នៅខេត្តបន្ទាយមានជ័យក្នុងរយៈពេលតែ១ថ្ងៃមានមនុស្សស្លាប់ដោយសារលង់ទឹក ដោយឡែកពីគ្នាចំនួន៣ស្រុក គឺស្រុកព្រះនេត្រព្រះ ស្រុកមង្គលបុរី និងស្រុកថ្មពួក ។ ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ តុលា ២០១១។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត ដែលទទួលបានពីបណ្តាអធិការដ្ឋានបានឱ្យដឹងថា នៅស្រុកព្រះនេត្រព្រះមានមនុស្សស្លាប់ចំនួន២នាក់ ក្នុងនោះកុមារាអាយុ៣ឆ្នាំ ម្នាក់ឈ្មោះចម វណ្ណ នៅភូមិស្រះគោក ស្រុកព្រះនេត្រព្រះ ឃុំព្រះនេត្រព្រះ។ កត្តាដែលក្មេងប្រុសលង់ទឹក បណ្តាលមកពីការធ្វេសប្រហែសពីអាណាព្យាបាល។
ចំណែកឯនៅស្រុកព្រះនេត្រព្រះនេះដដែលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ តុលា ២០១១ ស្ត្រីម្នាក់បានលង់ទឹកស្លាប់ ហើយត្រូវបានគេប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹកខាងត្បូងភូមិ។ ស្ត្រីរងគ្រោះឈ្មោះតាន់ ម៉ាលី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិពាក់ ឃុំឈ្នួរមានជ័យ ។ ដោយនៅវេលាម៉ោង៧យប់ថ្ងៃទី២១ តុលា ស្ត្រីរូបនេះបានយកបាយទៅ ឱ្យប្តី នៅចាំផ្ទះ១ទៀត នៅក្រៅភូមិដែលលិចទឹក ពេលត្រឡប់មកវិញ ស្របពេលយប់ងងឹតផងនោះ ក៏ដើររអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកមានជំរៅ១,៦០ម៉ែត្របណ្តាលឱ្យលង់ទឹកស្លាប់លុះព្រឹកឡើងទើបរកសពឃើញ។
មួយករណីទៀត មានក្មេងស្រី២នាក់បងប្អូន ដើររកម្តាយដែលទៅស្ទូចត្រីបាត់យូរហើយបានលង់ទឹកប្រឡាយស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មបំផុត និងត្រូវបានគេប្រទះឃើញសាកសពក្មេងរងគ្រោះទាំង២នាក់នេះនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១ តុលា ចំងាយពីផ្ទះកុមារីរងគ្រោះប្រមាណជា៤០០ម៉ែត្រ ស្ថិតក្នុងភូមិប្រាសាទ ឃុំភ្នំលៀប ស្រុកមង្គលបូរី។ តាមការសន្និដ្ឋានជំហានដំបូង គឺមានម្នាក់ចុះទឹកប្រឡាយលង់ហើយម្នាក់ទៀតចុះទៅជួយ ទើបបណ្តាលឱ្យលង់ស្លាប់ទាំង២នាក់។
មានមួយករណីទៀតនៅវេលាម៉ោង១០និង ៣០នាទីថ្ងៃទី២១ តុលា ដដែលនេះមានបុរសម្នាក់បានទៅដាក់មងនៅអូចំងាយពីភូមិ១០០ម៉ែត្រ ហើយបានលង់ទឹកអូរស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ តុលាឆ្នាំ២០១១ ខណៈពេលសពអណ្តែតទឹក។ ជនរងគ្រោះឈ្មោះប្រៃយុង អាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពានឃុំគោករមៀត ស្រុកថ្មពួកបានពាក់ស្បែកជើងកវែងកាន់មងហែលកាត់អូរ។ តាមការសន្និដ្ឋានជនរងគ្រោះត្រូវមងរុំព័ទ្ធជើងហែលមិនរួច ទើបបណ្តាលឱ្យលង់ទឹកស្លាប់ តែម្តង៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes