ស្ថានភាពអាកាសធាតុ ទឹកជំនន់ទន្លេមេគង្គ
នឹងហក់ឡើងចាប់ពីថ្ងៃ១៥ កញ្ញា រហូតដល់
ដំណាច់ខែនេះ
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ កាលពីថ្ងៃទី១៣ កញ្ញា ឱ្យដឹងថា បន្ទាប់ពីធ្វើការសង្កេត និងតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ប្រព័ន្ធសម្ពាធទាប ដែលបានកើតឡើងកាលពីថ្ងៃទី៨កញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ បច្ចុប្បន្នកំពុងបង្កើនឥទ្ធិពលនៅលើអាងទន្លេមេគង្គលើ ក្នុងប្រទេសឡាវ និងថៃ។ ជាមួយគ្នានេះប្រទេសកម្ពុជាក៏កំពុងបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបផងដែរ។ កត្តាទាំងនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទាំងក្នុងអាងទន្លេមេគង្គលើ (ក្នុងប្រទេសឡាវ និងប្រទេសថៃ) និងទាំងក្នុងប្រទេសកម្ពុជា ពិសេសតំបន់ភ្នំ តំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ខ្ពង់រាបភាគឦសាន។
សេចក្តីជូនដំណឹងដដែលបន្តថា ទោះបីជាទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជានៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានស្រកចុះបន្តិចក្តីតែតាមការព្យាករណ៍បានបង្ហាញថា ទឹកទន្លេមេគង្គនឹងចាប់កើនឡើងវិញ ចាប់ពីថ្ងៃទី១៥ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១១។
ស្ថានភាពនេះនឹងធ្វើឱ្យកម្ពស់ទឹកនៅទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប កើនឡើងហើយហូរចូលទៅតាមព្រែក និងធ្វើឱ្យលិចតំបន់ទំនាបនានា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅតំបន់ទំនាបតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងតំបន់លិចទឹកនានា គួរពន្យារការដាំដុះមួយរយៈ (ចាប់ពីពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១១) ដើម្បីចៀសវាងនូវការខូចខាតដោយទឹកជំនន់។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាពទឹកជំនន់នេះ ជាបន្តបន្ទាប់សម្រាប់ជាព័ត៌មានដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ។
ទឹកជំនន់លិចក្រុងសៀមរាបមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេវាកម្មទេសចរណ៍ខេត្ដសៀមរាប ត្រូវបានចាត់ទុកជាតំបន់ ប៉ូលនៃទេសចរណ៍ជាតិ ដោយសារខេត្ដនេះសម្បូរទៅដោយប្រាង្គប្រាសាទ និងរមណីយដ្ឋានវប្បធម៌-ធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍និងពោរពេញទៅដោយជីវចម្រុះ ។ ជាពិសេស រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រអង្គរបេតិកណ្ឌពិភពលោក បូករួមទាំងសន្ដិភាព ស្ថិរភាពនៅក្នុងតំបន់និងបរិស្ថាន ធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទាក់ទងទៅនឹងស្ថានភាពភ្ញៀវទេសចរ លោកង៉ូវ សេងកាក់ បានបញ្ជាក់នៅក្នុងសារអេឡិចត្រូនិក កាលពីរសៀលថ្ងៃទី១២ កញ្ញាថា ក្នុងរយៈពេល៧ខែឆ្នាំ២០១១នេះ ភ្ញៀវទេសចរអន្ដរជាតិចូលមកទស្សនានៅខេត្ដសៀមរាបមានចំនួន៩០៧.៤៦៣នាក់ គឺកើនឡើងរហូតដល់២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០កន្លងទៅ ខណៈនៅទូទាំងប្រទេសយើងទទួលបានភ្ញៀវទេសចរ១.៦២៤.៥៥៦នាក់ ក្នុងកំណើន១៤%ធៀបនឹងរយៈពេល៧ខែដូចគ្នាក្នុងឆ្នាំ២០១០។
រហូតមកដល់រសៀលថ្ងៃទី១៣ កញ្ញា ដែលជាថ្ងៃទី៣នៃការជន់លិចក្រុងសៀមរាប មន្ដ្រី អាជា្ញធរនៅមិនទាន់បញ្ចេញរបាយការណ៍ផ្លូវការអំពីការខូចខាតដោយសារទឹកជំនន់នេះនៅឡើយទេ ហើយទឹកជំនន់នៅតែបន្ដគំរាមកំហែងមកលើក្រុងប្រវត្ដិសាស្ដ្រមួយនេះដដែល ។
ទឹកស្ទឹងសង្កែឡើងដល់កម្រិតប្រកាសអាសន្នកម្ពស់ជិត១៤ម៉ែត្រខេត្តបាត់ដំបង ៖ ភ្លៀងបង្អុរចុះជោកជាំនៅឯតំបន់ប៉ែកខាងលើក្បាលស្ទឹងសង្កែ បានធ្វើឱ្យទឹកស្ទឹងសង្កែ ឡើងកម្ពស់ដល់កម្រិតប្រកាសអាសន្នហើយនៅព្រឹកថ្ងៃទី១៣ កញ្ញា ដែលកម្រិតនោះមិនធ្លាប់មានពីមុនមក ។ នេះបើយោងតាមការផ្តល់ព័ត៌មានពីអាជ្ញាធរខេត្តដែលទទួលបន្ទុកគ្រោះមហន្តរាយ ។
លោកអ៊ុយ រី អភិបាលរងខេត្តបានថ្លែងប្រាប់កោះសន្តិភាពនាព្រឹកថ្ងៃទី១៣ កញ្ញា ក្នុងគ្រាដែលមន្ត្រីនានាកំពុងព្យាយាមទប់ស្កាត់ទឹកជំនន់ថា ទឹកស្ទឹងសង្កែបានឡើងដល់កម្ពស់១៣,៩០ម៉ែត្រ នៅព្រឹកថ្ងៃទី១៣ កញ្ញា ដែលកម្រិតនេះអាចឈានដល់ការប្រកាសអាសន្នហើយ ហើយក៏មិនធ្លាប់ជួបប្រទះដែរនាពេលកន្លងមក សម្រាប់ខេត្តបាត់ដំបង។ លោកអភិបាលរងខេត្តទទួលបន្ទុកគ្រោះមហន្តរាយរូបនេះ បានបញ្ជាក់ថា មានស្រុក និងក្រុងចំនួន៦ដែលជាប់តាមបណ្តោយដងស្ទឹងសង្កែ បានរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដែលបែកធ្លាយចេញពីស្ទឹងសង្កែនេះ ។ លោកបានអះអាងថា នេះជាទឹកភ្លៀងសុទ្ធសាធ ប៉ុន្តែទឹកស្រកនៅប៉ែកខាងលើ និងកំពុងនៅទ្រឹងចំកណ្តាលក្រុងបាត់ដំបង ។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាក្រុងបាត់ដំបងបាននិយាយថា នៅក្នុងក្រុងបាត់ដំបងជំនន់ទឹកស្ទឹងនេះបានបុកចូលទៅតំបន់ផ្សារបឹងឈូកខ្លាំងជាងគេ ដែលចាប់ផ្តើមតាំងពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ កញ្ញា មកម៉្លេះ ហើយបានឡើងលិចចូលផ្សារ និងផ្ទះល្វែងទាំងស្រុងក្នុងតំបន់ជុំវិញផ្សារនេះ ។ ប្រភពដដែលបានបន្តថា កំណាត់ផ្លូវនានាក្នុងក្រុងក៏ត្រូវលិចដោយអន្លើៗដែរ ។ លោកអឿម សុខុន អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ដែរថា សង្កាត់ចំនួន៣ គឺសង្កាត់ព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ និងសង្កាត់រតនៈ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
តាមការពិនិត្យជាក់ស្តែងលើជំនន់ទឹកស្ទឹងសង្កែនាព្រឹកថ្ងៃទី១៣ កញ្ញា គេពិនិត្យឃើញស្ពានធំៗចំនួន៧ដែលឆ្លងកាត់ដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង កំពុងញ័រយា៉ងខ្លាំង ដោយសារកម្លាំងទឹកហូរបុកយា៉ងគំហុក ជាពិសេសស្ពានបេឡេត៍មួយខ្សែនៅស្រុកឯកភ្នំ ហើយកំពុងប្រឈមមុខទៅនឹងកម្លាំងទឹកនេះ ដែលមន្ត្រីជំនាញកំពុងព្រួយបារម្ភ ។ ដោយឡែក ស្ពានថ្មថ្មីចំនួន២ដែលស្ថិតនៅក្បែរសួនច្បារលោកឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងក្រុងក៏គួរឱ្យព្រួយបារម្ភដែរ ព្រោះទឹកឡើងដល់ធ្នឹមស្ពានទៅហើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យកាន់តែបារម្ភទ្វេដងនោះ គឺគេឃើញដើមឫស្សីជាច្រើនគុម្ពដែលរបើកតាមកម្លាំងទឹកហូរបានបុកជំពាក់ជាប់សសរស្ពានថ្មខាងលើនេះ ។
លោកខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដែលបានចុះពិនិត្យតាមស្ពាននានាក្នុងក្រុងបាត់ដំបងប្រាប់កោះសន្តិភាពថា យើងបានសម្រេចឱ្យសមត្ថកិច្ចបិទផ្លូវមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ បើកបរឆ្លងកាត់ក្រុងជាបណ្តោះអាសន្នចាប់តាំងពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ កញ្ញា រហូតមក ពីព្រោះមានស្ពានមួយចំនួនកំពុងស្ថិតនៅក្នុងភាពអាសន្ន ដូចជាស្ពានថ្មនៅសង្កាត់ស្លាកែតជាដើម ដែល.កស្ពានត្រើយខាងលិចមានស្នាមប្រេះ ហើយត្រូវបិទចរាចរណ៍ទាំងស្រុងតែម្តង ។ លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ថា លោកបានបញ្ជាឱ្យនាំគ្រឿងចក្រ២គ្រឿងទៅកាយទាញគុម្ពឫស្សីដែលជាប់ក្រោមស្ពាន តែហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ដោយសារតែកម្លាំងទឹកហូរបុកខ្លាំងពេក ។ លោកខាន់ មា៉ណេរ បានបញ្ជាក់ថា ចំពោះផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះលោកមិនទាន់ទទួលបានរបាយការណ៍ទេ ។
អភិបាលរងខេត្តលោកអ៊ុយ រី បានមានប្រសាសន៍បញ្ជាក់ថា ក្រុង-ស្រុកចំនួន៦ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ រួមមានស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ប៉ុន្តែស្រុកឯកភ្នំ និងស្រុកសង្កែ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ រហូតមានលំនៅឋានមួយចំនួនទឹកលិចដល់ដំបូលទៀតផង ពិសេសនៅស្រុកសង្កែ។ បើតាមរបាយការណ៍បណ្តោះអាសន្នស្តីពីការខូចខាតបង្កឡើងដោយជំនន់ទឹកភ្លៀងដែលបែកធ្លាយពីស្ទឹងសង្កែនេះ លោកអ៊ុយ រី បានឱ្យដឹងថា មានដំណាំស្រូវចំនួន២.៨៨៧ហិកតា លំនៅឋាន១៨ខ្នង នៅស្រុកសង្កែលិចដល់ដំបូល។ ផ្លូវក្រាលកៅស៊ូ៦កន្លែងសរុបប្រវែង៨០០ម៉ែត្រ ផ្លូវក្រាលក្រួសក្រហមសរុបប្រវែង១៧.៥០០ម៉ែត្រ ផ្លូវលំដីសរុបប្រវែង២.៥០០ម៉ែត្រ កំពុងខូចខាត ។ រីឯដំណាំក្រូចនៅស្រុកបាណន់ ស្ទើរទាំងអស់ដែលនៅតាមដងស្ទឹងត្រូវទឹកលិច ។ នៅស្រុកឯកភ្នំ បើតាមសេចក្តីរាយការណ៍ថា ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លូង លំនៅឋានពលរដ្ឋភាគច្រើនត្រូវទឹកជន់លិច ប៉ុន្តែមិនទាន់មានរបាយការណ៍គ្រោះថ្នាក់ដល់មនុស្ស ឬសត្វពាហនៈទេ ។ លោកអ៊ុយ រី បញ្ជាក់ថា នេះគ្រាន់តែជារបាយការណ៍បណ្តោះអាសន្នតែប៉ុណ្ណោះ ។
លោកឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មិនអាចសុំការបំភ្លឺបានទេ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ជុំវិញបញ្ហាអាកាសធាតុដែលបង្កឱ្យមានជំនន់ទឹកភ្លៀងដ៏ធំមិនធ្លាប់មាននេះ ។ ឯមន្ត្រីក្រោមឱវាទមួយចំនួនបាននិយាយថា ភ្លៀងបានថមថយវិញហើយនៅព្រឹកថ្ងៃទី១៣ កញ្ញា នៅតំបន់ប៉ែកខាងលើនៃក្បាលស្ទឹងសង្កែ ហើយក៏ស្រកអស់ច្រើនដែរ ប៉ុន្តែទឹកនេះបានឈប់ទ្រឹងនៅចំកណ្តាលក្រុងបាត់ដំបង ដោយសារទឹកជំនន់បានចាល់ដែលរុញច្រានពីបឹងទន្លេសាបមកវិញ ។ មន្ត្រីដដែលបានបញ្ជាក់ប្រាប់កោះសន្តិភាពនៅម៉ោង១រសៀលថ្ងៃទី១៣ កញ្ញា ថា ទឹកស្ទឹងសង្កែ កំពុងស្ថិតនៅកម្ពស់១៣,៩០ម៉ែត្រដដែល។ បើទោះបីជាទឹកនៅមានកម្លាំងហូរខ្លាំងយា៉ងណាក្តី ប៉ុន្តែនៅតំបន់ក្បាលស្ទឹងប៉ែកខាងលើបានស្រកហើយ ព្រោះគ្មានភ្លៀង ។ លោកបានបញ្ជាក់ថា បើមានភ្លៀងធ្លាក់បន្តទៀត ទឹកស្ទឹងច្បាស់ជាត្រូវប្រកាសអាសន្នទ្វេដងហើយ។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ គួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតទើបល្អប្រសើរ ។
កម្ពស់ទឹកទន្លេសាបបានឡើងខ្ពស់ជាងឆ្នាំកន្លងមកជិត៣ម៉ែត្រខេត្តកំពង់ឆ្នាំង ៖ លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ កញ្ញា ទឹកទន្លេបានឡើងដល់កម្ពស់១០,០៧ម៉ែត្រខ្ពស់ជាងឆ្នាំកន្លងទៅដល់ទៅ២,៤០ម៉ែត្រ ដែលត្រឹមថ្ងៃទី១៣ កញ្ញា ដូចគ្នាមានត្រឹមតែ៧,៦៧ម៉ែត្រប៉ុណ្ណោះ ។
លោកប្រធានមន្ទីរបានបន្តថា កាលពីថ្ងៃទី១២ កញ្ញា ទឹកមានកម្ពស់៩,៩៧ម៉ែត្រ គឺមួយថ្ងៃទឹកបានឡើងកម្ពស់០,១០ម៉ែត្រ ហើយទឹកនេះនឹងបន្តឡើងទៀត ។ សម្រាប់ខេត្តកំពង់ឆ្នាំង បើទឹកឡើងដល់កម្ពស់១១ម៉ែត្រអាជ្ញាធរនឹងប្រកាសអាសន្នហើយ ។ កត្តាដែលនាំឱ្យទឹកទន្លេឡើងខ្ពស់ជាងឆ្នាំចាស់ គឺបណ្តាលមកពីភ្លៀងបានធ្លាក់យា៉ងច្រើនលើខេត្តមួយចំនួនដែលនៅជុំវិញបឹងទន្លេសាប និងម្យា៉ងវិញទៀតមកពីទឹកទន្លេមេគង្គហូរចូលទន្លេសាបផងដែរ ។ លោកមិនទាន់ហ៊ានព្យាករថា ខេត្តកំពង់ឆ្នាំង នឹងប្រកាសអាសន្នពីទឹកជំនន់នេះ នៅពេលណានោះទេ ប៉ុន្តែបើពិនិត្យលើស្ថានភាពទឹកដែលកំពុងឡើងរាល់ថ្ងៃ គឺក្នុងមួយថ្ងៃឡើង១តឹកបែបនេះ តែ១០ថ្ងៃទៀតគឺទឹកនឹងឡើងដល់១១ម៉ែត្រ ដែលត្រូវប្រកាសអាសន្នហើយ ។
ទោះបីជាយ៉ាងណា ស្ថានភាពទឹកជំនន់ទឹកទន្លេ ឬជំនន់ទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងមិនមានស្ថានភាពធ្ងន់ធ្ងរដូចខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេ ហើយមកដល់ថ្ងៃនេះក៏មិនទាន់មានប៉ះពាល់ដល់អាយុជុជីវិតមនុស្ស ឬសត្វនៅឡើយដែរ ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes