សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

សាលក្រម​សំណុំ​រឿង សម រង្ស៊ី និង ហោ ណាំហុង បន្ត​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃទី​១៣ តុលា


 មន្រ្តី​សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា សាលក្រម​លើ​បណ្តឹង​ទាស់​របស់​លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី​០៥ ខែ​តុលា​នេះ ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃទី​១៣ ខែ​តុលា​វិញ ដោយ​សារ​តែ​ចៅក្រម​ជាប់​រវល់។


 កាល​ពី​ថ្ងៃទី​២២ ខែ​កញ្ញា សាលាដំបូង​ក្រុង​ភ្នំពេញ​ដែល​មាន​លោក សេង នាង ជា​ចៅក្រម បាន​បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោក​ជា​មេគុក​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​សាលក្រម​ត្រូវ​ចៅក្រម​សម្រេច​ថា នឹង​ប្រកាស​នៅ​ថ្ងៃ​ទី០៥ ខែ​តុលា​នេះ។


 ចំពោះ​សំណុំ​រឿង​នេះ សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១១ បាន​ប្រកាស​ម្តង​រួច​ហើយ ដោយ​ផ្តន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល ក្នុង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ចំពោះ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ឯ​វាល​ពិឃាត​បឹង​ជើង​ឯក​កាល​ពី​ឆ្នាំ​២០០៨​ថា រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​បច្ចុប្បន្ន គឺ​ជា​អតីត​មេគុក​បឹងត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។


 ស្រប​គ្នា​នេះ ក្រោយ​ការ​សម្រេច​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ ខែ​មេសា តុលាការ​កំពូល​របស់​ប្រទេស​បារាំង​ក៏​បាន​សម្រេច​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ ដោយ​ឲ្យ​លោក សម រង្ស៊ី ឈ្នះ​ក្តី​លោក ហោ ណាំហុង។

យោង​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​បារាំង​នេះ មេធាវី​លោក សម រង្ស៊ី គឺ​លោក ជូ ជូងី បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទាស់​ចំពោះ​សាលាក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ ដោយ​ហៅ​ការ​កាត់​ទោស​លោក សម រង្ស៊ី ថា ជា​ការ​រំលោភ​លើ​គោល​ការណ៍​សកល៕



ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes