សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

រដ្ឋាភិបាល​ចាត់​ទុក​បណ្ដឹង​​របស់​មេធាវី​លោក នួន ជា ថា​ជា​រឿង​កំប្លែង

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា បាន​ចាត់​ទុក​បណ្ដឹង​របស់​ក្រុម​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក នួន ជា ថា ជា​រឿង​កំប្លែង​មិន​បាន​ការ។

RFA/Tin Zakariya
ក្រុម​សហ​មេធាវី​បរទេស​ការពារ​ក្ដី​ឲ្យ​លោក នួន ជា បង្ហាញ​កាត​ដល់​
សន្តិសុខ​មុន​ចូល​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ
 កាល​ពី​ថ្ងៃ​២៤ ខែ​តុលា ឆ្នាំ​២០១១។

 ការ​ចំអក​របស់​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​សហ​មេធាវី​​ការពារ​ក្ដី​លោក នួន ជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​តុលា បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀត​ថា បាន​ជ្រៀតជ្រែក​ចូល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម។
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​​ទីស្ដីការ​ក្រសួង​​​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​សហ​មេធាវី​លោក នួន ជា កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​បាន​ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​ថា បាន​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ខ្មែរ​ក្រហម​នោះ​ទេ៖ «នេះ​ជា​ការ​កំប្លែង​ដែល​យើង​មិន​សម​នឹង​ឆ្លើយ​តប​នោះ​ទេ»
សហ​មេធាវី លោក នួន ជា បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ថា បាន​រំលោភ​ច្បាប់​ក្នុង​ការ​រារាំង​មិន​ឲ្យ​សាក្សី​ទៅ​បំភ្លឺ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម និង​បាន​បង្អាក់​ដំណើរការ​តុលាការ​ដើម្បី​នាំ​ជន​សង្ស័យ​មក​កាត់​ទោស​បន្ថែម។ សហ​មេធាវី​ចាត់​ទុក​ថា មន្ត្រី​ទាំង​នោះ​បាន​បង្កើត​នូវ​ផែនការ​ឧក្រិដ្ឋ​រួម​គ្នា ដើម្បី​ជ្រៀតជ្រែក​ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​ជន​ជាប់​ចោទ ដើម្បី​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។
ការ​ចោទ​ប្រកាន់​របស់​សហ​មេធាវី លោក នួន ជា មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​ចោទ​ប្រកាន់​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្ដី​ខ្មែរ​ក្រហម លោក ស៊ីកហ្រី្វដ ប៊្លុង (Siegfried Blunk) ដែល​បាន​លាលែង​ពី​តំណែង​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា។
លោក ប៊្លុង បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លាលែង​របស់​លោក​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អះអាង​ថា ប្រសិន​បើ​តុលាការ​ខ្មែរ​ក្រហម​ចង់​កាត់​ក្ដី​ករណី ០០៣ និង ០០៤ តុលាការ​ត្រូវ​តែ​ប្រមូល​អីវ៉ាន់​ហើយ​ចាកចេញ​ពី​កម្ពុជា។ ចំណែក​លោក ហោ ណាំហុង ក៏​បាន​បញ្ជាក់​ថា រឿង​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​មក​កាត់​ទោស​ជា​រឿង​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវ​កំណត់​ដោយ​កម្ពុជា។ លោក ប៊្លុង បន្ត​ថា កត្តា​ទាំង​នេះ​​ហើយ​ជា​មូលហេតុ​ដែល​លោក​មិន​អាច​ធ្វើ​ការ​ដោយ​ឯករាជ្យ និង​គ្មាន​គំនាប។ 
អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​តុលា បាន​ហាម​ឃាត់​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​និយាយ​ប៉ះពាល់​ដល់​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម ជា​ពិសេស​ករណី ០០៣ និង ០០៤ ដែល​មាន​ជន​សង្ស័យ​បន្ថែម​ចំនួន ៥​នាក់ ដែល​អាច​នឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​បន្ថែម។ 
សេចក្ដី​ថ្លែងការណ៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បញ្ជាក់​ថា មន្ត្រី​ផ្នែក​ច្បាប់ និង​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអេន (Patricia O’ Brien) បាន​ប្រាប់​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហាម​ឃាត់​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ប៉ះពាល់​ដល់​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម ជា​ពិសេស ០០៣ និង ០០៤ និង​ដំណើរ​ការ​យុត្តិធម៌​ផ្សេងៗ​ទៀត។ អ្នកស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​តួនាទី​សហការ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម សម្រាប់​ដំណើរ​ការ​កាត់​ទោស​ជន​សង្ស័យ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes