Thursday, October 27, 2011
ប្រជាពលរដ្ឋច្រើនកុះករព័ទ្ធផ្ទះលោកមេភូមិរឿងចែកអំណោយមិនគ្រប់គ្នា
ប្រជាពលរដ្ឋប្រមាណ៦០នាក់ បានលើកគ្នាមកតវ៉ាដល់ផ្ទះលោកមេភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំងពីរឿងមិនបានទទួលអំណោយសង្គ្រោះ ដោយសារទឹកជំនន់កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ តុលា ខណៈដែលនៅក្នុងវត្តយាយទេព មានពិធីផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១.៣៤៣គ្រួសារ។
ប្រជាពលរដ្ឋទាំងនោះបាននិយាយថា អំណោយចែកលើកនេះ គឺជាលើកទី២ ហើយ ពួកគាត់ពុំដែលទទួលអំណោយម្តងណាសោះ។ ពួកគាត់បានស្តីបន្ទោសលោកមេភូមិផ្សារលើឈ្មោះឱក ច័ន្ទ ថាបក្សពួកនិយមគ្រួសារនិយម ចែកតែបងប្អូនឯង។ ហេតុការណ៍ខាងលើ គេឃើញមានប៉ូលិស ប៉េអឹម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតមកជួយទប់ស្កាត់ព្រោះខ្លាចមានអំពើហិង្សាកើតឡើង។
តំណាងអាជ្ញាធរមូលដ្ឋានបានចេញមកសម្របសម្រួលដោយបញ្ជាក់ថា ការពិតឈ្មោះពួកគាត់មានរួចអស់ហើយ គឺចំនួន៨០គ្រួសារ ប៉ុន្តែពួកគាត់ត្រូវរង់ចាំរយៈពេលខ្លី វគ្គទី៣ទៀត ដែលចែកជូនឆាប់ៗខាងមុខនេះ យ៉ាងយូរមិនដល់មួយសប្តាហ៍ទេ។ ប៉ុន្តែទោះជាខំពន្យល់យ៉ាងណា ក៏ប្រជាពលរដ្ឋទាំងនោះនៅតែមិនជឿដោយទាមទារឱ្យលោកមេភូមិធ្វើកិច្ចសន្យា ថា អំណោយពិតជាមានវគ្គទី៣មែន។ អាជ្ញាធរមូលដ្ឋាន មានថ្នាក់ឃុំ និងក្រុងខិតខំពន្យល់ហេតុផលអស់រយៈពេលយ៉ាងយូរទើបពួកគាត់យល់ព្រមត្រឡប់ទៅវិញ។ បន្តិចក្រោយមកក៏មានសកម្មជនគណៈបក្សសម រង្ស៊ី អ្នកដឹកនាំក្រុមប្រជាពលរដ្ឋទាំងនោះត្រឡប់មកវិញ ប៉ុន្តែឃើញលោកអភិបាលរងខេត្ត ស្រាប់តែគេចខ្លួនយ៉ាងប្រញាប់។
មន្ត្រីសង្កាត់ផ្សារឆ្នាំងបាននិយាយថា ប្រជាពលរដ្ឋក្នុងភូមិផ្សារលើ ដែលត្រូវទទួលអំណោយមានចំនួន៤៥៣គ្រួសារ ចែកជា២លើក លើកទី១ បាន១១៦គ្រួសារ ដូច្នេះនៅសល់៣៣៧ គ្រួសារនឹងត្រូវចែកនៅវគ្គក្រោយទៀត៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes