែលគ្នា ហើយ​លោក​មាន​ជំនឿថា ដំណោះស្រាយ​ក្នុង​កម្រិត​ថ្នាក់​តំបន់​មិន​ខុស​ពី​កម្ពុជា និង​ថៃ ​បាន​ចរចាគ្នា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​មិន​បាន​លទ្ធផល​អ្វី​នោះ​ ទេ ហើយ​ការ​បាញ់​គ្នា​នឹង​នៅតែ​កើត​មាន​ជា​បន្ត​ទៅ​ទៀត។ លោក​បាន​ប្រៀបធៀប
ការ​គាំ​ទ្រ​របស់​អាមេរិក​ចំពោះ​ថៃ​ មាន​ទំនាស់​ជាមួយ​កម្ពុជា ទៅ​នឹង​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ ដូច្នេះ ៖ «ដូច ​ប្រទេស​កូរ៉េ​អ៊ីចឹង នៅ​ពេល​ដែល​គ្រាន់តែ​មាន​ការ​លើក​ឡើង​រវាង​កូរ៉េខាងត្បូង វា​មាន​សម​យុទ្ធ​យោធា​​រវាង​អាមេរិក និង​កូរ៉េ​ខាងត្បូង​បាត់​ទៅ​ហើយ ហើយ​ថ្មីៗ​នេះ​ទៀត ​គ្រាន់​តែ​មាន​បញ្ហា​ជាមួយ​កម្ពុជា​ ហើយ​ថៃ មិនទាន់​បាន​ប៉ុន្មាន​ផង អាមេរិក​ធ្វើ​សម​យុទ្ធ​ជាមួយ​ថៃ។ ដូច្នេះ ខ្ញុំ​ឃើញ​ថា នេះ​ជា​កិច្ចការ​មួយ​ដែល​ខ្ញុំ​ឃើញ​ថា ជួនកាល​សហ​ប្រជាជាតិ ប្រទេស​មហាអំណាច​ធំៗ​នៅ​មាន​គំនាប បើ​សិន​ទម្លាក់​ឲ្យ​អាស៊ាន ខ្ញុំ​ឃើញ​ថា អាស៊ាន​នឹង​ទម្លាក់​ឲ្យ​កម្ពុជា​ ទ្វេ​ភាគី​ដដែល»។
ចំណែក​អ្នកវិភាគ​នយោបាយ​ខ្លះ​ទៀត បាន​ព្រួយ​ថា កម្ពុជា​អាច​ចាញ់​ភាគី​ថៃ បើ​ដោះស្រាយ​ទំនាស់​នេះ​តាម​យន្តការ​ថ្នាក់​អាស៊ាន ព្រោះ​ថា ថ្នាក់ដឹកនាំ​សមាគម​អាស៊ាន​បច្ចុប្បន្ន មាន​ប្រពន្ធ​ថៃ និង​ជា​សញ្ជាតិ​ថៃ ជាដើម ឧទាហរណ៍​ដូចជា លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) ជា​អគ្គ​លេខា​សមាគម​អាស៊ាន​ជាដើម ជា​សញ្ជាតិ​ថៃ។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​មន្ទិល​សង្ស័យ
ដូច្នេះ ហើយ​លោក​ជឿជាក់​ថា ថ្នាក់​ដឹកនាំ​អាស៊ាន នឹង​ធ្វើ​ការ​ដោះស្រាយ​ជម្លោះរវាង​ភាគី​កម្ពុជា​ និង​ថៃ​ដោយ​អាជីព​មិន​យក​ទឹកចិត្ត​​ស្នេហាជាតិ​សាសន៍​ឯង​មក​ឡូកឡំ​ទេ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈ
រដ្ឋមន្ត្រី ឬ​ហៅថា វិមាន​សន្តិភាព​ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ ​លោក​បាន​អះអាង​ថា ៖ «ទាក់ ​ទង​ទៅ​ជាមួយ​នឹង​បញ្ហា​អគ្គលេខាធិការ​អាស៊ាន ប្រធាន​អាស៊ាន​ត្រូវជា​ជាតិ​ថៃ ឬ​មាន​ប្រពន្ធ​ថៃ​នោះ ខ្ញុំ​មិន​ជឿ​ថា វា​មិន​ដូច្នេះ ពេលនេះ​ឯកឧត្ដម ស៊ូរិន ពិត​សុវណ្ណ កំពុង​ពាក់​ទង់​ជាតិ​អាស៊ាន គាត់​មិន​អាច​ដើរ​ចូលតុ​ចរចា​ពាក់​ទង់ជាតិ​ថៃ​ទេ គាត់​ពាក់​ទង់​ជាតិ​​អាស៊ាន ដូច្នេះ​គាត់ត្រូវ​បំពេញ​កាតព្វកិច្ច​អាស៊ាន។ ឯ​ចំពោះ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី ​ខ្ញុំ​ទុក​ចិត្ត​គាត់»។
ប្រទេស​ជា​សមាជិក​អាស៊ាន ​រួម​មាន​ដូចជា ប្រទេស​កម្ពុជា វៀតណាម លាវ ថៃ ភូមា ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី។ មាត្រា​ទី៣១ នៃ​ធម្មនុញ្ញ​អាស៊ាន ប្រទេស
ជា​សមាជិក​អាស៊ាន​ ហើយ​ប្រធាន​សមាគម​អាស៊ាន​ក្នុង​អាណត្តិ​នេះ​មួយ​ឆ្នាំម្ដង តាម​លំដាប់​តួ​អក្សរ​ដោយ​ចាប់​ផ្ដើម​ពី​អក្សរ​បរទេស គឺ​អក្សរ A។ ហើយនៅ​ឆ្នាំ​នេះ​​តំណែង​ជា​ប្រធាន​សមាគម​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​មាន​លោក ម៉ាទី ណា​តា​ឡេហ្គា​វ៉ា (Marty Natalegawa) ជា​ប្រធាន ហើយ​លោក ស៊ូរិន ពិត​សុវណ្ណ ដែល​ជា​ជន​ជាតិ​ថៃ កាន់​តំណែង​ជា​អគ្គ​លេខា​សមាគម​អាស៊ាន។ ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ថៃ បាន​ចាប់ផ្ដើម​នៅ
ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ភាគី​ថៃ បាន​លើកទ័ព​ចូល​មក​ទឹកដី​កម្ពុជា ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ។ ​ភាគី​កម្ពុជា បាន​ចោទ​ថៃ​ថា បាន​ឈ្លានពាន​កម្ពុជា តែ​ភាគី​ថៃ​ បាន​ឆ្លើយ​ថា ទឹកដី​មួយ​ផ្នែក​នៅ​ក្បែរ​តំបន់​ប្រសាទ​ព្រះវិហារ ​ទំហំ ៤,៦​គ.ម ជា​របស់​ថៃ។ ភាគី​ជម្លោះ​ទាំង​ពីរ​បាន​បាញ់​ដាក់​គ្នា​ជាបន្តបន្ទាប់ បណ្ដាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់​ និង​របួស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រាប់​ពាន់​អ្នក​បាន​ភៀស​សឹក​ចោល​ភូមិ​​​ ស្ថាន។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧ កុម្ភៈនេះ លោក​នាយករដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ឲ្យ​មេបញ្ជាការ​ខ្មែរ-ថៃ តាម​ព្រំដែន​ជួប​ចរចា ឬ​ពិភាក្សា និង​លេង​កីឡា​ជាមួយ​គ្នា​ជា​មិត្តភាព​ឲ្យ​បានញឹកញាប់​ដើម្បី​បន្ធូរ​ បរិយាកាស​អមិត្ត​ដាក់​គ្នា ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា លោក​មាន​បំណង​ចង់​ឃើញ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​មាន​សន្តិភាព​ដូចមុនថ្ងៃ​១៥ កក្កដា ឆ្នាំ​២០០៨។ លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ​បាន​អំពាវនាវ​សុំ
ឲ្យ​សមាជិក​អាស៊ាន ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ត្រួតពិនិត្យ​មើល​ការឈប់
បាញ់គ្នា​នៅ​តំបន់​ ព្រំដែន​កម្ពុជា-ថៃ ដែល​កងទ័ព​ទាំងពីរ​កំពុង​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​តានតឹង​នា​ពេល​ បច្ចុប្បន្ន​នេះ។ តែ​សំណើ​នេះ​ត្រូវ​ភាគី​ថៃ ​ទាត់ចោល​ភ្លាម​ៗ​ដែរ ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រុង​ភ្នំពេញ ៕ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes