ថៃមានផែនការធ្វើសង្គ្រាមទ្រង់ទ្រាយធំ
ក្រសួងការពារជាតិថៃប្រកាសផែនការការពារជាតិមួយ បួនថ្ងៃក្រោយ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្នើឲ្យ ភាគីកម្ពុជា និងថៃរក្សាភាពអត់ធ្មត់ និងបង្កើតបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ។
ដោយ យន់ សាមៀន
កងទ័ពថៃកាលពីថ្ងៃសុក្រ ទី១៨ កុម្ភៈ បានប្រកាសប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមការពារជាតិខ្លួនជាលក្ខណៈ ទ្រង់ទ្រាយធំជាលើកដំបូង នៅតាមតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។
មន្ត្រីយោធាថៃត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យុទ្ធសាស្ត្រការ ពារជាតិមួយ ដែលគេដាក់ឈ្មោះថា "ចក្រពង្ស ប៊ូវ៉ានាត" (Chakrabongse Bhuvanadh) ជាយុទ្ធសាស្ត្រសង្គ្រាមសម័យថ្មី ដោយមានការចូលរួមពីកងទ័ពជាច្រើនម៉ឺននាក់ និងប្រើប្រាស់សព្វាវុធសម័យទំនើប ដូចជាយន្តហោះចម្បាំង F16 ជាដើម។
កងទ័ពថៃមានបំណងចង់ការពារខេត្តភាគខាងកើតរបស់ខ្លួនចំនួនបី ដូចជាខេត្តស្រះកែវ (Sa Kaeo) ចាន់ថាបូរី (Chanthaburi) និងខេត្តត្រាត (Trat) ជាប់នឹងព្រំប្រទល់កម្ពុជា។ បច្ចុប្បន្ននេះកងទ័ពថៃចំនួនមួយម៉ឺនប្រាំពាន់នាក់ ត្រូវបានដាក់ពង្រាយតាមបណ្ដោយព្រំដែនកម្ពុជា ក្បែរតំបន់ជម្លោះរួចហើយ។ ចំនួនកងទ័ពថៃនេះ គឺប្រហាក់ប្រហែលនឹងចំនួនកងទ័ពកម្ពុជានៅតំបន់ជម្លោះប្រាសាទ ព្រះវិហារ។ ប្រភពព័ត៌មានយោធាថៃបានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានកងទ័ពប្រមាណមួយម៉ឺនប្រាំពាន់នាក់នៅ តាមតំបន់ជម្លោះព្រំដែន។ ចំណែកគម្រោងសង្គ្រាមថៃថ្មីនេះនឹងប្រើប្រាស់កងទ័ពជើងទឹក និងអាកាសប្រមាណពីរម៉ឺនបីពាន់នាក់ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម។ ទាហានថៃក៏បានដាក់យន្តហោះចម្បាំងរបស់ខ្លួនរួចជាស្រេចនៅខេត្ត ក្បែរកម្ពុជា។ យន្តហោះទាំងនោះនឹងហោះមកទល់តំបន់ប្រយុទ្ធគ្នាក្នុងរយៈពេល ១០នាទីតែប៉ុណ្ណោះ។
គម្រោងប្រើប្រាស់កងទ័ពចំនួនដ៏ច្រើនរបស់កងទ័ពថៃ ធ្វើឡើងមួយថ្ងៃក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យប្រធានអាស៊ានធ្វើជាសាក្សី និងជួយបង្កើតបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ លោក ហ៊ុន សែន ក៏បានស្នើឲ្យមានអ្នកសង្កេតការណ៍អាស៊ាននៅតំបន់ជម្លោះផងដែរ។ ចំណែកឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានស្នើឲ្យ មានការអត់ធ្មត់ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
យុទ្ធសាស្ត្រសង្គ្រាមកងទ័ពថៃឈ្មោះ "ចក្រពង្ស ប៊ូវ៉ានាត" គឺជាព្រះនាមរបស់ព្រះអង្គម្ចាស់ថៃមួយអង្គ ជាអតីតអគ្គនាយសេនាធិការកងទ័ពថៃ នៅទសវត្សរ៍១៩២០។ ព្រះអង្គម្ចាស់អង្គនេះ បានសុគតនៅពេលព្រះអង្គមានអាយុ ៣៧ឆ្នាំ។ ព្រះអង្គត្រូវបានប្រជាពលរដ្ឋ និងកងទ័ពថៃចងចាំថា ជាទាហានឈានមុខគេជំនាញខាងកងទ័ពអាកាស។
វិទ្យុអាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយពីមន្ត្រីយោធាកម្ពុជា ដើម្បីឆ្លើយតបទៅនិងគម្រោងការពារជាតិថៃនេះបាននៅឡើយទេនៅពេល នេះ។
ការផ្ទុះអាវុធទ្រង់ទ្រាយធំជាលើកដំបូងបង្អស់ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧កុម្ភៈ បានបណ្ដាលឲ្យភាគីកម្ពុជាស្លាប់ចំនួន ៧នាក់ និងរងរបួសចំនួន ៣០នាក់។ ចំណែកឯភាគីថៃ កងទ័ព និងជនស៊ីវិលបួននាក់ស្លាប់។ ការប៉ះទង្គិចគ្នាកើតឡើងសាជាថ្មីម្ដងទៀត កាលពីថ្ងៃទី១៥ កុម្ភៈ ដែលបណ្ដាលឲ្យកងទ័ពថៃចំនួន ៥នាក់រងរបួស។
ទោះបីជាកងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នាជាច្រើនដងរួចមកហើយក៏ដោយ ក៏បទឈប់បាញ់គ្នានៅមិនទាន់បានបង្កើតនៅឡើយទេ។ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ បានសំដែងភាពផ្ទុយគ្នាជុំវិញការបង្កើតឲ្យមានបទឈប់បាញ់គ្នាមួយ ជាបន្ទាន់ ដើម្បីធានាថាការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរនឹងត្រូវ បញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍។ ការសំដែងការមិនចុះសម្រុងគ្នានេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យថៃព្រមទទួលយកកិច្ចឈប់បាញ់គ្នាមួយ ក្នុងកិច្ចប្រជុំរបស់សមាជិកអាស៊ានចំនួន១០ប្រទេស នៅថ្ងៃទី២២ កុម្ភៈ ខាងមុខនេះ។
លោក ហ៊ុន សែន បានផ្ដល់ដំណោះស្រាយបួនចំណុច សម្រាប់កម្ពុជា និងថៃ មុនកិច្ចប្រជុំបន្ទាប់របស់រដ្ឋមន្ត្រីការបរទេស ១០ប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី២២ កុម្ភៈ ខាងមុខនេះ។ ចំណុចសំខាន់ៗ រួមមានកងទ័ពកម្ពុជា និងថៃនៅតាមតំបន់ជម្លោះ ត្រូវចរចាគ្នាដើម្បីរក្សាស្ថិរភាព និងស្នើឲ្យតំណាងអាស៊ានជាស៊ីវិល យោធា ឬនគរបាលមកដាមតាមស្ថានភាពបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងថៃ។
សំណើរបស់លោក ហ៊ុន សែន ត្រូវបាននាយករដ្ឋមន្ត្រីថៃលោក អាភីស៊ីត វ៉េឆាឈីវ៉ាក់ (Abhisit Vejjajiva) បដិសេធមិនទទួលយក ដោយសារបទឈប់បាញ់គ្នានេះ វាមិនចាំបាច់។ លោក អាភីស៊ីត បន្ថែមទៀតថា សម្រាប់ពេលនេះ មិនមែនជាពេលវេលាពិភាក្សាគ្នារឿងបទឈប់បាញ់នោះទេ។ លោកបន្តទៀតថា កិច្ចចរចាជាលក្ខណៈទ្វេភាគី ត្រូវតែចាប់ផ្ដើមដោយមានអាស៊ានជាអ្នកសម្របសម្រួល។
មន្ត្រីជាន់ខ្ពស់កម្ពុជា និងថៃបានឲ្យដឹងថា ជម្លោះប្រដាប់អាវុធនឹងប្រើប្រាស់រយៈពេលវែង។ រដ្ឋមន្ត្រីការបរទេសថៃលោក កាស៊ីត ភីរ៉ុម (Kasit Piromya) ក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុង ទីក្រុងញីវយ៉ក (New York) ទទូចឲ្យកម្ពុជាឲ្យវិលទៅរកការចរចាជាលក្ខណៈទ្វេភាគី។ លោក កាស៊ីត ភីរ៉ុម បញ្ជាក់បន្ថែមទៀតថា កម្ពុជាត្រូវតែមានការអត់ធ្មត់ ពីព្រោះដំណោះស្រាយជម្លោះព្រំដែន ពីព្រោះវានឹងប្រើរយៈពេលយូរ។
មន្ត្រីជាន់ខ្ពស់កម្ពុជាធ្លាប់បានប្រកាសថា ទោះបីកម្ពុជាគ្មានអាវុធទំនើបដូចកងទ័ពថៃក៏ដោយ កងទ័ពកម្ពុជានឹងការពារបូរណភាពទឹកដីរបស់ខ្លួនជានិច្ច។ ក្រសួងការពារកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១០ ក្នុងកិច្ចខំប្រឹងប្រែងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទដោយបាន ទិញរថក្រោះ និងរថពាសដែកថ្មីចំនួន ៩៦គ្រឿងពីអឺរ៉ុបខាងកើត ដើម្បីការពារពីការឈ្លានពានរបស់បរទេស។ ក្រសួងការពារជាតិកម្ពុជាមិនបានប្រកាសទិញយន្តហោះចម្បាំងនោះទេ។
មន្ត្រីកងទ័ពអាកាសថៃបានឲ្យដឹងថា ទាហានថៃប្រហែលជាមិនចាំបាច់ប្រើប្រាស់យន្តចម្បាំងរបស់ខ្លួននោះ ដោយសារការផ្ទុះអាវុធកន្លងមកមានជាលក្ខណៈតូចតាច។ គម្រោងការពារជាតិរបស់កម្ពុជា និងថៃហាក់បីដូចជាមិនអាចធ្វើឲ្យសន្តិសុខក្នុងតំបន់អាស៊ានអាច ស្ងប់ស្ងាត់បាននោះទេ បើទោះបីជាប្រធានអាស៊ានបានសន្យានឹងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិថា សំលែងកាំភ្លើង និងការផ្លោងដាក់គ្នានៅតំបន់អាស៊ីភាគអាគ្នេយ៍នឹងត្រូវ ស្ងប់ស្ងាត់៕ ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes