ក្រុមអ្នកច្បាប់កម្ពុជា កំពុងរៀបចំពាក្យបណ្តឹងដាក់
ទៅតុលាការយុត្តិធម៌អន្តរជាតិ
ក្រុមអ្នកច្បាប់របស់កម្ពុជា កំពុងតែរៀបចំពាក្យបណ្តឹង ដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដើម្បីសុំឲ្យបកស្រាយសាលក្រម ស្តីពី ប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។ ជាសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានកាត់ក្តី ដាក់ប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដីកម្ពុជា និងបង្គាប់ឲ្យថៃ ដកទ័ព បញ្ឈប់ការឈ្លានពានលើកម្ពុជា។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបង្ហាញឯកសារ និងភស្តុតាងជាច្រើនប្រាប់ដល់បេសកជនពិសេសអង្គការ យូណេស្កូ។ ភស្តុតាងទាំងនោះ បញ្ជាក់ពីសកម្មភាពរបស់កងទ័ពថៃ បាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។នៅលើប្រាសាទព្រះវិហារខ្មែរ។
© Reuters
© Reuters
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ក្រុមអ្នកច្បាប់កម្ពុជា កំពុងតែកាន់ពាក្យបណ្តឹង និងសិក្សាថាតើនីតិវិធីរបៀបណា ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ?។ ជាពាក្យបណ្តឹង ដើម្បីសុំឲ្យតុលាការអន្តរជាតិ បកស្រាយសាលក្រម ស្តីពី ប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃសុក្រនេះថា ការប្តឹងទៅកាន់តុលាការទីក្រុងឡាអេ គឺក្រុមអ្នកច្បាប់របស់កម្ពុជា កំពុងតែបន្តការងារដោយយកចិត្តទុកដាក់ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កន្លងមក។ នោះគឺការប្តឹងសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ធ្វើការបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពី ប្រាសាទព្រះវិហារ។ ពាក្យបណ្តឹងរបស់កម្ពុជា ក៏ដើម្បីដោះស្រាយជម្លោះព្រំដែនប្រាសាទព្រះវិហារ ដែលថៃអះអាងថា តំបន់ ៤,៦ គីឡូម៉ែត្រក្រឡា ជាតំបន់ប្រទាញប្រទង់ មិនទាន់ដាច់ស្រេច ថាជាទឹកដីថៃ ឬក៏ជាទឹកដីកម្ពុជា។
ក៏ប៉ុន្តែបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា គឺច្បាស់ណាស់ ផែនទីដងរែក ដែលនាំឲ្យតុលាការទីក្រុងឡាអេ សម្រេចក្តីលើសំណុំរឿងព្រះវិហារ កាលពីខែមិថុនា ឆ្នាំ១៩៦២ គឺពិតជាបានសម្រេចដល់ដែនដី នៅតំបន់ព្រំដែន ថាជាទឹកដីកម្ពុជា។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ នៅជិតប្រាសាទព្រះវិហារ លោក ទិត សុធា ក៏បានអះអាងថា មន្ត្រីរដ្ឋាភិបាលកម្ពុជា បានរៀបចំឯកសារ និងភស្តុតាង ដើម្បីបង្ហាញដល់បេសកជនពិសេស អង្គការយូណេស្កូ។ ឯកសារភស្តុតាងទាំងនោះ បញ្ជាក់ពីការខូចខាតប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការខូចខាត បង្កឡើងដោយគ្រាប់កាំភ្លើងទាហានថៃ ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧កុម្ភៈ។
កាសែតថៃ បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Koichiro Matsuura តំណាងពិសេសអង្គការយូណេស្កូ ទទួលបន្ទុកប្រាសាទព្រះវិហារ បានទៅដល់ប្រទេសថៃហើយ កាលពីយប់មិញ។ នៅថ្ងៃសុក្រ ទី២៥កុម្ភៈនេះ តំណាងពិសេស អង្គការយូណេស្កូ ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ។
តំណាងពិសេសអង្គការយូណេស្កូ នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នាថ្ងៃអាទិត្យ២៧កុម្ភៈ ហើយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សុខ អាន ទទួលបន្ទុកកិច្ចការប្រាសាទព្រះវិហារ នៅថ្ងៃចន្ទទី២៨កុម្ភៈ។
លោក ទិត សុធា អះអាងថា កម្ពុជាបានត្រៀមលក្ខណៈ ជូនដំណើរបេសកជនពិសេសរបស់អង្គការយូណេស្កូ ចុះទៅកាន់ប្រាសាទព្រះវិហារ ដើម្បីពិនិត្យលើស្ថានការណ៍ជាក់ស្តែង ដែលថៃបាញ់បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមលោក ទិត សុធា បេសកជនពិសេសអង្គការយូណេស្កូ មានសិទ្ធិគ្រប់គ្រាន់ ក្នុងដំណើរទៅពិនិត្យតំបន់ព្រំដែនព្រះវិហារ ព្រោះតំបន់ខូចខាតទាំងនោះ ស្ថិតក្នុងទឹកដីរបស់កម្ពុជា៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
tags: កម្ពុជា
No comments:
Post a Comment
yes