សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

បាត់​ស្រមោល​លោក​ប្តីមួយ​យប់​រក​ឃើញ​បើក​ឡាន​ដឹក​ស្រី


  ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​លើ​វិថី​​ព្រះ​មុនី​រ៉េត​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ តុលា ​ដោយ​សារ​តែ​ស្ត្រី​ម្នាក់​ដែល​តាម​រក​ប្តី​ស្រាប់​តែ​ប្រទះ​ឃើញ​បើក​រថ​យន្ត​បញ្ជិះ​ស្រី​ផ្សេង​​ក៏​ឈរ​ស្ទាក់​​ពី​មុខ​​រថ​យន្ត​ដើម្បី​ឱ្យ​​ឈប់​​និយាយ​គ្នា ប៉ុន្តែ​លោក​ប្តី​អត់​ព្រម​ឈប់​ទេ ​​ទើប​នាង​​សម្រេច​ចិត្ត​លោត​ឡើង​ជិះ​ពី​លើ​កាបូរថ​យន្ត​ដែល​កំពុង​បើក​បរ​ទាំង​ប្រថុយ​គ្រោះ​ថ្នាក់​ ព្រោះ​ខឹង​បាត់​ប្តី​ពី​ផ្ទះ​មួយ​យប់ ហើយ​ស្រាប់​តែ​តាម​រក​ឃើញ​លោក​ប្តី​បញ្ជិះ​ស្រី​ថ្មី​ធ្វើ​ព្រងើយ​។

 ជុំវិញ​រឿង​រ៉ាវ​​នេះ អ្នកយកព័ត៌មានយើងសុំ​ធ្វើ​ការ​បក​ស្រាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទាំង​ស្រុង​របស់​​តួ​ឯក តួ​រង​ក្នុង​រឿង​រ៉ាវ​នេះ ព្រោះ​តែ​​គោរព​សេចក្តី​ថ្លៃ​ថ្នូរ​បុគ្គល​។

តាម​ប្រភព​ព័ត៌​មាន​ជាក់​ស្តែង​​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ តុលា ស្ត្រី​ឈ្មោះត.គ.ល បាន​ជិះ​ម៉ូតូ​ជាមួយ​ប្អូន​ប្រុស​ដើរ​ស្វែង​រក​ប្តី​ឈ្មោះ​ញ.ភ.រ​ ជា​គ្រូ​ពេទ្យ​​ដែលបាត់​ពី​ផ្ទះ​មួយ​យប់​ ហើយ​​មិន​ឃើញ​ចូល​ផ្ទះ​សោះ​។ ការ​ធ្វើ​ដំណើរ​ស្វែង​រក​ប្តី​បាន​សម្រេច​ដូច​បំណង​មែន​ គឺ​ឃើញ​លោក​ប្តី​ដឹក​ស្រី​ផ្សេង​ចេញពីលំនៅ​ឋាន​មួយ​​មុខ​ច្រក​ចូល​វត្ត​ដំបូក​ខ្ពស់​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ក្នុង​ស្ថាន​ភាព​បែប​នេះ​ស្ត្រី​ជា​ប្រពន្ធ​​ជិះ​ម៉ូតូ​ជាមួ​យ​ប្អូន​ប្រុស​វ៉ា​ទៅ​មុខ​រថ​យន្ត​យ៉ាង​លឿន​ដើម្បី​ឃាត់​ ឱ្យ​ឈប់​នៅ​ម្តុំ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ដែលមាន​ស្នាក់​ការ​​ឈរ​ជើង​របស់​សមត្ថ​កិច្ច​នគរ​បាល​ចរា​ចរណ៍​ដើម្បី​ឱ្យ​​ជួយ​អន្តរា​គមន៍។

នៅពេល​​រថ​យន្ត​ម៉ាកកាមរី​​ឆ្លាម​ពណ៌​ស្ករ​របស់​ស្វាមី​ដឹក​ស្រី​មក​ដល់​ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​រូប​នាង​ក៏​ឈរ​ស្ទាក់​ពី​មុខ​ជាប់​។ ខណៈ​ពេល​នោះ​បុរស​ជា​ប្តី​អត់​ព្រម​ឈប់​រថ​យន្ត​ទេ គឺ​បន្ត​បើក​សន្សឹមៗ​​ឆ្លង​ស្ពាន​ស្ទឹង​មាន​ជ័យ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ដោយ​សារ​តែ​បុរស​ជា​ប្តី​អត់​ព្រម​ឈប់​រថ​យន្ត​ ​ស្ត្រី​ជា​ប្រពន្ធ​សម្រេច​ចិត្ត​លោត​ឡើង​ជិះ​លើ​កាបូ​មុខទាំង​ប្រថុយ​គ្រោះ​ថ្នាក់ ​ព្រោះ​​តែ​ចង់​ឈ្នះ​ចិត្ត​បុរស​ជា​ប្តី​ដែល​រូប​នាង​គិត​ថា​បាន​ក្បត់នាង​ទៅ​​ឌុប​ស្រី​ដើរ​លេង​ថ្ងៃ​អាទិត្យយ៉ាង​រំភើយ​​ហាក់​បី​ដូច​ជា​ខ្លួន​នៅទំនេរ​។

ដោយ​សារ​មាន​រឿង​ហេតុបែប​នោះ​ក្រុម​សន្តិ​សុខ​សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ​សហ​ការ​​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ជួយស្ទាក់​រថ​យន្ត​ឱ្យ​ឈប់​ ដោយ​មាន​ស្ត្រី​ម្នាក់​ក្រាប​នៅ​ពី​លើ​កា​បូ​រថ​យន្ត​ផង ហើយ​​​នាំ​ទាំង​អ្នក​​បើក​បរ​ទាំង​អ្នក​ជិះជាមួយ​​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋ​បាល​​ស្ទឹង​មានជ័យ​ដើម្បី​សួរនាំ​។ ​ស្ត្រី​ដែល​ជិះ​រថ​យន្ត​ជាមួយប្តី​គេ​នេះ​​ឈ្មោះ​ញ.ភ.រ​ អះ​អាង​ថា រូប​នាង​​មាន​ប្តី​ និង​មាន​កូន​២​ទៅ​ហើយ​គ្មាន​រឿង​ពាក់​ព័ន្ធ​ស្នេហា​ជាមួយប្តី​គេ​ឡើយ ។ ចំពោះ​ការ​​ជិះ​រថ​យន្ត​​ជាមួយ​គ្នា​ គឺ​រូប​នាង​សុំ​ទៅ​ដោយ​សារ​ព្រោះត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ផ្លូវ​​ជាមួយ​គ្នា ។ ម្យ៉ាង​ទៀត​ពួក​នាង​ទាំង​ពីរ​នាក់​ធ្លាប់​ស្គាល់​គ្នា​ជា​មិត្ត​ភក្តិ​​កាលពី​វ័យ​ក្មេង​ ។

បន្ទាប់​ពី​និយាយ​អះ​អាង​រួច​មក​ ស្ត្រី​ជាប់​ចោទ​​ឈ្មោះល.ម.ក បាន​ទូរ​ស័ព្ទ​ហៅ​បង​ប្អូន​ឱ្យ​យក​រថ​យន្ត​​ម៉ាក​កូរ៉ូ​ឡា​ពណ៌​ក្រហម​​ទៅ​ទទួល​ដល់​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​រួច​ឡើង​ជិះ​ចេញ​ទៅ​វិញ​បាត់​ភ្លាមទៅ​​ បន្ទាប់ពី​ឆ្លើយ​បំភ្លឺ​ប្រាប់​ប៉ូលិស​រួច​​។ ចំណែកលោក​ញ.ភ.រ​ ក៏​បើក​រថ​យន្ត​ចេញ​ពី​​ប៉ុស្តិ៍​ប៉ូលិស​ទៅ​ផ្ទះ​វិញ។ ជា​បន្ទាប់​មក​​អស់​មាន​ភាគី​ប្រកែក​​ជាមួយ​ទើប​​​ស្ត្រី​ជា​ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​ប្អូ​ន​ប្រុស​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ។ 
គេ​ពុំ​ដឹង​ថា មាន​អ្វី​កើត​ឡើង​នៅ​ពេល​​ប្តី​ ប្រពន្ធ​នោះ​ទៅ​ដល់​ផ្ទះវិញ​ទេ​​ ប្រហែល​ឆេះ​ដុំ​ហុយ​ផ្សែង​ទ្រលោម​មិន​ខាន​ទេមើល​ទៅ...​  ៕





ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes