លោកសូ អាកណូ កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានឧក្រិដ្ឋជនដោះលែងពីអន្ទាក់មរណៈវិញហើយ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៣ តុលា ២០១១ ហើយជាងមួយម៉ោងក្រោយមក លោកបានមកដល់ផ្ទះស្ទុះឱបប្រពន្ធកូន និងឪពុកម្តាយ ដោយសុវត្ថិភាព និងរីករាយ ដែលអាចចាត់ទុកថាជាសំណាងល្អបំផុតមួយក្នុងការរស់រានមានជីវិតជាលើកទី២ឡើងវិញ។
ការដោះលែងលោកសូ អាកណូ ឱ្យមានជិវិតឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋជនបានបើកការចរចាចុងក្រោយមួយជាមួយម្តាយលោកសូ អាកណូ យ៉ាងស្វិតស្វាញ និងម៉ឺងម៉ាត់បន្ទាប់ពីបាត់ទំនាក់ទំនងអស់រយៈពេលជិត១០ថ្ងៃ ដែលបង្កឱ្យមានការភ័យរន្ធត់ចំពោះជីវិតចុងក្រោយរបស់លោកសូ អាកណូ ថា តើស្លាប់ ឬរស់? តាមប្រភពព័ត៌មានជិតស្និទ្ធនឹងរឿងចាប់ជំរិតនេះបានឱ្យដឹងថា វេលាព្រឹកថ្ងៃទី១៣ តុលា ២០១១ ស្រាប់តែទូរស័ព្ទរបស់ម្តាយរបស់លោកសូ អាកណូ រោទិ៍ឡើង...គឺឧក្រិដ្ឋជនបានបើកការចរចាដោយទម្លាក់ប្រាក់មកនៅត្រឹម៦០ម៉ឺនដុល្លារ លោកស្រីជាម្តាយបានអង្វរថា ដើរប្រមូលប្រាក់ពីនេះពីនោះអស់ហើយបាន៤០ម៉ឺនដុល្លារប៉ុណ្ណោះ...ពួកឧក្រិដ្ឋជនក៏ផ្តាច់ទំនាក់ទំនងដើម្បីពិចារណាបន្តិចសិន។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសដែលតាមប្រមាញ់សភាពការណ៍នេះបានឱ្យដឹងថា តាមរយៈទំនាក់ទំនងនេះគឺក្រុមចោរបានធ្វើឡើងតាមប្រព័ន្ធ Online (អនឡាញ, ចោរអាចប្រើឡេបថបភ្ជាប់អុីនធើរណេត) ដើម្បីគេចពីប្រព័ន្ធរ៉ាដារបស់សមត្ថកិច្ច ពោលគឺធ្វើបែបនេះវាពិបាកឱ្យប៉ូលិសតាមប្រមាញ់ជាងការទាក់ទងតាមរយៈទូរស័ព្ទដៃ។ ទោះជាយ៉ាងណា ប៉ូលិសនៅតែដឹងថា ពួកឧក្រិដ្ឋជនកំពុងលាក់ខ្លួននៅម្តុំស្ពានថ្មផ្លូវទៅចំការដូង (ប្រហាក់ប្រហែល) ប៉ុន្តែស្តាយណាស់ពួកចោរ និងម្តាយជនរងគ្រោះនិយាយគ្នាខ្លីពេក ធ្វើឱ្យបាត់ដាន...។
ឧក្រិដ្ឋជនបង្ខំឱ្យរៀបចំប្រាក់៦០ម៉ឺនដុល្លារ ប៉ុន្តែម្តាយជនរងគ្រោះសុំឱ្យនៅត្រឹម៤០ម៉ឺនដុល្លារ ដូច្នេះការចរចាអាចថា ត្រូវរ៉ូវគ្នាពីចន្លោះ៤០ទៅ៥០ម៉ឺនដុល្លារហើយ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានរបស់សមត្ថកិច្ចប៉ុណ្ណោះ ព្រោះមិនមានប្រភពណាមួយហ៊ានអះអាងពិតប្រាកដទេ ក្រៅតែពីម្តាយជនរងគ្រោះ...ម្យ៉ាងក្រុមគ្រួសារមិនសហការជាមួយសមត្ថកិច្ចទេ ម៉្លោះហើយព័ត៌មានត្រូវទទួលបានប្រផិតប្រផើយប៉ុណ្ណោះ ។ លុះព្រលប់បន្តិចប្រព័ន្ធរ៉ាដារបស់សមត្ថកិច្ចបានបង្ហាញសញ្ញាថា ឧក្រិដ្ឋជនបានទាក់ទងម្តាយជនរងគ្រោះជាលើកទី២ ប៉ុន្តែ លើកនេះសញ្ញាតាមដានបានចង្អុលបង្ហាញថា ឧក្រិដ្ឋជនអាចកំពុងស្ថិតនៅម្តុំផ្សារថ្មី...ការនិយាយគ្នាក៏មិនមានរយៈពេលវែងដែរ ព្រោះឧក្រិដ្ឋជនខ្លាចប៉ូលិសតាមដានក៏បញ្ចប់ការសន្ទនាភ្លាមៗតែម្តង។
ប្រភពព័ត៌មានដែលស្និទ្ធនឹងសភាពការណ៍នេះបានបង្ហើបទៀតថា មកដល់វេលាម៉ោងជាង៩យប់ការចរចារវាងម្តាយលោកសូ អាកណូ និងឧក្រិដ្ឋជនបានត្រូវរ៉ូវគ្នាពីចន្លោះ៤០ទៅ៥០ម៉ឺនដុល្លារ ហើយពួកគេបានណាត់ជួបគ្នាប្រគល់លុយដោយស្ងាត់ៗ...ប៉ុន្តែមុនប្រគល់លុយ ម្តាយជនរងគ្រោះបានសុំជួបលោកសូ អាកណូ ដើម្បីនិយាយគ្នាឱ្យដឹងថា តើលោកសូ អាកណូ នៅមានជីវិត ឬក៏អត់? ភាគីខាងជនរងគ្រោះមិនសហការជាមួយសមត្ថកិច្ចទេ ព្រោះស្ថិតក្រោមសម្ពាធរបស់ឧក្រិដ្ឋជន និងខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកសូ អាកណូ ។ ភាគីទាំង២បានណាត់ជួបគ្នាប្រគល់លុយនៅម្តុំខាងក្រោយមន្ទីរពេទ្យរបេង ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន យ៉ាងស្ងៀមស្ងាត់បំផុត មិនហា៊នលេងល្បិចអ្វីទាំងអស់ គឺភាគីម្ខាងៗប្រកាន់ពាក្យសច្ចៈរៀងៗខ្លួន បើពុំដូច្នោះទេ រឿងកាន់តែធ្ងន់ធ្ងរហើយ។ ក្រោយពេលពួកឧក្រិដ្ឋជនទទួលយកលុយទៅបាត់នោះ ក្រុមគ្រួសារលោកសូ អាកណូ អង្គុយបុកពោះផឺតផតៗ រង់ចាំដំណឹងពី លោកសូ អាកណូ និងចាំមើលស្រមោលលោកសូ អាកណូ ឥតហ៊ានព្រិចភ្នែក...។ លុះជាងមួយម៉ោងក្រោយមក មានន័យថា ម៉ោងជាង១០យប់ ថ្ងៃទី២៣ តុលា ២០១១ ស្រាប់តែលោកសូ អាកណូ បានមកដល់ផ្ទះគ្រហើៗ ដោយមិនគួរឱ្យជឿ...«ពួកឧក្រិដ្ឋជនគោរពពាក្យសច្ចៈ» ។ ក្រុមគ្រួសារបានស្ទុះឱបគ្នាដោយក្តីត្រេកអរ
ឥតគណនាហើយទាញទ្វារបិទក្រឹបៗ និងរៀបចំប្រព័ន្ធសន្តិសុខភ្លាមៗ។
បើតាមដំណើររឿងចាប់ជម្រិតនេះបានបង្ហាញថា មុននេះក្រុមឧក្រិដ្ឋជនបានកំរើកសំឡេងម្តងរួចមកហើយ ដោយពួកគេបានទូរស័ព្ទមកកាន់ក្រុមគ្រួសារជនរងគ្រោះកាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ តុលា ២០១១ បង្គាប់ឱ្យរៀបចំប្រាក់១លានដុល្លារ ដដែលសម្រាប់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ហើយថា ទុកពេលឱ្យរយៈពេល៣ថ្ងៃ ប្រសិនបើពុំដូច្នោះទេ ពួកគេនឹងរកវិធីសម្លាប់ចោលមួយពូជ ដែលនេះជាការគំរាមដ៏គួរឱ្យរន្ធត់មួយ។កាលណោះ នៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទរវាងឧក្រិដ្ឋជន និងម្តាយលោកសូ អាកណូ គឺឧក្រិដ្ឋទុកពេលឱ្យចាប់ពីថ្ងៃទី១២ ដល់១៤ តុលា ២០១១ ប៉ុន្តែម្តាយលោកសូ អាកណូ បាននិយាយអង្វរឧក្រិដ្ឋជនថា សុំទុកពេលឱ្យគាត់រយៈពេល១០ថ្ងៃ ដើម្បីរិះរកមធ្យោបាយដោះស្រាយ រឿងនេះ ឱ្យបានល្អប្រសើរ ហើយអ្វីដែលសំខាន់គឺសុវត្ថិភាពកូនប្រុសរបស់គាត់។ ជាមួយការឆ្លើយឆ្លងតាមទូរស័ព្ទ ឧក្រិដ្ឋជនបានឱ្យលោកសូ អាកណូ និយាយជាមួយម្តាយរបស់គាត់ ហើយលោកសូ អាកណូ បានបន្លឺសំឡេងថា សូមឱ្យម្តាយធ្វើយ៉ាងណាលៃលកជួយរូបគាត់ផង...មិនយូរប៉ុន្មានឧក្រិដ្ឋជនក៏បញ្ឈប់ទំនាក់ទំនងរវាងម្តាយ និងកូនប្រុសនេះទៅ។
គួររំលឹកថា កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិដែលជាអាណិកជនខ្មែររស់នៅប្រទេសបារាំងត្រូវបានក្រុមជនអន្ធពាលមានគ្នា៤នាក់ប្រដាប់ដោយអាវុធវែងខ្លីជិះរថយន្តមកស្ទាក់ចាប់នៅក្បែរផ្ទះរបស់គាត់ពង្រត់យកទៅបាត់កាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ តុលា ២០១១ នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពត៌មានជំហានដំបូង ត្រូវបានគេអះអាងថា ជាករណីចាប់ជំរិតទារប្រាក់ដ៏ស្រួចស្រាល់មួយ
គួរឱ្យព្រឺខ្លាច។
បុរសរងគ្រោះឈ្មោះសូ អាកណូ អាយុ៤២ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ហើយថ្មីៗនេះទើបតែមករស់នៅក្នុងប្រទេសកម្ពុជាបានប្រហែល២ឆ្នាំប៉ុណ្ណោះ គឺស្នាក់នៅផ្ទះលេខ៨ស្ថិតនៅខាងត្បូងវិទ្យាល័យជា ស៊ីម ជ្រោយចង្វា រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ កន្លងមកធ្លាប់មានការប៉ះទង្គិចគ្នាជាមួយមនុស្សច្រើននាក់ផងដែរដោយសារការប៉ះពាចរាចរណ៍គ្នានៅតាមដងផ្លូវ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះឈ្មោះសូ អាកណូ បាន ជិះរថយន្តម៉ាកតូយ៉ូតាថៃហ្គ័រ ពាក់ស្លាកលេខភ្នំពេញ២ L-១១៧៣ ដោយមានអ្នកបើកបរជូនដំណើរម្នាក់ នាំលោកមកកាន់គេហដ្ឋាននៅកន្លែងកើតហេតុខាងលើ ស្រាប់តែមានជន៤នាក់ជិះរថយន្តឡិចស៊ីស ពណ៌ស្ករ RX ៣០០ ដេញពីក្រោយភ្លាមនោះលោកហាក់ដូចជា ដឹង ខ្លួនផងដែរ ក៏បញ្ជាឱ្យអ្នកបើកបរបើករថយន្តគេច ប៉ុន្តែទៅណាមិនរួច ក៏ត្រូវក្រុមជនអន្ធពាលស្ទាក់ជាប់ ហើយពួកគេទាំង៤នាក់នោះ បានដកកាំភ្លើងខ្លី និងវែង ភ្ជង់ចាប់ញាត់បញ្ចូលរថយន្តរបស់គេជិះរត់គេចខ្លួនទៅបាត់បន្សល់ទុកឱ្យអ្នកផងទាំងឡាយភ័យរន្ធត់។
ប្រហែលជាង២ម៉ោងក្រោយមកគឺម៉ោងជាង៩យប់ថ្ងៃដដែលពួកក្រុមជនអន្ធពាលបានទូរស័ព្ទមកកាន់ម្តាយរបស់ជនរងគ្រោះឱ្យរៀបចំប្រាក់១លានដុល្លារប្រគល់ឱ្យពួកគេដើម្បីជាថ្នូរនឹងការលែង
បុរសរងគ្រោះឱ្យមានសុវត្ថិភាពវិញ បើពុំដូច្នេះទេ ពុំធានាអាយុជីវិតរបស់ជនរងគ្រោះឡើយ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes