សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 22, 2011


ជនភៀសសឹកដោយសារសង្គ្រាមខ្មែរ-ថៃ

ប្រឈមនឹងជំងឺ
​ មន្ត្រី​សុខាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​ជំរំ​ភៀស​​សឹក ចម្ងាយ​ប្រមាណ ៩០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​មួយ​ចំនួន កំពុង​មាន​បញ្ហា​​សុខភាព។
​ក្រុម​គ្រូពេទ្យ​ចល័ត​ដែល​កំពុង​តាម​ពិនិត្យ និង​ព្យាបាល​ជន​ភៀសសឹក​នៅ​តំបន់​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ជន​ភៀស​សឹក​ខ្លះ ដែល​ភាគ​ច្រើន​ជា​កុមារ កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​សឹក បាន​​ទទួល​រង​ជំងឺ​គ្រុនចាញ់ ជំងឺ​ផ្ដាសាយ និង​ជំងឺ​រាក​ជា​បន្តបន្ទាប់។
​លោក អៀម មុន្នី ជា​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ភូមិ​ធម្មជាតិ​នៃ​ស្រុក​ជាំក្សាន្ត ដែល​បាន​តាម​ព្យាបាល​ជន​ភៀស​សឹក បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ​ថា កុមារ​ប្រមាណ​ពី ១០ ទៅ ១៥% បាន​កើត​ជំងឺ​រាក​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ និង​មនុស្ស​ពេញ​វ័យ​ប្រមាណ ៨០% នៃ​ចំនួន​ជន​ភៀស​ខ្លួន បាន​កើត​ជំងឺ​ផ្ដាសាយ​ដោយ​ចម្លង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន ខ្លះ​មាន​កើត​ជំងឺ​គ្រុនចាញ់​តាំង​ពី​ពេល​ដែល​គាត់​បាន​រស់​នៅ​ជាប់​បន្ទាត់ ​ព្រំដែន​ម្ល៉េះ។
​លោក អៀម មុន្នី បន្ត​ថា ៖ «ព្រួយ​បារម្ភ​ខ្លាច​តែ​ជំងឺ​រាក​ហ្នឹង​ឯង ក្រែង​វាកើត​ឡើង​នៅ​ពេល​មុខ​ទៀត​ហ្នឹង។ ប្រសិន​ជា​រយៈពេល​យូរ ជំងឺ​រាក​អាច​នឹង​កើន​ឡើង វា​បណ្ដាល​មក​ពី​ធាតុ​អាកាស​ក្ដៅ ដូចជា​ប្រក់​តង់​ប្រក់​អី​វាក្ដៅ​ពេក​ណាស់។ ទឹក​ដូច​អត់​មាន​បញ្ហា​អី​ទេ ដោយសារ​រដ្ឋាភិបាល​យើង និង​អង្គការ​ចែក​ទឹក​សុទ្ធ​បាន​ច្រើន»។
​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​គេ​បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជន​ភៀស​សឹក​ពី​២០០ ទៅ ៣០០​នាក់។
​ស្ត្រី​ឈ្មោះ សម ស្រីពៅ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ជំរំ​ជន​ភៀស​សឹក​បានមាន​ប្រសាសន៍​ថា កូន​តូច​របស់​គាត់​បាន​កើត​ជំងឺ​​ក្ដៅ​ខ្លួន​ដែល​ឧស្សាហ៍ទៅ​សុំ​ថ្នាំ​ ពេទ្យ​ជា​ញឹកញាប់ និង​រូប​គាត់​ក៏​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ​ជា​ច្រើន​ដង​មក​ហើយ ចាប់​តាំង​ពី​គាត់​បាន​ចាកចោល​ផ្ទះ​ទៅ​រស់​នៅ​ជំរំ​ជន​ភៀស​សឹក ៖ «គ្រាន់តែ ​ក្អក​អត់​រាក​ទេ ក្តៅ។ ខ្ញុំ​ក្អក​តើ! ឈឺ ២-​៣​ដង​ហើយ វា​ចេះ​តែ​ដេក​នៅ​នឹង​ដី​ទៅ ឈឺ​ដៃ​ឈឺ​ជើង ដូច​យើង​ធ្វើការ​ធ្ងន់​អ៊ីចឹង»។
​ទោះ​យ៉ាង​ណា ​រដ្ឋាភិបាល​ខ្មែរ​ កាកបាទ​ក្រហម​​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ ថ្នាំពេទ្យ និង​រថយន្ត​ពេទ្យ​ជា​ច្រើន​ទៅ​ប្រចាំ
ការ​នៅ​ទី​នោះ ដើម្បី​ជួយ​ពិនិត្យ និង​ព្យាបាល​ជន​ភៀស​សឹក​ជា​ប្រចាំ ព្រម​ទាំង​ការ​ផ្ដល់​ស្បៀង​អាហារ​ជា​បន្តបន្ទាប់​ផង។
​ចាប់​តាំង​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ
គឺ​មាន​ជន​ស៊ីវិល​ប្រមាណ​ជាង ២.០០០​គ្រួសារ​បាន​ចាក​ចោល​លំនៅឋាន​ដែល​នៅ​ជិត​ៗ​ព្រំដែន​ខ្មែរ-​ថៃ ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ជំរំ​ជន​ភៀស​សឹក ហើយ​រហូត​មក​ដល់​ពេល​នេះ ជន​ភៀស​សឹក​រាប់​ពាន់​គ្រួសារ​នៅ​តែ​បន្ត​ស្នាក់នៅ​ក្នុង​ជំរំ​ជន​ភៀស​សឹក​ នៅ​ឡើយ ដោយ​មិន​ទាន់​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ទេ ដោយសារ​ពួក​គេ​នៅ​មានការ​ភ័យ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ ទាហាន​ខ្មែរ-​ថៃ ជា​ថ្មី​ទៀត។
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អតីត​​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រាជ​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា បាន​សម្ដែង​ប្រតិកម្ម​សោកស្តាយ​ជា​លើក​ដំបូង ចំពោះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ព្រះអង្គ​ថា មិន​បាន​ប្រើប្រាស់​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ដោះស្រាយ និង​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នោះ។
​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​ថា ក្រុមប្រឹក្សា
សន្តិសុខ​អង្គការ​សហប្រជាជាតិ លោក​មិន​បាន​និយាយ បើ​សិន​ជា​លោក​ចង់ឲ្យ​មាន​ការ​ដោះស្រាយ​ជា​ស្ថាពរ​កុំ​ឲ្យ​មាន​បញ្ហា​ត​ទៅ​ ទៀត លោក​មាន​សិទ្ធិ​ទាំង​ស្រុង​សួរ​ទៅ​តុលាការ​អន្តរជាតិ​នៃ​ក្រុង​ឡាអេ​ថា តើ​ផែនទី​នេះ​វា​មាន​លក្ខណៈ​យ៉ាងម៉េច ជា​ពិសេស​តំបន់​ជម្លោះ​រវាង​ប្រទេស​យើង​ទាំងពីរ​នេះ»។
​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន និង​សហគមន៍​អន្តរជាតិ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​សមាគម​អាស៊ាន មាន​គម្រោង​នឹង​បញ្ជូន​កងទ័ព​ឥណ្ឌូណេស៊ី មក​ដាក់​នៅ​​កណ្ដាល​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ដើម្បី​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​រវាង​ភាគី​ទាំង​ ពីរ៕ពីវិទ្យុ អាស៊ីសេរី (ដោយ ហង្ស សាវយុត)

No comments:

Post a Comment

yes