សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 10, 2011


កម្ពុជាបញ្ជាក់ជំហរមិនចរចាទ្វេភាគីជាមួយថៃនៅញូវយ៉ក

ដោយ សុខ សេរី
ភាគី​កម្ពុជា និង​ថៃ រួម​ទាំង​ប្រធាន​សមាគម​អាស៊ាន គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងកិច្ច​ប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ របស់​អង្គការ​សហ​ប្រជាជាតិ នៅ​សប្ដាហ៍​ក្រោយ​នេះ ប៉ុន្តែ​ភាគី​កម្ពុជា គ្មាន​ចេតនា​ចង់​បន្ត​ការ​ចរចា​ទ្វេ​ភាគី​ទៀត​ទេនៅ​ពេល​នោះ ដោយសារ​តែ​​កម្ពុជា គ្មាន​ជំនឿ​លើ​ភាគី​ថៃ។
​ជា​ថ្មី​ម្ដង​ទៀត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ត្រូវ​បាន​ប្រភព​អះអាង​ថា លោក​គ្មាន​ផែនការ​ណា​ជួប​ចរចា​ទ្វេ​ភាគី​ក្រៅ​ផ្លូវការ​ជាមួយ​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ​ទេ ពីព្រោះ​ពាក្យ​បណ្ដឹង​ស្ដីពី​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ដល់​ដៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ហើយ។
ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សេចក្ដី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​កោះ​ហៅ​ប្រជុំ​ជា​ បន្ទាប់​មួយ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ សប្ដាហ៍​ខាង​មុខ​នេះ​តាម​សំណើ​របស់​កម្ពុជា។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ថា គ្មាន​ការ​ជួប​ចរចា​ទ្វេ​ភាគី​ទៀត​ទេ ទោះ​បី​ជា​ផ្លូវការ ឬ​មិន​ផ្លូវការ​ក៏ដោយ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ ក្រោយ​ពី​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ​ខាង​មុខ​នេះ។
លោក កុយ គួង បន្ថែម​ទៀត​ថា ៖ «កន្លង​មក​នេះ​គឺ​ថា តាម​សារព័ត៌មាន​ខាងភាគី​ថៃ​មក​ថា លោក កាស៊ីត គ្រោង​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនៅ​ក្រោយ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​មក​ដល់ពេល​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​មិន​ទាន់​បាន​ទទួល​សំណើអ្វី​ពី​លោក កាស៊ីត ភិរម្យ ទេ ហើយ​ម្យ៉ាង​វិញ​ទៀត ប្រសិន​មាន​សំណើ​នេះ​ពិត​ប្រាកដ​មែន​មក​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ធ្វើការ​ពិចារណា​សិន។ បញ្ហា​ហ្នឹង​កំពុង​តែ​ស្ថិត​ក្នុង​ដៃ​របស់​ក្រុមប្រឹក្សា​របស់​អង្គការ​សហ​ ប្រជាជាតិ​ទៅ​ហើយ»។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ថា ភាគី​កម្ពុជា រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង គ្រោង​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជា​បន្ទាន់ តាមការ​កោះ​ហៅ​នោះ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) ជាប្រធាន​នៃ​សមាគម​អាស៊ាន ត្រូវ​បាន​កោះ​ហៅ​ផង​ដែរ។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ និង​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​ពាក្យបណ្ដឹង​ជា​ផ្លូវការ​ដោយ​ទ្បែក​ពី​គ្នា​ជូន​ប្រធាន​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​កោះ​ហៅ​ប្រជុំ​ជា​បន្ទាន់ ចំពោះ​អ្វី​ដែល​កម្ពុជា​ចោទថា កងទ័ព​ថៃ បាន​ឈ្លាន​ពាន​កម្ពុជា និង​ប្រើ​អាវុធ​ទំនើបៗ​បាញ់​ចូល​មកកម្ពុជា នៅ​តំបន់​តាសឹម វាល​ឥន្រ្ទី និង​ភ្នំ​ទ្រព្យ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លងទៅ​នេះ។
រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ប្ដឹង​ទៅ​ប្រធាន​អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ អំពី​កងទ័ព​ថៃ បាន​បាញ់​មក​លើ​ប្រាសាទ​ព្រះវិហារ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។
អគ្គនាយក​របស់​អង្គការ​យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ឆ្លើយ​តបវិញ​ថា លោកស្រី​មាន​ចេតនា​បញ្ជូន​បេសកជន​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ឆាប់ៗ​ នេះ ដើម្បី​វាយ​តម្លៃ​អំពី​ការ​ខូចខាត។
កាសែត​ថៃ​ឈ្មោះ បាងកក ប៉ុស្តិ៍ (Bangkok Post) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ បាន​រាយការណ៍​ថា ក្រសួង​ការបរទេស​ថៃ ជំទាស់​ផែនការ​មក​ទស្សនកិច្ច​របស់​មន្ត្រី​យូណេស្កូ ខាង​មុខ​នេះ ដោយ​សំអាង​ថា ស្ថានការណ៍​នៅ​មិន​ទាន់​មាន​ស្ថិរភាព​នៅ​ទ្បើយ៕ប្រភពពីវិទ្យុអាស៊ីសេរី

No comments:

Post a Comment

yes