Thursday, October 20, 2011
លោកស្រី មួរ សុខហួ ស្នើអោយក្រសួងការងារពិនិត្យឡើងវិញនៅសារាចរណែនាំរបស់រាជរដ្ឋាភិបាល
ថ្លែងក្នុងសន្និសីទកាសែតមួយនៅឯវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១នេះ លោកស្រី មួរ សុខហួ អ្នកតំណាងរាស្រ្តមណ្ឌខេត្តកំពត របស់គណបក្ស សម រង្ស៊ី បានស្នើអោយក្រសួងការងារពិនិត្យនូវសារាចរ របស់រាជរដ្ឋាភិបាលឡើងវិញ ស្តីពី ការផ្អាកការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករជាស្ត្រីជំនួយការមេផ្ទះទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
ដោយឃើញថា នៅមានក្រុមហ៊ុនមួយចំនួននៅតែបន្តធ្វើការជ្រើសរើស និងនាំពលករចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក្រោយពេលដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវសារាចរអោយធ្វើការផ្អាកជាបណ្តោះអាសន្ន។ លោកស្រី មួរ សុខហួរ បានចោទប្រកាន់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា មិនបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ក្នុងការស៊ើបអង្កេត និងការត្រួតពិនិត្យលើសកម្មភាពរបស់ភ្នាក់ងារជ្រើសរើសទាំងនេះ ជាហេតុនំាអោយក្រុមហ៊ុនទំាងនេះធ្វើសកម្មភាពផ្ទុយនឹងច្បាប់។
ជាក់ស្តែងនោះ នៅព្រឹកមិញនេះ សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសនៃអធិការខណ្ឌឫស្សីកែវ និងព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ បានចូលឆែកឆេរនៅទីតាំងក្រុមហ៊ុន SKMM អ៊ីនវេសមេនក្រុប ចំនួន២សាខា គឺសាខា CTN និងសាខាឬស្សីកែវ ដែលជាក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយបានរកឃើញពលករដែលបម្រុងនាំទៅធ្វើការនៅម៉ាឡេស៊ីចំនួន៧៩នាក់ ក្នុងនោះសង្ស័យជាអនីតិជន២៧នាក់ ត្រូវបានយកទៅសួរនាំនៅនាយកដ្ឋានជួញដូរមនុស្សក្រៅពីនេះសុទ្ធតែ អះអាងថាចង់ត្រលប់មកផ្ទះវិញទាំងអស់អស់។
សូមបញ្ជាក់ថា បន្ទាប់ពីការធ្វើសន្និសីទចប់នៅព្រឹកមិញនេះលោកស្រី មួរ សុខហួ បានធ្វើដំណើរទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់របស់ក្រុមហ៊ុននេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes