លោកខាងលិចទាមទារឲ្យកាដាហ្វ៊ីចុះចេញ
ពីអំណាចជាបន្ទាន់
មួយថ្ងៃក្រោយពីបានសម្រេចដាក់ទណ្ឌកម្មលើលីប៊ី កាលពីថ្ងៃសៅរ៍ ២៦ កុម្ភៈ ២០១១នេះ លោកបារ៉ាក់ អូបាម៉ា បានដំឡើងសំឡេងកាន់តែខ្លាំងឡើងថែមទៀត ដោយបានទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាចជាបន្ទាន់។ បារាំង និងអង់គ្លេស ក៏បានទាមទារស្រដៀងគ្នានេះដែរ។ ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលរុស្ស៊ីបានថ្កោលទោសលីប៊ី ដែលបានប្រើកម្លាំងលើប្រជាជនស៊ីវិល។
ក្រោយពីបានជម្លៀសពលរដ្ឋចេញពីលីប៊ីអស់ បណ្តារដ្ឋាភិបាលលោកខាងលិចក៏បានចាប់ផ្តើមដំឡើងសំឡេងដាក់លោក កាដាហ្វ៊ីកាន់តែខ្លាំងឡើង។ ប្រតិកម្មខ្លាំងៗជាងគេ គឺចេញពីសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ដែលបានទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាចជាបន្ទាន់។
លោកអូបាម៉ាបានទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាច ក្នុងពេលដែលលោកជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រីអង់ហ្កេឡា មែរកិល (Angela Merkel) ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីរិះរកវិធានការដោះស្រាយវិបត្តិលីប៊ី។ ចំណែកលោកសាកូហ្ស៊ីវិញ បានប្រកាសទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាច នៅក្នុងអំឡុងទស្សនកិច្ច នៅក្នុងប្រទេសតួកគី កាលពីថ្ងៃសៅរ៍។
បន្ទាប់ពីអាមេរិក និងបារាំង នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេសក៏បានទាមទារឲ្យលោកកាដាហ្វ៊ី ចុះចេញពីអំណាចដែរ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសបានប្រាប់ទូរទស្សន៍ BBC ថា រដ្ឋាភិបាលអង់គ្លេសបានសម្រេចលុបអភ័យ ឯកសិទ្ធិការទូតរបស់លោក កាដាហ្វ៊ី ព្រមទាំងសមាជិកទាំងអស់នៃក្រុមគ្រួសាររបស់គាត់។ នេះបញ្ជាក់យ៉ាងច្បាស់ថា អង់គ្លេសលែងទទួលស្គាល់លោកកាដាហ្វ៊ី ជាប្រមុខរដ្ឋលីប៊ីទៀតហើយ។
រុស្ស៊ី ដែលកន្លងមក ធ្លាប់តែនៅស្ងាត់ស្ងៀម ក៏បានចាប់ផ្តើមដំឡើងសំឡេងដាក់រដ្ឋាភិបាលលីប៊ីដែរនៅពេលនេះ។ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសមួយឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសលីប៊ី លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្កោលទោសរដ្ឋាភិបាលលីប៊ី ដែលប្រើកម្លាំងទ័ពវាយប្រហារលើប្រជាជនស៊ីវិល។ បើទោះបីជាលោក Lavrov មិនបានទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាច ក៏ប៉ុន្តែ ការថ្កោល ទោស គឺជាពាក្យសម្តីធ្ងន់បំផុត ដែលរុស្ស៊ីបានប្រើលើរដ្ឋាភិបាលលីប៊ី ចាប់តាំងពីមានចលនាបះបោរបានផ្ទុះឡើងមក។
ក្រៅពីបានប្រកាសទាមទារឲ្យលោកកាដាហ្វ៊ីចុះចេញពីអំណាច រដ្ឋាភិបាលអាមេរិក បារាំង និងអង់គ្លេស ក៏បានប្រកាសបិទស្ថានទូតនៅលីប៊ីដែរ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ស្ទើរតែគ្រប់ប្រទេសទាំងអស់បានព្យាយាមចៀសវាងមិននិយាយដល់ការធ្វើ អន្តរាគមន៍ផ្លូវយោធានៅលីប៊ីនោះទេ។ ការបិទផ្លូវអាកាស មិនឲ្យយន្តហោះចម្បាំងលីប៊ីហោះហើរ ដែលស្នើឡើងដោយឯកអគ្គរដ្ឋទូតលីប៊ីប្រចាំអ.ស.ប.នោះ ក៏មិនត្រូវបានក្រុមប្រឹក្សាសន្តិសុខដាក់បញ្ចូលក្នុងសេចក្តីសម្រេច ដែលអនុម័ត កាលពីយប់ម្សិលមិញដែរ៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
tags: លីប៊ី
No comments:
Post a Comment
yes