ទំនាស់ដីធ្លីរវាងឧកញ៉ានិងពលរដ្ឋនៅខេត្តក្រចេះ
ដោយ ឱ ភារិទ្ធ
ទោះបីជាកន្លងមកមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលហាមប្រាមមិន ឲ្យអ្នកមានអំណាចទៅ ប៉ះពាល់ដីធ្លីប្រជាពលរដ្ឋបែបណាក៏ដោយ ក៏បញ្ហានេះនៅតែកើតឡើងជាដដែលៗ។
ប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តព្រៃវែង កំពង់ចាម ប្រមាណ១០០គ្រួសារដែលបានកាប់ព្រៃរានដីនៅចំណុចភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាមានឧកញ៉ាម្នាក់បានទៅហាមឃាត់ពួកគេឲ្យបញ្ឈប់ធ្វើ ការដាំដុះនៅលើដី ដែលពួកគាត់អះអាងថាបានធ្វើជាយូរឆ្នាំមកហើយ។
លោក ស៊ីម ធួក តំណាងប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារបានផ្ដល់សម្ភាសន៍កាលពីព្រឹក ថ្ងៃទី២៧ កុម្ភៈ ថាកាលពីថ្ងៃទី២៦កុម្ភៈ មានឧកញ៉ាម្នាក់បានអញ្ជើញពួកគេឲ្យចូលរួមស្ដាប់ការហាមប្រាមមិន ឲ្យប្រកបរបរដាំដុះនៅលើដីដែលអ្នកស្រុកកំពុងធ្វើរាល់ថ្ងៃតទៅ ទៀត ដោយអះអាងថា ដីនោះជាដីរបស់ឧកញ៉ា ហើយមានលិខិតបញ្ជាក់ម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ៖ "ឯកឧត្ដម កេះ កុយ គាត់ថាដីគាត់ចាប់ពីឆ្នាំ១៩៩៨ ហើយគាត់ដើរបាញ់ថ្នាំពេញតែព្រៃថា ប្រជាជនហ្នឹងអនាធិបតេយ្យ គេផ្អាកអត់ឲ្យធ្វើតទៅទៀតដាំក៏គេផ្អាកអត់ឲ្យដាំ"។
លោក ម៉ាត់ សឹម បានមានប្រសាសន៍ថា អ្នកស្រុកទាំង ១០០គ្រួសារនោះ បានកាប់ឆ្ការលើដីដែលបានស្នើសុំរដ្ឋអំណាចមូលដ្ឋាន តាំងពីឆ្នាំ១៩៩៨ ដែលមានលិខិតផ្ទេរសិទ្ធិពីកន្លែងរស់នៅចាស់ ហើយមានប័ណ្ណទទួលស្គាល់ពីរដ្ឋអំណាចភូមិឃុំកំពុងរស់នៅទៀតផង។
លោក ម៉ាត់ ឡេះ បានមានប្រសាសន៍ថា ឧកញ៉ានោះក្រៅពីហាមឃាត់មិនឲ្យធ្វើ ហើយថែមទាំងមានការគំរាមកំហែងទៀត ៖ "គាត់ចេះតែដេញមិនឲ្យកាប់បើសិនជាខ្ញុំចុះកាប់ទៀត គេយកប៉ូលិស យកប៉េអិមមកចុះចាប់"។
ប្រជាពលរដ្ឋអះអាងថា ដីនោះពួកគាត់កាប់ឆ្ការវាលហើយបានឃើញគេមកហាម ហើយវាតទីយកដោយពួកគាត់បញ្ជាក់ថា នេះជាដីសម្បទានសង្គមកិច្ចដែលផ្ដល់ជូនប្រជាពលរដ្ឋ។
លោកឧកញ៉ា កេះ កុយ មិនព្រមបំភ្លឺតបទៅនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋទេនៅពេល ដែលវិទ្យុអាស៊ីសេរីព្យាយាមទាក់ទងនៅថ្ងៃទី២៧ កុម្ភៈនេះ ដោយលោកបានផ្ដាច់ទូរស័ព្ទ បន្ទាប់ពីអ្នកយកព័ត៌មានបានបង្ហាញពីអត្តសញ្ញាណ។ ចំណែកលោក គឹម សាន់ ជំទប់ទីមួយឃុំស្វាយជ្រះ បានមានប្រសាសន៍ថា លោកមិនដែលស្គាល់ឧកញ៉ា កេះ កុយ នោះទេ ហើយឧកញ៉ានោះក៏ពុំមានបង្ហាញពីលិខិតកាន់កាប់ដីធ្លីនៅទីនោះឲ្យ អាជ្ញាធរបានដឹងដែរ ៖ "សុំឧកញ៉ាហ្នឹងមើលឯកសារលក្ខណៈសំណើ យកឯកសារហ្នឹងមកចង់សម្លុតពួកខ្ញុំអីគេដាក់សំណើមក គេឯកភាពឲ្យយើងហ្នឹងស្នើសុំអនុញ្ញាតទៅមើលដីប៉ុន្តែ ត្រង់ថាការឯកភាពពីលើទៅក្រោម ពីក្រោមទៅលើនៅ... ដល់ខ្ញុំសុំមួយច្បាប់អត់ឲ្យ"។
លោក អ៊ីវ សាភុំ អភិបាលស្រុកស្នួលបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈថាលោកពុំដែលស្គាល់ឧកញ៉ានោះទេ ហើយក៏គ្មានឈ្មោះក្នុងបញ្ជីត្រូវទទួលបានដីនៅទីនោះដែរ ឯប្រជាពលរដ្ឋមានការស្នើសុំដីនៅទីនោះមែន តែពុំទាន់មានការសម្រេចនៅឡើយដែរ ហើយលោកបញ្ជាក់បន្ថែមថា មានមន្ត្រីសាលាខេត្តខ្លះ ក៏បានដាក់ពាក្យស្នើសុំដីនៅទីនោះដែរ តែសុទ្ធតែពុំទាន់មានការសម្រេចនៅឡើយ ហើយថាលោកនឹងពិនិត្យមើលរឿងនេះឡើងវិញ។ ស្របពេលនេះដែរ ប្រជាពលរដ្ឋបានសុំឲ្យមានការអន្តរាគមន៍ពីថ្នាក់លើ ដើម្បីបានផលិតការដាំដុះបន្តទៅទៀត៕ ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes