សហគមន៍ខ្មែរនៅសាន់ ហូហ៊្សេនឹងប្រជុំ
រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ
ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងនៅរដ្ឋម៉ាសាឈូសេតស៍
ជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមមេធាវីការពារក្តីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំងនឹងជួបជុំជាមួយ កូនក្តីរបស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុងសាន់ ហូហ៊្សេ(San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បី ផ្តល់ដំណឹងដល់ពួកគេអំពីការវិវត្តចុងក្រោយទាក់ទងនឹងសាលាក្តី ខ្មែរក្រហម។
ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ វ៉ាស៊ីនតោន
នេះជាលើកទីមួយហើយដែលសហគមន៍ខ្មែរនៅទីក្រុងសាន់ ហូហ៊្សេនេះនឹងជួបជាមួយក្រុមមេធាវីការពារក្តីរបស់ពួកគេចាប់ តាំងពីពួកគេបានដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហមក្នុងសំណុំរឿង លេខ០០២ ដែលនឹងកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
ការជួបជុំនេះក៏ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសំណងដែលក្រុមជន រងគ្រោះពីរបបខ្មែរក្រហមទាំងនេះចង់បានក្រោយពីការកាត់ក្តីបានបញ្ចប់នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រុមអ្នករៀបចំការជួបប្រជុំដែល នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តខេមររង្សីនាថ្ងៃសៅរ៍នេះ។
ជនរងគ្រោះអាចនឹងទាមទារចង់បានសំណងជាសមូហភាពដែលមានដូចជាបណ្ណាល័យ ស្តូបវិមាន ឬសេវាកម្មសម្រាប់សហគមន៍ជាដើម។
សម្រាប់សហគមន៍ខ្មែរ លោកស្រីនូស្ស៊ីន សាការ៉ាទី មេធាវីនៃមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវនិងតំណាង ឱ្យពលរដ្ឋខ្មែរអាមេរិកាំងបានបញ្ជាក់ជាគំនិតខ្លះឆ្លងតាមរយៈការ ជួបពិភាក្សាកន្លងមកថា ពួកគេអាចសុំសាងសង់ជាសារៈមន្ទីរមួយដើម្បីចារឈ្មោះជនរងគ្រោះ និងរក្សាទុករូបថត និងវត្ថុអនុស្សាវរីយ៍ដែលអ្នកបាត់បង់ជីវិតធ្លាប់ប្រើប្រាស់។
«សំណើទាមទារសំណងរបស់យើងនឹងតំណាងឱ្យពលរដ្ឋខ្មែរ អាមេរិកាំង ដែលយើងមាននៅក្នុងបញ្ជី ប៉ុន្តែភាគីដើមបណ្តឹងរដ្ឋប្បវេណីភាគច្រើននៅចង់បានសំណងឬសេវាកម្ម នៅកម្ពុជា។ ពួកគេគិតថា វាមានអត្ថន័យច្រើន បើមានការសាងសង់វិមានណាមួយនៅក្នុងប្រទេសកម្ពុជាជាជាងនៅសហរដ្ឋ អាមេរិក»។
ការជួបជុំនៅចុងសប្តាហ៍នេះក៏ផ្តល់ជាឱកាសដល់ក្រុមគ្រួសារជន រងគ្រោះយកវត្ថុអនុស្សាវរីយ៍ឬក៏រូបថតដែលបន្សល់ក្រោយពីរបបខ្មែរ ក្រហមមកបង្ហាញ ហើយពួកគេអាចនឹងមកនិយាយរៀបរាប់នូវរឿងរ៉ាវខ្លោចផ្សានិងបទពិសោធ ឈឺចាប់របស់គេដែលរស់នៅឆ្លងកាត់របបខ្មែរក្រហមនិងផលវិបាកនៅពេល បន្ទាប់ពីនោះ។
លោកស្រីបណ្ឌិត នូ លក្ខិណា នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជា ដែលជាអ្នករៀបចំឱ្យមានការជួបប្រជុំនេះបានបញ្ជាក់ថា ក្រុមការងាររបស់លោកស្រីនឹងធ្វើដំណើរទៅតាមរដ្ឋផ្សេងៗទៀតនៅ អាមេរិកដើម្បីជួបជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ទាំងអ្នកដែលបានដាក់ពាក្យប្តឹងនិងអ្នកដែលមិនបានដាក់ ដើម្បីជួយពួកគេឱ្យយល់កាន់តែច្បាស់ពីដំណើរការកាត់ក្តីខ្មែរក្រហម និងលើកទឹកចិត្តឱ្យអ្នកដែលនៅរស់រានមានជីវិតមានមោទនភាពចំពោះ ជីវិតរបស់គេឡើង។
«រឿងនេះមិនត្រឹមតែទាមទារយុត្តិធម៌ពីតុលាការថា ឥឡូវនេះពួកបួននាក់ ខៀវ សំផន នួន ជា អៀង សារី អៀង ធារិទ្ធ បានចូលគុកហើយនោះ យើងសប្បាយចិត្ត។ នេះមិនមែនត្រឹមតែរឿងយកពួកគាត់ទៅដាក់ចូលគុកទេ គឺយើងចង់ឱ្យពង្រឹងសង្គមយើង។ យើងចង់ឱ្យការបាក់បែកគ្នាហ្នឹងលែងមានតទៅទៀត។ យើងចង់ឱ្យសង្គមខ្មែរយើងឈានទៅមុខ ឱ្យមានសាមគ្គី ហើយនឹងចង់ឱ្យមានការសប្បាយចិត្តជាកូនខ្មែរ»។
មានពលរដ្ឋខ្មែរអាមេរិកាំង១៧០នាក់បានដាក់ពាក្យប្តឹងតាមរយៈ វិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាក្នុងករណី០០២។ អ្នកខ្លះដាក់ពាក្យបណ្តឹងក្នុងនាមជាជនរងគ្រោះនិងអ្នកខ្លះដាក់ ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
លោកស្រីបៃ សុផានី រស់នៅទីក្រុងសាន់ ហូហ៊្សេ ហើយដែលបានដាក់ពាក្យប្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់ថា លោកស្រីត្រូវតស៊ូទាមទាររកយុត្តិធម៌សម្រាប់កូនចំនួនបីនាក់ដែលបាន ស្លាប់និងសមាជិកក្រុមគ្រួសារដទៃទៀត៖«ខ្ញុំដាក់ពាក្យប្តឹងគឺថា ប្តឹងដើម្បីរកយុត្តិធម៌ឱ្យ
ព្រលឹងខ្មោចកូនខ្ញុំ ព្រោះខ្ញុំមិនអាចបិទភ្នែកជិតទេ កាលណាខ្ញុំមិនបានរកយុត្តិធម៌ឱ្យកូនខ្ញុំ ហើយឪពុកម្តាយខ្ញុំ ស្លាប់អស់មួយពូជនៅស្រុកកំពង់ឆ្នាំងឯណោះ។ វាវាយចោលអស់មួយពូជ។ សូម្បីតែក្មួយបង្កើតមួយក៏អត់មានដែរឥឡូវនេះ គឺអត់មានទេ»។
មានពលរដ្ឋខ្មែរជិតពីរលាននាក់បានស្លាប់បាត់បង់ជីវិតក្នុងរបប ខ្មែរក្រហម ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ដោយធ្វើការហួសកម្លាំង ការបង្អត់បាយ និងជំងឺដម្កាត់ជាដើម។ បច្ចុប្បន្នមានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបួននាក់គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោសដោយអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជាដែលនឹងគ្រោងបើកសវនាការនៅពាក់កណ្តាល ឆ្នាំនេះ ៕

No comments:
Post a Comment
yes