សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ពលរដ្ឋ​បឹងកក់ គ្រោង​ដាក់​ញត្តិ និង​ហែ​ក្បួន នៅ​ថ្ងៃ​ទី​២​វិច្ឆិកា រឿង​ដី​ទំហំ ១២,៤៤ ហិកតា​

 ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ បាន​ប្រកាស​ដាក់​ញត្តិ ទៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​
​គ្រោង​នឹង​ដើរ​ដង្ហែ​ក្បួន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ វិច្ឆិកា​ខាង​មុខ ដើម្បី​អោយ​មន្ត្រី​ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ ធ្វើ​ការបញ្ជាក់​ពី​ទីតាំង​ដី​ទំហំ ១២,៤៤ ហិកតា នៅ​តំបន់​បឹងកក់ ដែល​សម្តេច​នាយករដ្ឋមន្ត្រី បាន​ផ្តល់​ប្រទានកម្ម ដល់​ប្រជាពលរដ្ឋ សម្រាប់​ការអភិវឌ្ឍ​នៅនឹងកន្លែង​។​

​ក្រុម​អ្នក​ភូមិ​បឹងកក់ ក៏បាន​លើកឡើង​ថា ការជួបជុំ​ដាក់​ញត្តិ និង​ហែ​ក្បួន​នោះ ក៏​ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី ដែល​ពាក់ព័ន្ធ អោយ​បង្ហាញ​ពី​ទីតាំង​ដី​១២.៤៤ ហិកតា អោយបាន​ច្បាស់​ជៀសវាង​កើត​មាន​បញ្ហា​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ស៊ូ​កា គូ​អ៊ី​ន ។ 
​អ្នកស្រី ទេព វ​ន្នី ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់ បានអោយដឹងថា ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​ដាក់​លិខិត​ជូនដំណឹង ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១១ ស្តីពី ការជួបជុំ​ដាក់​ញត្តិ និង​ហែ​ក្បួន ដើម្បីឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ បង្ហាញ​ទីតាំង​ដី​ទំហំ ១២,៤៤ ហិកតា អោយបាន​ច្បាស់លាស់ និង​ព្រំប្រទល់​ពី​ត្រឹមណា ទៅ​ដល់​ណា ដើម្បី​ជៀសវាង​វិវាទ​រវាង​
​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​។ 

​អ្នកស្រី​បាន​បញ្ជាក់ថា ការដើរ​ដង្ហែ​ក្បួន ក្នុង​រាជធានី​ភ្នំពេញ របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ គឺ​ដើម្បី​សុំ​អោយ​ខាង​មន្ត្រី​ដែល​ពាក់ព័ន្ថ​ទាំងអស់ និង​ជា​ពិសេស​សុំអោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូចជា​ក្រុមហ៊ុន ស៊ូ​កា គូ​អ៊ី​ន អនុវត្ត​ទៅតាម​អនុក្រឹត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ បាន​ដល់ដៃ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ និង​ដើម្បី​ជៀសវាង​ការបណ្តេញ​ជា​លើក​ទី​២​។ ការហែក្បួន នា​ថ្ងៃ​ទី​២ វិច្ឆិកា ខាងមុខ មាន​ការលើក​បដា និង​សរសេរ​ជា​ពាក្យស្លោក​នៅលើ​អាវ​ផងដែរ​។​

​ស្ត្រី​អ្នកភូមិ​បឹងកក់ បាន​បន្ថែមថា នៅ​ថ្ងៃ​ទី​២ វិច្ឆិកា​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​មកពី​តាម​
​បណ្តា​សហគមន៍​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ក៏​នឹង​យក​ញត្តិ​ទៅ​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ ដើម្បី​បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​។​

​សូម​រម្លឹកថា ជម្លោះ​ដី​នៅ​តំបន់​បឹងកក់ បាន​កើតឡើង​ដ៏​រ៉ាំរ៉ៃ ចាប់​តាំងពី​សាលា​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ជួល​ដី​បឹង​កក់​ទំហំ ១៣៣ ហិកតា ឲ្យ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ិន រយៈពេល ៩៩ ឆ្នាំ ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង​រណប​។ ប៉ុន្តែ​គម្រោង​អភិវឌ្ឍ​នោះ បាន​ធ្វើឲ្យ​ប្រជាជន​ជាង ៤.០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន​។​

​មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ជាង ១.០០០ គ្រួសារ បាន​ព្យាយាម​តស៊ូ​មតិ ដើម្បី​បាន​រស់នៅ​លើ​ដី​ផ្ទះ​របស់​ខ្លួន នៅ​បឹង​កក់ តាមរយៈ​គោលការណ៍​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ រហូតដល់​ខែ​សីហា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ចេញ​អនុក្រឹត្យ សម្រេច​កាត់​ដី​ទំហំ ១២,៤៤ ហិកតា ចេញ​ពី​គម្រោង​អភិវឌ្ឍ​បឹងកក់ ដែល​មាន​ទំហំ​សរុប ១៣៣ ហិកតា ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ ធ្វើ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​។​

​ក៏ប៉ុន្តែ​ការសម្រេច​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នៅតែ​មិន​អាច​បញ្ចប់​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន​។ ពោល​គឺ​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​បន្ត​បូម​ខ្សាច់​លុប​ផ្ទះ​ប្រជាពលរដ្ឋ និង​វាយ​កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដោយ​ក្រុមហ៊ុន និង​អាជ្ញាធរ សម្អាងថា ដី និង​ផ្ទះ​ទាំងនោះ មិន​ស្ថិត​ក្នុង​ដី​ទំហំ ១២,៤៤ ហិកតា នោះឡើយ​៕​



CEN

No comments:

Post a Comment

yes