សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ជំនុំជម្រះចលនាសុវណ្ណភូមិ

ជន​ជាប់​ចោទ ​នៅ​សា​លា​ដំបូង​រាជ​ធានី កាល​ពី​ម្សិល​មិញ​។ 
រូបថត ផា លីណា

 កាល​ពី​ម្សិលមិញ​ សាលា​ដំបូង​រាជធានី​ ​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​បុរស​ ៦ នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្កើត​ចលនា​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ​ឈ្មោះ​ថា «ចលនា​កង​ទ័ព​សុវណ្ណភូមិ»។
លោក ឌុច គឹមសន ចៅ​ក្រម​ជំនុំ​ជម្រះ​ បាន​ថ្លែង​ថា លោក ជា សារ៉ាន់ អាយុ ៤៩ ឆ្នាំ ជា​អតីត​សមាជិក​ក្នុង​គណ​បក្ស​ សម រង្ស៊ី ​លោក លីវ សុកសុវណ្ណ អាយុ ៤៩ ឆ្នាំ ជា​អតីត​សមាជិក​ក្នុង​គណ​បក្ស​ សម រង្ស៊ី ​លោក ជុំ​ វិជ័យ ហៅ​គ្រូ ជ័យ ​ជា​កម្ម​ករ​ជីក​រ៉ែ ​លោក ផ្លត វី អាយុ ៦២ ឆ្នាំ ជា​គ្រូថ្នាំ​បុរាណ លោក យ៉ម ហេវ អាយុ ៤១ ឆ្នាំ ជាកសិករ និង​លោក ពោត ផន អាយុ ៤៦ ឆ្នាំ ជា​កសិករ ត្រូវ​បានចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី ៤ មេសា ​២០១១ ពី​បទ​បង្កើត​ចលនា​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់។ លោក​បាន​បន្ថែម​ថា ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​កង​រាជ​អាវុធ​ហត្ថ កាល​ពី​ថ្ងៃ​ទី ៣១ មីនា ២០១១ ​នៅ​ភោជនីយដ្ឋានសេវិន​ប្រាយ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក ខណៈ​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​ចលនា​កង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ និង​ពី​ការ​ជ្រើស​រើស​កង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ដើម្បី​ចលនា​របស់​ខ្លួន​។
លោក​បាន​សង្កត់​ធ្ងន់​ថា ​លោកជា សារ៉ាន់ ​ជា​ប្រធាន និង​ជា​អគ្គ​មេ​បញ្ជា​ការ​ នៃ​ចលនា​កង​ទ័ព​សុវណ្ណភូមិ លោក លីវ សុកសុវណ្ណ ជា​ប្រធាន​អង្គ​ភាព​អង្គ​រក្ស​របស់​លោក ជា​ សារ៉ាន់ ​លោក ជុំ​ វិជ័យ​ ជា​សេនាធិការ​ នៃ​ចលនា​កង​ទ័ព​សុវណ្ណ ភូមិ ​និង​លោក ផ្លត វី ​លោក យ៉ម ហេវ និង​លោក ពោត ផន ជា​សមាជិក​សកម្ម​នៃ​ចលនា​នេះ។ លោក​ ឌុច គឹម​សន បាន​បញ្ជាក់​ថា៖ «​ការ​បង្កើត​ចលនា​កង​ប្រដាប់​អាវុធ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជ-​រដ្ឋាភិបាល ​​ជា​អំពើ​ខុស​ច្បាប់​ ​ហើយ​ជា​សកម្មភាព ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ដាច់​ខាត​។ តុលាការ​មិន​លើក​លែង​ទោស​ឡើយ ប្រសិន​បើ​រក​​ឃើញ​ថា ពួកគេ​មាន​ពិរុទ្ធ​ភាពនោះ»។
លោក មាស ច័ន្ធ​ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​រាជ​ធានី​ ​ថ្លែង​ថា ផ្អែក​តាម​ការ​ស៊ើប​អង្កេត ​​និងរបាយការណ៍​ ដែល​តុលាការ​ទទួល​បាន ចលនា​កង​ទ័ព​សុវណ្ណភូមិ មាន​គោល​បំណង​ ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន។ លោក​បាន​បន្ត​ថា៖ «​ផ្អែក​តាម​របាយការណ៍ ចម្លើយ និង​សកម្មភាព ពួកគេ​មាន​ពិរុទ្ធ​ភាព ព្រោះ​ពួកគេ​ពិត​ជាជាប់​ពាក់​ព័ន្ធ ​នឹង​ចូល​រួម​ក្នុង​ចលនា​កង​ទ័ព​សុវណ្ណភូមិ ដែល​ខុស​ច្បាប់​ប្រាកដ​មែន»។
លោក ជា សារ៉ាន់ លោក លីវ សុក​សុវណ្ណ លោក ជុំ វិជ័យ និង​លោក​ ផ្លត​ វី បាន​សារ​ភាព​អំពី​ការ​ជាប់​ពាក់​ព័ន្ធនឹង​ការ​បង្កើត​ចលនា​​កង​ទ័ព​សុវណ្ណភូមិ ប៉ុន្តែ លោក យ៉ម ហេវ និង​លោក ពោត ផន ​បាន​បដិសេធ​​ថា ​ខ្លួនគាត់​​មិន​ជាប់​ពាក់​ព័ន្ធទេ​នៅ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ កាល​​ពី​ម្សិលមិញ។
លោក ជា សារ៉ាន់ បាន​ថ្លែង​ថា ចលនា​កង​ទ័ព​សុវណ្ណភូមិ ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ក្រុម​អតីត​សមាជិក​គណ​បក្ស​ សម រង្ស៊ី នៅ​ដើម​ឆ្នាំ ២០០៦ ​ហើយ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​ចលនា​នេះ​។ លោក​បាន​ប្រាប់​តុលាការ​ថា៖ «គោល​បំណង​នៃ​ចលនា​កង​ទ័ព​សុវណ្ណភូមិ​ គឺ​នឹង​​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​តៃ​វ៉ាន់ ​​និង​ស្វែង​រក​ជំនួយ​ពី​ប្រទេស​ដទៃ​ទៀត​​។ វា​​មាន​គោល​បំណង​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​»។ លោក​បាន​ចង្អុល​បង្ហាញ​ថា ការ​ផ្តួច​ផ្តើម​ចលនា​នេះ​ បាន​ស្នើ​ឡើង​ដោយ​លោក ថាប់ ថេ ​ដែល​ជា​អតីត​សមាជិក​គណ​បក្ស សម រង្ស៊ី ​​ប៉ុន្តែ​​ឥឡូវ​នេះ​បាត់​ខ្លួន​ហើយ​។ ​លោក​បន្ត​ថា ​លោក ថាប់ ថេ បាន​ប្រាប់​លោក​ថា រដ្ឋា​ភិបាល​តៃវ៉ាន់ តាម​រយៈ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ​បាន​សន្យា​ផ្តល់​ប្រាក់ ២០ លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​ចលនា​កង​ទ័ពនេះ ក្នុង​ប្រទេស​កម្ពុជា។
ប៉ុន្តែ​លោក ពោត ផន ​ថ្លែ​ងថា លោក​មិន​បាន​ដឹង​ពី​ចលនា​កង​ទ័ព​សុវណ្ណ​​ភូមិ​នេះ​ទេ​ ហើយ​លោក​​ ក៏​មិន​មែន​ជាសមា-​ជិក​ចលនា​នេះ​ដែរ​។ ​​លោក​​បញ្ជាក់​ថា៖ «​ខ្ញុំ​ជា​កសិ​ករ​ធ្វើ​ស្រែ ហើយ​ជា​ជន​រង​គ្រោះ​​ពី​ការ​ចាប់​ខ្លួន​នេះ​។ ​ដូច្នេះ ខ្ញុំ​សូម​ស្នើ​តុលាការ មេត្តា​លើក​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ខ្ញុំ​»។
លោក ​​ពោត ផន បាន​បន្ថែ​ម​ឲ្យ​ដឹង​​ថា លោក​គ្រាន់​តែ​ជាប់​ពាក់​ព័ន្ធ នាំ​លោក ជុំ វិជ័យ ទៅ​រក​អាវុធ​មិន​ប្រើ​ប្រាស់​ ដែល​​ត្រូវ​បាន​គេ​កប់​ នៅ​ក្នុង​ភូ​មិ​ស្រុក​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ដើមខែ​មីនា ២០១១ តែ​ប៉ុណ្ណោះ​។
សាល​ក្រម​កាត់​ក្តី​ទៅ​លើ​បុរស​ជាប់​ចោទ​ទាំង​ ៦ នាក់​នេះ នឹង​ត្រូវ​ប្រកាស​ នៅ​ថ្ងៃ​ទី ២៧ តុលា ​នេះ។
លោក Yang Tianyue ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន ​ប្រចាំ​នៅ​កម្ពុជា បានថ្លែង​ថា មក​ដល់​ពេល​នេះ លោក​មិន​បាន​ដឹង​ ពី​ចល​នា​​កង​ទ័ព​សុវណ្ណ​ភូមិ​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ពិនិត្យ​មើល​ករណី​នេះ៕ TK



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes