លោកអនុបណ្ឌិត ជិន វិបុល អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកមានប្រសាសន៍ថា មន្ទីរពេទ្យលោក បន្ទាប់ពីបានទទួលដំណឹងពីការដួលសន្លប់ភ្លាម ក៏បានបញ្ជូនរថយន្តទៅដឹកអ្នកជំងឺដល់ទីកើតហេតុ ដើម្បីជួយសង្គ្រោះបន្ទាន់។
លោកបន្តថា អ្នកជំងឺភាគច្រើនមានសភាពធ្ងន់ធ្ងរ និងត្រូវការអុកស៊ីហ្សែនសម្រាប់ជំនួយដកដង្ហើម។ ប៉ុន្តែ លោកថា មិនមានអ្នកជំងឺណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ ព្រោះពេទ្យជួយសង្គ្រោះទាន់ពេល។
ទោះយ៉ាងណា លោកគ្រូពេទ្យ មិនទាន់ឲ្យដឹងពីមូលហេតុនាំឲ្យសិស្សដួលសន្លប់មកពីអ្វីនោះទេ ដោយបញ្ជាក់ថា គ្រូពេទ្យជំនាញកំពុងពិនិត្យតាមដានរកមូលហេតុពិតប្រាកដ។
ទាក់ទងនឹងបញ្ហានេះ លោកស្រី ស៊ឹម គឹមសាយ រស់នៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកស្រីឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ម៉ុង ចាន់ឌី រៀនថ្នាក់ទី ១០ នៃវិទ្យាល័យបុសខ្នុរ ក៏បានដួលសន្លប់ដូចសិស្សដទៃទៀត ហើយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកចម្ការលើកំពុងជួយសង្គ្រោះ។
លោកស្រីបន្តថា កូនស្រីគាត់ពេលចេញពីផ្ទះមកសាលារៀន មានសុខភាពល្អទេ។ ក៏ប៉ុន្តែ មិនដឹងមូលហេតុអ្វី បានជាមកដល់សាលាមានអាការៈទន់ដៃទន់ជើង និងដួលសន្លប់ទៅវិញ។
អាណាព្យាបាលម្នាក់ទៀត ក៏បានឲ្យដឹងដែរថា កូនស្រីគាត់មិនធ្លាប់ឈឺទេពីមុនមក ហើយមុនពេលមកសាលារៀន ក៏មានសុខភាពល្អ។ ក៏ប៉ុន្តែ លោកឆ្ងល់ថា មូលហេតុអីបានជាមកដល់សាលាដួលសន្លប់បែបនេះ។
លោក ជួន ធារិទ្ធិ ជាសមាជិកក្រុមប្រឹក្សាស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលបានតាមដានករណីសិស្សដួលសន្លប់ដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា។ លោកឲ្យដឹងពីអាការៈសិស្សដួលសន្លប់មានសភាពហេវហត់ ទន់ដៃទន់ជើង និងមានក្អួតចង្អោរ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីមន្ទីរពេទ្យបង្អែកស្រុកចម្ការលើ បានអះអាងថា មកដល់រសៀលថ្ងៃចន្ទ ទី២៤ ខែតុលា មិនមានអ្នកជំងឺណាម្នាក់រងគ្រោះដល់ជីវិតទេ។ មន្ត្រីដដែលបន្តថា ករណីសិស្សវិទ្យាល័យបុសខ្នុរដួលសន្លប់នេះ ក្រុមគ្រូពេទ្យកំពុងពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់។
មិនមានប្រភពណាមួយហ៊ានអះអាងលើករណីសិស្សវិទ្យាល័យបុសខ្នុរ ខេត្តកំពង់ចាមដួលសន្លប់នេះទេ។ ក៏ប៉ុន្តែ មានយុវជនខ្លះ បានឱ្យដឹងថា ដើមហេតុនាំឲ្យសិស្សដួលសន្លប់ អាចបណ្ដាលមកពីថ្នាក់ដឹកនាំសាលា បានដាក់ពិន័យឱ្យសិស្សទាំងនោះឈរមុខដងទង់ជាតិក្រោមកម្ដៅថ្ងៃរយៈពេលយូរ ជាការពិន័យដល់សិស្ស ដែលខ្ជិលច្រអូសមិនចង់តម្រង់ជួរគោរពទង់ជាតិ។
ទោះជាយ៉ាងណាក្ដី វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកនាយកវិទ្យាល័យបុសខ្នុរ ដើម្បីបំភ្លឺជុំវិញករណីសិស្សដួលសន្លប់នេះបានទេ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ ២០១១៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes