សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

រដ្ឋាភិបាល​បដិសេធ​សំណើ​សុំ​សើរើ​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

 សាធារណៈ​មតិ​មួយ​ចំនួន​កំពុង​មើល​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​មាន​ការ​ខ្វែង​មតិ​គ្នា​យ៉ាង​ខ្លាំង ជុំវិញ​សមិទ្ធផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក។

RFA/Sok Serey
២៦-តុលា-២០១១៖ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី 
និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស
 លោក កែវ រ៉េមី ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

 រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​សំណើ​របស់​សមាគម និង​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ពេញលេញ ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​អនុវត្ត និង​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ​យ៉ាង​ពេញលេញ និង​ល្អ​ប្រសើរ​ហើយ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១១ បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​នៃ​សន្និសីទ​អន្តរជាតិ​សំខាន់​មួយ​រយៈពេល ២​ថ្ងៃ របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​សមាគម​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ។
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ថា រដ្ឋាភិបាល​មិន​ចាំបាច់​សើរើ​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​បាន​អនុវត្ត​បាន​ពេញលេញ​រួច​ហើយ និង​បាន​អនុវត្ត​លើស​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ទៅ​ទៀត។
«សេរីភាព​នៃ​សារព័ត៍មាន កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ឈាន​មុខ​នៅ​ក្នុង​អាស៊ី ហើយ​ទាក់ទង​សេរីភាព​ក្នុង​ផ្នែក​សេដ្ឋកិច្ច ក៏​នៅ​ជា​ប្រទេស​មួយ​រត់​មុខ​នៅ​ក្នុង​អាស៊ី​យើង​ហ្នឹង​ដែរ។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​សម្ដែង​មតិ គាត់​ជេរ​គាត់​ប្រទេចផ្ដាសា មិន​មែន​តែ​រិះគន់​ធម្មតា​នោះ​ទេ ។ រិះគន់​ជេរ​ប្រមាថ​ដល់​ថ្នាក់​ដឹកនាំ​ជា​លក្ខណៈ​បុគ្គល​ហ្នឹង គឺ​ថា ហួសហេតុ។ វា​លែង​ជា​សីលធម៌​ជា​មនុស្ស ដូច​សត្វ​តិរច្ឆាន​អ៊ីចឹង»
លោក កែវ រ៉េមី បាន​បញ្ជាក់​ថា សមិទ្ធផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​មក​ដល់​ពេល​នេះ មាន​ដូច​ជា ទី​១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង និង​បាន​បង្រួបបង្រួម​ជាតិ​ដោយ​នយោបាយ ឈ្នះៗ ដែល​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ (UNTAC) បាន​បរាជ័យ។ ទី​២ មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ពហុ​បក្ស​កន្លង​មក​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្ដង។ ទី​៣ មាន​ការ​សម្ដែង​មតិ​ដោយ​សេរី និង​ទូលំទូលាយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នានា ដើម្បី​ការពារ​ព្រំដែន​ខាង​កើត​ជាមួយ​វៀតណាម និង​ព្រំដែន​ខាង​លិច​ជាមួយ​ថៃ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ចង់​ឃើញ​អង្គភាព​ប្រតិកម្ម​រហ័ស​នេះ​រង់ចាំ​តែ​បក​ស្រាយ​ដើម្បី​បិទបាំង​ភាព​អវិជ្ជមាន​នោះ​ទេ ពីព្រោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កន្លង​មក គឺ​បាន​កើត​ឡើង​ជាក់ស្ដែង ហើយ​គេ​បាន​ឃើញ​នឹង​ភ្នែក៖ «យើង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល រួម​កម្លាំង​គ្នា គំនិត​គ្នា នៅ​ក្នុង​ការ​ស្តា​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ គឺ​ស្ថានការណ៍​សិទ្ធិ​មនុស្ស ស្ថានការណ៍​នៃ​តុលាការ​មិន​ឯករាជ្យ ហើយ​និង​បូរណភាព​ទឹក​ដី»
ចំណែក​ឯ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ  (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កន្លង​មក​នៅ​ខ្វះ​ចន្លោះ​មួយ​ចំនួន ដូចជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​កំពុង​តែ​រួម​តូច​ចង្អៀត៖«ប្រជាពលរដ្ឋ​មួយ​ចំនួន ឬ​ក៏​អ្នក​កាសែត​មួយ​ចំនួន​ដែល​គាត់​បាន​បំពេញ គេ​ហៅ​ថា វិជ្ជាជីវៈ​នៃ​ក្រមសីលធម៌​ហើយ ក៏​នៅ​តែ​មាន​ការ​ចោទ​ប្រកាន់​អំពី​បទ​បរិហារ​កេរ្តិ៍ ឬ​ក៏​ផ្សាយ​ព័ត៌មាន​មិន​ពិត​កន្លង​មក​នេះ​ផង​ដែរ»
សន្និសីទ​អន្តរជាតិ ២​ថ្ងៃ​របស់​សមាគម​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ បាន​ប្រកាស​លទ្ធផល និង​ដាក់​ញត្តិ​ទៅ​សភា​សហរដ្ឋអាមេរិក ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​កម្ពុជា នៅ​សហរដ្ឋ​អាមេរិក សុំ​ឲ្យ​សើរើ និង​ដោះស្រាយ​បញ្ហា​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា។ ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ធានា​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ធានា​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត  (គជប) ត្រូវ​តែ​ជា​ស្ថាប័ន​មួយ​ឯករាជ្យ​ពិត​ប្រាកដ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes