Friday, October 21, 2011
បារ៉ាក់ អូបាម៉ា: ការស្លាប់របស់ហ្កាតដាហ្វីគឺជាការព្រមានដល់ពួកមេដឹកនាំផ្តាច់ការ
ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានហៅការស្លាប់របស់មូអាម៉ា ហ្កាតដាហ្វីកាលពីថ្ងៃព្រហស្បតិ៍ថាជាការព្រមានមួយចំពោះពួកមេដឹកនាំផ្តាច់ការនៅទូទាំងមជ្ឈិមបូព៌ា ដោយនិយាយថា ការដឹកនាំតាមបែបកណ្តាប់ដៃដែកនេះគឺជៀសមិនផុតពីការត្រូវគេផ្តួលរំលំនោះទេ។
លោក បារ៉ាក់ អូបាម៉ា បាននិយាយនៅឯសេតវិមានថា “ ការស្លាប់របស់ហ្កាតដាហ្វីនេះគឺជាការបញ្ចប់របបផ្តាច់ការដែលបានគាបសង្កត់និងការធ្វើទុក្ខទោសប្រជាជនលីប៊ី ដែលឥឡូវនេះ ពួកគេមានឱកាសកំណត់ជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេក្នុងប្រទេសលីប៊ីដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ”។
ក្នុងពេលនោះដែរ លោក បារ៉ាក់ អូបាម៉ា ក៏បានចេញសេចក្តីព្រមានដូចគ្នានេះផងដែរដល់ប្រធានាធិបតីស៊ីរី លោក បាសា អាស្សាត និងពួកមេដឹកនាំដែលកាន់អំណាចផ្តាច់ការជាយូរមកហើយនៅមជ្ឈិមបូព៌ាដែលកំពុងវាយបង្ក្រាបចលនាប្រជាធិបតេយ្យក្នុងប្រទេសរបស់ពួកគេ។
ក្រុមមន្ត្រីអង្គការNATO បាននិយាយថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អាមេរិកបានចូលរួមការវាយប្រហារនៅប្រទេសលីប៊ីកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ អង្គការNATO មិនបានបញ្ជាក់ថា តើកងយន្តហោះអាមេរិកនិងបារាំងបានធ្វើការវាយប្រហារដែរឬយ៉ាងណាលើក្បួនរថយន្តរបស់ហ្កាតដាហ្វីដែលត្រូវបានគេជឿថា បានកំពុងដឹកហ្កាតដាហ្វីនៅជិតទីក្រុងស៊ើត(Sirte)ដែលជាស្រុកកំណើតរបស់គាត់។
សហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមអាកាសមុនគេទៅលើកងទ័ពហ្គាតដាហ្វី ប៉ុន្តែ ក្រោយមកសហរដ្ឋអាមេរិកបានប្រគល់ការដឹកនាំនេះទៅអោយអង្គការNato៕
BY:CEN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes